ដោយៈ សុផល / ភ្នំពេញៈ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់ នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ បានចុះត្រួតពិនិត្យ និងឃាត់យានយន្ត ដឹកលើសទម្ងន់ កម្រិតកំណត់ ចំនួន ២០ គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងខេត្តកំពង់ស្ពឺ ក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១២ និង ១៣ ខែកក្កដា ឆ្នាំ២០២១។
ចំពោះប្រតិបត្តិការ នៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារ បានត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន ចំនួន ១៣ គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៥តោន ដល់ ២៨តោន ចំនួន ៧គ្រឿង ក្នុងនោះយានយន្តចំនួន ៣ គ្រឿង ដែលលើសចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។
ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារ បានត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូន ចំនួន ៧ គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ ចាប់ពី ១០ តោន ដល់ ២២ តោន ទាំង ៧ គ្រឿង ដែលលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។
ក្នុងប្រតិបត្តិការចុងក្រោយ លើផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមការងារ បានត្រួតពិនិត្យយានយន្តដឹកជញ្ជូន ចំនួន ៦ គ្រឿង ដោយដឹកលើសទម្ងន់ កម្រិតកំណត់ ចាប់ពី ១៥ តោន ដល់ ២០ តោន ចំនួន ៦ គ្រឿង ក្នុងនោះយានយន្ត ចំនួន ៤ គ្រឿង ដែលដឹកលើសទម្ងន់ ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវឃាត់ទុក ១ឆ្នាំ។
យោងតាមទិន្នន័យខាងលើ យានយន្តចំនួន ២០ គ្រឿង ត្រូវបានពិន័យ ក្នុងនោះ យានយន្ត ចំនួន ១៤ គ្រឿង ត្រូវឃាត់ទុកចំនួន ១ ឆ្នាំ ដោយអនុលោមតាមច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរំលឹកជូនដល់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរ រថយន្តធុនធ្ងន់ ទាំងអស់ ជាថ្មីម្តងទៀតថាៈ ក្រសួង នឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹង ខាងលើ យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មាន ការលើកលែងឡើយ៕/V-PC