​ដោយៈ​សុផល / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ លោក ឈៀង ពេជ្រ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ភស្តុភា​រកម្ម និង​ជា​ប្រធាន​ឧ​ត្ត​ម​មន្ត្រី ដឹកជញ្ជូន​កម្ពុជា (STOM) បាន​អញ្ជើញ​ធ្វើជា សហប្រធាន​ជាមួយ​សម​ភាគី​ជប៉ុន ដឹកនាំ​សន្និសីទ​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន អាស៊ាន​-​ជប៉ុន លើក​ទី​១៩ (19th ASEAN-Japan Senior Transport Officials Meeting [STOM] Leaders Conference) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន (STOM Leaders) របស់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ថ្នាក់ដឹកនាំ ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន របស់​ជប៉ុន និង​លេខាធិការដ្ឋាន​អាស៊ាន​។​

​ដោយឡែក អ្នកចូលរួម​ពី​ប្រ​ទស​កម្ពុជា រួមមាន​៖ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ក្រោម​ឱវាទ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋលេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល​កម្ពុជា​។​

​សន្និសីទ​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន អាស៊ាន​-​ជប៉ុន លើក​ទី​១៩ គឺជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​ស្នើឡើង ដោយ​ភាគី
​ជប៉ុន ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​៖
(១) ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព នៃ​ភាពជា​ដៃគូ ក្នុង​វិស័យ​ដឹកជញ្ជូន រវាង​អាស៊ាន​-​ជប៉ុន AJTP (ASEAN-Japan Transport Partnership Work Plan 2020-2021) និង​
(២) ការលើក​ទិសដៅ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ក្នុង​ឆមាស ទី​២ ឆ្នាំ​២០២១ និង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ហើយ​ផែនការ​សកម្មភាព​ទាំងនេះ នឹងដាក់​ឆ្លង​សុំ​ការអនុម័ត ជា​ផ្លូវការ ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដឹកជញ្ជូន​អាស៊ាន​លើក​ទី​១៩ (19th ATM-Japan) ដែល​ប្រទេស​កម្ពុជា ធ្វើជា​ប្រធាន នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ​។​

​សន្និសីទ បាន​ពិនិត្យ​ទៅលើ​ការងារ សំខាន់ៗ ចំនួន ៣ ដែល​បាន​ស្នើឡើង ដោយ​ប្រទេស​ជប៉ុន គឺ​៖
(១) របាយការណ៍​ទស្សនទាន ដែល​បញ្ជាក់​អំពី ដំណោះស្រាយ​តាម​វិធីសាស្ត្រ​ព័ត៌មានវិទ្យា ដើម្បី​គ្រប់គ្រង យានយន្ត​លើស​ទម្ងន់ (the Report under Proof of Concept on ICT Solution for Overloaded Vehicle Control) ។​
(២) គោលការណ៍​ណែនាំ ស្តីពី​ការចេញ​នូវ​វិញ្ញាបនបត្រ​សវនកម្ម សម្រាប់​ខ្សែ​ច្រវាក់ ភស្តុភារ​កម្ម​ត្រជាក់ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​-​ជប៉ុន (ASEAN-Japan Guidelines of Certifications Audits for Cold Chain Logistics), និង
(៣)​ការប្រើប្រាស់​ទិន្នន័យ​ធំ​សម្រាប់​កែលម្អ​នូវ​ការ​បន្លាស់​ទី (Utilization of Big Data to Improve Mobility)​។​

​ក្រោយពី​បាន​ពិនិត្យ​ពិភាក្សាគ្នា យ៉ាង​លម្អិត ក្នុងន័យ​ស្ថាបនា និង​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ដោយ​យល់ឃើញថា ការងារ​សំខាន់ៗ ទាំង ៣ ខាងលើនេះ នឹង​រួមចំណែក ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង និង​បង្កើន​ប្រសិទ្ធភាព ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ។

​អង្គ​សន្និសីទ បាន​ឯកភាព ជាគោលការណ៍ ឱ្យមាន​ការសិក្សា គ្រប់​ជ្រុងជ្រោយ បន្ថែមទៀត លើ​ការងារ​ធំៗ ទាំង ៣ ខាងលើ ហើយ​លទ្ធផល នៃ​ការសិក្សា​នេះ នឹងត្រូវ​ដាក់​ឆ្លង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ដឹកជញ្ជូន អាស៊ាន​-​ជប៉ុន លើក​ទី​២០ និង​កិច្ចប្រជុំ​ថ្នាក់ រដ្ឋមន្ត្រី​ដឹកជញ្ជូន អាស៊ាន​លើក​ទី​១៩ ដែល​កម្ពុជា​ធ្វើជា​ប្រធាន ទាំងពីរ​កិច្ចប្រជុំ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ​៕/V​