ដោយ: ម៉េងឆៃ / ភ្នំពេញ: ក្រសួងបរិស្ថាន បានប្រកាសថា សំណល់ថ្មពិល ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសំណល់នេះ មានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម្ញ៉ូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬបោះចោលសំណល់ថ្មពិល មិនបានត្រឹមត្រូវ នឹងបង្កអោយមានការសាយភាយសារគ្រោះថ្នាក់ ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស។
ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្ស ត្រូវបានក្រសួងបរិស្ថាន ប្រកាសថា មានដូចជា ១.បង្កឱ្យខូចតម្រង់នោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង ,២.បង្កឱ្យខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ ,៣.បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា ,៤.បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី (៥)បង្កវិរូបកាយទារក ដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃ។
ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់សំណល់ថ្មពិល ក្រសួងបរិស្ថាន បាន និងកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិល នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុង បាក់ទូក, បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធី វត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។
ក្រសួងបរិស្ថាន ក៏បានប្រកាសថា នឹងបន្តដាក់ធុងសំណល់ថ្មពិល នៅតាមទីតាំងផ្សេងទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងយកសំណល់ថ្មពិល មកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិល លាយលំជាមួយសំណល់ធម្មតា ប្រមូលសំណល់ថ្មពិល យកមកទុកដាក់អោយបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បានប្រកាស ថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួម ក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល។ ក្រសួងបរិស្ថាន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ។
កន្លងមក ដោយមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ប្រជាពលរដ្ឋយើងដោយច្រើន ហាក់មិនបានដឹង មិនបានលឺទាល់តែសោះឡើយ ពីផលប៉ះពាល់ចេញពីកាកសំណល់ថ្មពិល។ ដូច្នេះ ចាប់ពីពេលនេះ តទៅ ទាមទារឲ្យប្រជាពលរដ្ឋយើង ពិសេសអ្នកប្រើប្រាស់ថ្មពិលគ្រប់រូប ចូលរួមទុកដាក់ថ្មពិល ដាច់ដោយឡែកពីកាកសំណល់ និងសម្រាមដទៃទៀត។
ក្រៅពីការញែកសំរាម ចេញពីថ្មពិលហើយនោះ ក្រសួងបរិស្ថាន សូមបន្តផែនការរបស់ខ្លួន ដោយសហការជាមួយស្ថាប័នរដ្ឋឯកជន ពិសេសក្រុមហ៊ុនប្រមូលសំរាម មិនថា នៅភ្នំពេញ ឬតាមទីប្រជុំ បណ្តាខេត្តស្រុកក្រុងខណ្ឌនានានោះទេ គឺភ្នាក់ងារអ្នកប្រមូលសំរាម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន ផ្សព្វផ្សាយពីគ្រោះថ្នាក់នៃថ្មពិល ហើយណែនាំដល់ប្រជាពលរដ្ឋឲ្យទុកដាក់ថ្មពិល ដាច់ដោយឡែកជាពិសេស ចេញពីកាកសំណល់ សំរាមដទៃទៀត។
ភ្នាក់ងារប្រមូលសំរាម ក៏គួរតែទុកដាក់កាកសំណល់ថ្មពិល ដែលប្រមូលយកពីតាមផ្ទះ ក្រសួងមន្ទីរ ក្រុមហ៊ុន ហើយនាំយកទៅទីលានចាក់សំរាម ឬទីស្នាក់ការក្រុមហ៊ុនប្រមូលសំរាម ទុកសម្រាប់ជាពិសេសដល់ក្រសួងបរិស្ថាន យកទៅចាត់ចែងតាមបច្ចេកទេស។
ក្រសួងបរិស្ថាន ក៏គួរតែអនុវត្តផែនការរបស់ខ្លួន ពង្រីកការអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃថ្មពិល ហើយដាក់បពង្រាយធុងសម្រាប់ដាក់ថ្មពិលចាស់ៗ ឲ្យបានច្រើន មិនដល់ថ្នាក់ថា ដាក់តាមមុខផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះទេ តែដាក់ធុងសម្រាមពិសេសសម្រាប់ថ្មពិលនេះ នៅតាមក្រុមហ៊ុនអេឡិចត្រូនិក សោតទស្សន៍ ស្ថានីយវិទ្យុទូរទស្សន៍ ឬក៏ក្រសួងមន្ទីរណាណា ដែលប្រើប្រាស់ថ្មពិលច្រើន ជាដើម។
ជាសរុបទៅ នៅពេលក្រសួងបរិស្ថាន ផ្សព្វផ្សាយពីគ្រោះថ្នាក់នៃកាកសំណល់ថ្មពិល និងរៀបចំធុងសម្រាប់ដាក់កាកសំណល់ថ្មពិល ដោយដាក់ពង្រាយច្រើនហើយនោះ គឺប្រជាពលរដ្ឋយើង ពិសេសអ្នកប្រើប្រាស់ថ្មពិល ត្រូវតែទុកដាក់ថ្មពិលចាស់ៗ ដាច់ដោយឡែកពីកាកសំណល់សំរាមដទៃទៀត ហើយស្វែងរកធុងសំរាមពិសេសរបស់ក្រសួងបរិស្ថាន ដើម្បីទុកដាក់ថ្មពិល ដែលចាស់ខូចអស់ថ្មទាំងនោះ។
ចូរកុំភ្លេចថា បើសិនជាយើង មិនគិតគូរទុកដាក់ថ្មពិល ដែលបង្កគ្រោះថ្នាក់ដល់ទាំងបរិស្ថាន និងទាំងសុខភាពយើងទេនោះ គឺគ្មាននរណាក្រៅពីយើងនេះឯងហើយ ដែលត្រូវរងគ្រោះថ្នាក់អស់ទាំងនេះ៕សរន