ប្រែសម្រួល : កញ្ញាដាលីស ៖ ហាងលក់ទំនិញនិងឃ្លាំងនៅអាហ្វ្រិកខាងត្បូងបានរងការវាយប្រហារដោយការឆក់ប្លន់កាលពីថ្ងៃអង្គារទី១៣កក្កដា ដល់ថ្ងៃទី ៥ ជាប់គ្នាត្បិតមានចំណាត់ការពីសំណាក់ប្រធានាធិបតី ស៊ីរីល រ៉ាម៉ាហ្វូសា ដើម្បីដាក់ពង្រាយកងទ័ពក្នុងបំណងបង្ក្រាបភាពវឹកវរ ដែលបានឆក់យកជីវិតមនុស្ស ៧២ នាក់។
ខណៈការលួចឆក់ប្លន់ទ្រង់ទ្រាយធំបានផ្ទុះឡើងនៅក្នុងទីក្រុងសេដ្ឋកិច្ច ចូហានណេស្បឺក និងខេត្តក្វាហ្ស៊ូលូណាតាល់ភាគអាគ្នេយ៍ វិបត្តិនេះបានផ្ទុះចូលដល់ក្នុងឆាកនយោបាយទីដែលបក្សប្រឆាំងដ៏ធំរបស់អាហ្វ្រិកខាងត្បូងបានចោទប្រកាន់ពួកជ្រុលនិយមចំពោះការបង្កភាពវឹកវរនេះ។
កងកម្លាំងប្រដាប់អាវុធបានបញ្ជូនទាហានចំនួន ២.៥០០ នាក់ទៅជួយប៉ូលិស ដែលបាក់ស្បាតនឹងចលាចលមួយនេះ។
ប៉ុន្តែចំនួនទាហានទាំងនេះនៅតែជាចំនួនតិចតួច ព្រោះកងទ័ពជាង ៧ ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីអនុវត្តការទប់ស្កាត់វីរុសកូរ៉ូណាកាលពីឆ្នាំមុនហើយមានតែទាហានមួយចំនួនតូចប៉ុណ្ណោះឃើញនៅតាមមជ្ឈមណ្ឌលផ្សារទំនើបមួយចំនួន។
ភាពវឹកវរដ៏ខ្លាំងនេះបានផ្ទុះឡើងដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីអតីតប្រធានាធិបតីលោកយ៉ាកូប ហ្ស៊ូម៉ាបានចាប់ផ្តើមជាប់ពន្ធនាគាររយៈពេល ១៥ ខែពីបទមិនស្តាប់តាមបញ្ជាតុលាការ បន្ទាប់ពីជំទាស់មិនព្រមសហការលើការស៊ើបអង្កេតអំពើពុករលួយ ដែលញាំញីការកាន់អំណាចរយៈពេល ៩ ឆ្នាំរបស់លោក។
គិតត្រឹមចុងសប្តាហ៍កន្លងមកនេះ អំពើហិង្សាបានចាប់ផ្តើមរាលដាលដល់ខេត្តហ្គោថេង។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារទី១៣កក្កដាថា “ចំនួនប្រជាជនសរុបដែលបានបាត់បង់ជីវិតចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ាទាំងនេះបានកើនឡើងដល់ ៧២ នាក់”។
កងកម្លាំងបាននិយាយថា “ភាគច្រើននៃការស្លាប់ទាំងនេះគឺទាក់ទងនឹងការរត់ជាន់គ្នា ដែលបានកើតឡើងក្នុងឧបទ្ទវហេតុនៃការលួចឆក់ប្លន់តាមហាង”។
អ្នកផ្សេងទៀតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាញ់ប្រហារនិងការបំផ្ទុះម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារនានា។
ចំនួននៃការចាប់ខ្លួនបានកើនឡើងដល់ ១.២៣៤ នាក់ ទោះបីមានមនុស្សរាប់ម៉ឺននាក់បានជាប់ទាក់ទងនឹងការលួចឆក់ប្លន់នេះក៏ដោយ៕
ភាគច្រើននៃការស្លាប់ទាំងនេះគឺទាក់ទងនឹងការរត់ជាន់គ្នាពេលឆក់ប្លន់តាមហាងនានា