​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​យុវជន​មួយក្រុម មាន​គ្នា ៣ ទៅ ៤ នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិត ដេញ​កាប់ តាំងពី​ក្រោម​ដី រហូត​រត់ឡើង​លើផ្ទះ ប្រជាពលរដ្ឋ​ជាន់​ទី​២ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ស្ទើរ​ស្លាប់ ស្ទើរ​រស់ ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង ១០ និង​២០ នាទី​យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​ស្ថិតនៅតាម បណ្តោយ ផ្លូវ​លេខ​១៩ ទល់មុខ​នឹង​វត្ត សារ​វ័​ន្ត​តេ​ជោ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ខាងលើ នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយក៏​ពុំ​ត្រូវបាន អ្នក​តំបន់​នោះ ស្គាល់​ដែរ គ្រាន់តែ​ដឹងថា មាន​វ័យ​ប្រមាណ​ជាង ៣០ ឆ្នាំ​។ ចំណែក ក្រុម​ជនសង្ស័យ ក៏​ពុំ​ត្រូវបាន ស្គាល់​ដូចគ្នា ព្រោះ​ក្រោយ​ការបង្ក​ហេតុ ពួកគេ​បាន​រត់ គេចចេញ ពី​កន្លែងកើតហេតុ​អស់​តែម្តង​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មនុស្ស មួយក្រុម មាន​គ្នា​ប្រមាណ ៣ ទៅ ៤ នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិត បាន​រត់​ដោយ​ថ្មើរជើង ដេញ​កាប់​យុវជន​ម្នាក់ តាមផ្លូវ​លេខ​១៩ រហូតដល់ ចំណុច មុខ​វត្ត​សារ​វ័​ន្ត​តេ​ជោ ជនរងគ្រោះ បាន​រត់ឡើង ទៅលើផ្ទះ​ពលរដ្ឋ មួយកន្លែង នៅ​ទល់មុខ​វត្ត ដើម្បី​គេចខ្លួន ពី​ការ​តាម​កាប់ ប៉ុន្តែ​ក្រុម​ជនសង្ស័យ បាន​រត់ឡើង ទៅតាម ដល់​ជាន់​ទី​២ ហើយ​ធ្វើ​សកម្មភាព កាប់​ប្រហារ យ៉ាង​សន្ធាប់ ទៅលើ​ជន រងគ្រោះ បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់ធ្ងរ ស្ទើរ​សុសសាច់ ដេក​សន្លប់ ក្នុង​ថ្លុកឈាម គួរ​សង្វេគ ។ ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព កាប់​ប្រហារ​រួចមក ក្រុម​ជនសង្ស័យ បាន​រត់​គេចចេញ ពី​កន្លែងកើតហេតុ បាត់ស្រមោល​សូន្យ​តែម្តង​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ ដល់ទី​តាំង​ខាងលើ និង​បាន​ទំនាក់ទំនង ទៅកាន់​រថយន្ត​សាមុយ ដើម្បី​ដឹក​ជនរងគ្រោះ យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ ចំណែកឯ​ក្រុម​ជនសង្ស័យ ដែល​ធ្វើ​សកម្មភាព កាប់​ប្រហារ​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ជំនាញ ក្នុងការ​តាម​ចាប់ខ្លួន យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់ នៅពេល​ក្រោយ ។ សូមបញ្ជាក់ថា ករណី​ជម្លោះ ឈានទៅដល់​ការ កាប់​ប្រហារ​នេះ នៅ​ពុំទាន់​បញ្ជាក់ ពី​សមត្ថកិច្ច​ថា ជា​ករណី​អ្វី​នៅឡើយ​៕/V​-PC