​ភ្ញៀវ​ជាង​ប្រាំបី​ម៉ឺន​នាក់​មកលេង​ក្នុង​ខេត្តកំពត​នា​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

2176
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ក្នុងឱកាស​នៃ​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​កម្ពុជា ខេត្តកំពត​ទទួលភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ប្រមាណ​ជាង​ប្រាំបី​ម៉ឺន​នាក់​។​បរិមាណ​ដ៏​សន្ធឹកសន្ធាប់​នេះ​បណ្តាលឱ្យមាន​ការកកស្ទះ​ចរាចរ​នៅ​កណ្តាល​ក្រុង​កំពត​ទាំងបី​ថ្ងៃ​។​កត្តា​បីយ៉ាង​ដែលនាំឱ្យ​កើតមាន​នូវ​រូបភាព​អវិជ្ជមាន​នោះ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​រយៈពេល​បី​ថ្ងៃ​គឺ ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ដែលជា​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ខេត្តកំពត​ទទួលភ្ញៀវ​ជិត​ឆ្ងាយ​មក​លម្ហែ​កម្សាន្ត និង​ស្នាក់អាស្រ័យ​ចំនួន​៨១.៩៨៩​នាក់​។ បរិមាណ​នេះ​មានការ​កើនឡើង​៦៤,៦៧​ភាគរយ​បើ​ប្រៀប​ធៀ​នឹង​ឱកាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ព្រោះតែ​វត្តមាន​ទេសចរ​ទាំងនោះ​ដោយសារ​ភាគច្រើន​បាន​ស្នាក់អាស្រ័យ​ក្នុង​ខេត្ត​បន្ទាប់ពី​ដើរ​កម្សាន្ត​បានធ្វើឱ្យ​សណ្ឋាគារ​ចំនួន​១២ និង​ផ្ទះសំណាក់​១២០ ស្មើនឹង​៣.០៦៥​បន្ទប់​ដែលមាន​ក្នុង​ក្រុង​កំពត​ពេញ​ដោយ​ភ្ញៀវ​គឺ​ពុំមាន​បន្ទប់​ណាមួយ​នៅ​ទំនេរ​រហូត​បង្ខំចិត្ត​សម្រាក​នៅ​សួនច្បារ និង​អ្នកខ្លះ​ត្រូវ​បន្តដំណើរ​ទៅ​ស្រុក​ឈូក ស្រុក​កំពង់ត្រាច​ទៀតផង​។

ជាមួយ​ទិដ្ឋភាព​បែប​នោះ ការសាងសង់​បន្ថែម​នូវ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ក្នុង​ខេត្ត​ប្រកបដោយ​សក្កា​នុព​ល​ផ្នែក​ទេសចរណ៍​នេះ​ជា​រឿង​ចាំបាច់​បំផុត​។​​លោក ស៊ូ វណ្ណាត នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យ ដឹងថា ដោយសារ​ភ្ញៀវ​មកលេង​ក្នុង​ខេត្តកំពត​ហាក់​មាន​សន្ទុះ​ខ្លាំង​ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរ​ក្នុង​ក្រុង បិ​សេស​ត្រង់ចំណុច​សងខាង​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​ទាំងបី​ថ្ងៃ​តែម្តង​។

​ជាទូទៅ​នៅ​ផ្នែក​ខាងកើត​ការកកស្ទះ​តែង​ចាប់ផ្តើម​តាំងនៅ​៩​ព្រឹក​រហូតដល់​ម៉ោង​ជិត​១​រសៀល​ទើប​ស្រាកស្រាន្ត​វិញ​។​លោកនាយ​ផ្នែក​បាន​បន្ត​ថា​ដោយឡែក​នៅ​ផ្នែក​ខាងលិច​ខណៈពេល​ភ្ញៀវ​ចាប់ផ្តើម​ចុះ​ពី​ភ្នំ​បូកគោ និង​មួយ​ផ្លូវ​ទៀត​មកពី​រមណីយដ្ឋាន​ទឹកឈូ ការកកស្ទះ​ចាប់ផ្តើម​ពី​ម៉ោងជាង​៣​រសៀល ហើយ​យប់​ខ្លះ​រហូតដល់​ម៉ោង​៩​។

