​ ​ ​តុលា​ការកោះហៅ​ដើមបណ្ដឹង​ចូល​បំភ្លឺ​ករណី​ប្តឹង​ចៅសង្កាត់​ចាក់អង្រែលើ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​

1381
ចែករម្លែក

(​ភ្នំពេញ​)៖​លោក ហេង សុខ​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ដើមបណ្ដឹង​និង​សាក្សី​ពីររូប​ឲ្យ​ចូលខ្លួន​ដើម្បី​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​ករណី​ប្តឹង​ចៅសង្កាត់​ចាក់អង្រែលើ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ភរិយា ពីបទ​ហិង្សា​ដោយ​ចេតនា​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​។​ការសាកសួរ​លើ​បណ្តឹង​ប្តឹង​លោក ស្រី ញ្ញាណ អតីត​ចៅសង្កាត់រង​ទី​២​និង​បច្ចុប្បន្ន​ជា​ចៅសង្កាត់​ចាក់អង្រែលើ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង ភរិយា​។​

​ប្រភពព័ត៌មាន បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ស្រី ញ្ញាណ និង ប្រពន្ធ​ឈ្មោះ ឈុំ សុជាតិ ត្រូវបាន​តុលាការ​ចោទប្រកាន់​រួចហើយ ពីបទ​ហិង្សា​ដោយ​ចេតនា​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា រួច​បញ្ជូន​សំណុំរឿង​មក​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​ចន្លោះ​ពេលនេះ លោក ហេង សុខ​ណា ជា​ចៅក្រម​ស៊ើបសួរ បាន​កោះ​អញ្ជើញលោក តាំង ច័ន្ទ​សុ​ខៃ ជាដើម​បណ្ដឹងរដ្ឋប្បវេណី​និង​សាក្សី​ពីររូប ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ។​

​អ្នកច្បាប់​មួយរូប​បាន ថ្លែងថា ក្រោយ​ការសាកសួរ​ដើមបណ្ដឹង​រដ្ឋប្បវេណី​និង​សាក្សី​ពីររូប រួច ចៅក្រម​ស៊ើបសួរ​នឹង​កោះហៅ​ជន​ត្រូវ​ចោទ​ចូល​បំភ្លឺ​ម្តង ។​ដើមចម​នៃ​សំណុំ​រឿងនេះ ត្រូវបាន​ប្រភពព័ត៌មាន បញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ លោក តាំង ច័ន្ទ​សុ​ខៃ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចាក់អង្រែលើ កំពុងតែធ្វើការ​ក្នុង​សង្កាត់ ស្រាប់តែ​ឈ្មោះ ឈុំ សុជាតិ បាន​នាំ​មនុស្ស​ប្រុស​ម្នា​ក់មក​ចុះឈ្មោះ​បោះឆ្នោត ។

ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់ ពេលនោះ​លោក តាំង ច័ន្ទ​សុ​ខៃ បាន​ឲ្យ​សា​ម៊ី​ខ្លួន​ទៅរក​មេភូមិ​ដើម្បី​បញ្ជាក់​អាស្រ័យ​ដ្ឋា​ន ស្រាប់តែ​ឈ្មោះ ឈុំ សុជាតិ បែរជា​ស្រែក​រករឿង​លោក តាំង ច័ន្ទ​សុ​ខៃ ហើយ​មានការ​ឈ្លោះប្រកែក​គ្នា ។​

​ប្រភពព័ត៌មាន បន្តថា ពេល​នោះមក​ឈ្មោះ ឈុំ សុជាតិ និង​ប្តី​ឈ្មោះ ស្រី ញ្ញាណ បាន​ស្ទុះ​មក​វាយ​លោក​តាំង ច័ន្ទ​សុ​ខៃ បណ្តាល​ឲ្យ​ធ្លាក់​ទូរស័ព្ទ​ហើយ​វាយ​ជាច្រើន​ដៃ​ទៀត ។ ផ្តើមចេញពី​សកម្មភាព​បែបនេះ ទើប​លោក តាំង ច័ន្ទ​សុ​ខៃ ប្តឹង​ជនសង្ស័យ​ទាំងពីរ​នាក់​តែម្តង ។​
​ទោះបីយ៉ាងណា ពេលនេះ​នៅ​ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក ស្រី ញ្ញាណ និង ប្រពន្ធ​ឈ្មោះ ឈុំ សុជាតិ បាន​នៅឡើយ​ទេ​៕S/​ដោយ​៖​ស​.​រិ​ទ្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម