ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ ក្រសួងការបរទេសបានប្រកាសថា រដ្ឋមន្ត្រីការបរទេស និង​ សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ព្រមទាំង​ថ្លែងការណ៍​នៅក្នុង​សន្និសីទ​ពាក់កណ្ដាល​អាណត្តិ​រដ្ឋមន្ត្រី​ការបរទេស នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ (NAM) ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១៣-១៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីក្រុង​បា​គូ សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ការអញ្ជើញ​របស់​លោក Jeyhun Bayramov រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ក្រោម​មូលបទ «​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​កិច្ចខិតខំ ប្រឹងប្រែង ពហុភាគី ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល​» សន្និសីទ​តាម​ប្រព័ន្ធ​វីដេអូ​នេះ នឹង​ផ្តល់ឱកាស ដល់​រដ្ឋ​សមាជិក​NAM​ពិនិត្យមើល​វឌ្ឍនភាព​ដែល​សម្រេចបាន​លើ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​របៀបវារៈ​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បា​គូ ឆ្នាំ​២០១៩ ក៏ដូចជា​ធ្វើការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​តួនាទី​របស់ NAM ក្នុងការ​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​បញ្ហា​ប្រឈម​នានា ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។​

​ប្រភព​ដដែល​បន្តថា សេចក្តីថ្លែងការណ៍​រប​ស់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ផ្តោតលើ​មធ្យោបាយ និង​របៀប ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល​នានា​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​ពហុភាគី ពង្រឹង​គុណ​តម្លៃ​នៃ​ពហុភាគី​និយម​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ សម្រេច បានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​សម្រាប់​មនុស្សជាតិ​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​និង​ជំហរ​របស់​កម្ពុជា​ចំពោះ​ពហុភាគី​និយម​សម្រាប់​សន្តិភាព​៕សរន