​លោក​ស៊ូ​វណ្ណាត​បាន​បញ្ជាក់ថា​កត្តា​ពីរ​ជា​ចម្បង​ដែល​ផ្តើម​ឱ្យមាន​ការកកស្ទះ​គឺ​ការកើនឡើង​នូវ​យានយន្ត​គ្រប់​ប្រភេទ ស្របតាម​ភាព​ធូរធារ​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន និង​ការបើកបរ​មិន​គោរព​ច្បាប់ ខ្វះ​ការយោគយល់​រវាង​គ្នា​។​ជុំវិញ​បញ្ហា​នេះ​មតិ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​លើកឡើងថា​ដោយសារ​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​សព្វថ្ងៃ​មានតែ​មួយ​ជា​កត្តា​ចម្បង​ដែលនាំឱ្យ​រូបភាព​នៃ​ការកកស្ទះ​កើតមាន​រាល់ពេល​បុណ្យទាន​ម្តងៗ​។ ដូច្នេះ រាជរដ្ឋាភិបាល​គួរ​ពិចារណា​ក្នុងការ​សាងសង់​ស្ពាន​ថ្មី​បន្ថែម ស្រប​ពេលដែល​បរិមាណ​ភ្ញៀវ​មកលេង​ខេត្តកំពត​កាន់​តែមាន​កំណើន​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

ដោយឡែក​អ្នករស់នៅ​ក្បែរ​កន្លែង​ក​ក​ស្ទះ​បាន​និយាយថា​ករណី​ស្ពាន​ឆ្លង​មានតែ​មួយ​អាច​និយាយថា​ជា​ចំណែក​នៃ​ការកកស្ទះ​មែន​។​ប៉ុន្តែ​បើ​ការបើកបរ​ដោយ​មិន​គោរព​ច្បាប់​ការយក​ឈ្នះ​ចាញ់​គ្នា​ដូច​អ្នកបើកបរ​មួយចំនួន​ដែល​ផ្តើម​ឱ្យមាន​ការកកស្ទះ​នោះ ទោះបី​ថែម​ស្ពាន​ប៉ុន្មាន​ទៀត​ក៏​មិន​ជោគជ័យ​ដែរ​។

​ប្រភព​ដដែល​បញ្ជាក់ថា​ជាក់ស្តែង​ប្រភេទ​រថយន្ត​ទំនើបៗ​ពាក់​ស្លាក​លេខ ន​.​ប ឬ ខ​.​ម មួយចំនួន ដែល​នៅលើ​ស្មា​ម្ចាស់​ឬ​អាវ​ព្យួរ​បង្ហាញ​ផ្កាយ​ឬ​ស័ក្តិធំៗ​នោះគេ​តែងតែ​បំពាន​ច្បាប់​។​ម្ចាស់​រថយន្ត​ដ៏​មាន​ឥទ្ធិពល​ទាំងនោះ​មិន​ត្រឹមតែ​មិន​ស្តាប់​ការចង្អុល​ណែនាំ​បង្ហាញផ្លូវ​ទេ​គឺ​ថែមទាំង​គំរាម​ដក​បុណ្យស័ក្តិ​មន្ត្រី​សមត្ថកិច្ច​ដែល​កំពុង​បម្រើ​ការងារ​កណ្តាល​ថ្ងៃ​ក្តៅ ឬ​ឈរ​ហាលភ្លៀង​ផ្គរ​ទៀតផង​៕S/

​ភ្ញៀវ​ជាង​ប្រាំបី​ម៉ឺន​នាក់​មកលេង​ក្នុង​ខេត្តកំពត​នា​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