ដោយៈ បូកគោ / កំ​ពតៈ ការផ្តល់​វ៉ាក់សាំង នៅ​ខេត្តកំពត សម្រាប់​ដំណាក់កាល​ទី​២ បានចាប់ផ្តើម នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ជំហាន​ដំបូង ចាក់​ជូន​ពលរដ្ឋ ក្នុង​ក្រុង​កំពត ក្រុង​បូកគោ អ្នករស់នៅ​ទីប្រជុំជន នៃ​ស្រុក​ទឹកឈូ ស្រុក​ជុំ​គិរី និង​ស្រុក​កំពង់ត្រាច ។ ដំណើរការ នៅ​ថ្ងៃ​ដំបូង បាន​ប្រព្រឹត្តទៅ ក្នុង​សភាព​ល្អប្រសើរ ស្របតាម​ការរៀបចំ របស់​អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ ទោះ​បរិមាណ​ពលរដ្ឋ មាន​ចំនួន​ច្រើនក្តី​។​

​លោកស្រី ចាន់ កញ្ញា អភិបាលរងក្រុង​កំពត ដែល​ចុះ​រៀបចំ នៅ​មណ្ឌល​ផ្តល់​វ៉ាក់សាំង សាលាបឋមសិក្សា ហ៊ុន សែន ១​មករា ក្នុង​សង្កាត់​អណ្តូង​ខ្មែរ បានបញ្ជាក់​ថាៈ ការរៀបចំ​ផ្តល់​វ៉ាក់សាំង សម្រាប់​ក្រុង​កំពត ដំណើរការ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ដោយ​សង្កាត់​អណ្តូង​ខ្មែរ ចាប់ផ្តើម​មុនគេ​។ ជាការ​កត់សម្គាល់ នា​ថ្ងៃ​ដំបូង​នេះ មាន​ព្រះសង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ បាន​និមន្ត និង​អញ្ជើញ​មក​ចូលរួម ទទួល​វ៉ាក់សាំង ក្នុង​ទឹកមុខ​សប្បាយរីករាយ​។​

​លោកស្រី អភិបាលរងក្រុង បាន​បន្តថាៈ ក្នុង​ថ្ងៃ​ដំបូង ទោះបី​អ្នក​មក​ទទួល​វ៉ាក់សាំង មាន​បរិមាណ​ច្រើន សន្ធឹកសន្ធាប់​ក្តី តែ​ដំណើរការ បាន​ប្រព្រឹត្តទៅ យ៉ាង​ល្អប្រសើរ​។ សង្ឃឹមថា ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​២៧ ខែកក្កដា ការចាក់​វ៉ាក់សាំង ម្ជុល​ទី​១ ជូន​ពលរដ្ឋ ទាំង​៥​សង្កាត់ នៃ​ក្រុង​កំពត ចំនួន ២៤.៤៥៧ នាក់ នឹង​សម្រេច​រួចរាល់​ដោយ​គ្មាន រាំងស្ទះ​ឡើយ​។​

​លោក ញា ប៉ុន​ថន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថាៈ ការផ្តល់​វ៉ាក់សាំង ជំ​ហា​ទី​ពីរ សម្រាប់​ខេត្តកំពត ប្រព្រឹត្តទៅ​នៅ​ទីតាំង​ចំនួន​៦​។ ក្នុងនោះ រួមមាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត សាលាបឋមសិក្សា ហ៊ុន សែន ១​មករា មន្ទីរពេទ្យ អនុស្សាវរីយ៍ ស៊ុន​យ៉ា​ឃៀ​ល មណ្ឌល​សុខភាព ត្រពាំងរ​ពៅ មណ្ឌល សុខភាព​ត្រពាំង​សង្កែ មន្ទីរពេទ្យបង្អែក ស្រុក​កំពង់ត្រាច មណ្ឌល​សុខភាព ត្រពាំង​រាំង ស្រុក​ជុំ​គិរី​។ ដោយឡែក វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ត្រូវ​ចាក់​ជូន​លើក​នេះ មាន​ពីរ​ប្រភេទ គឺ​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម សរុប​ចំនួន ១៣៥.៨៥២ ដូ​ស​៕/V​-PC