ដោយ​: ពៅ​និមល / ភ្នំពេញៈ ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ប្រចាំ​ប្រទេស​ថៃ (CBC) និង​សមាគម​ជំរុញ កិច្ចសន្យា​បន្ត​ថៃ (Thai Subcon) ដែល​ប្រមូលផ្ដុំ ដោយ​សមាជិក ផលិតករ ឧស្សាហកម្ម​ច្រើនជាង ៥០០ ក្រុមហ៊ុន បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគ យល់​គ្នា (MOU) ដើម្បី​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ វិស័យ​ឯកជន ប្រទេស​ទាំងពីរ សំដៅ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ ការទូត​សេដ្ឋកិច្ចកម្ពុជា ឆ្នាំ​២០២១-២០២៣​។​

​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​នេះ បានធ្វើ​ឡើង​រវាង​លោក សម្បត្តិ សុធា ប្រធាន CBC និង​លោក Kiattisak Jirakajornwong ប្រធាន Thai Subcon ក្រោម​វត្តមាន របស់លោក អ៊ុក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ថៃ និង​ធ្វើជា​សាក្សី ពី​លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម ប្រចាំ​ប្រទេស​ថៃ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយសារតែ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បន្ត​មាន​សន្ទុះ​ខ្លាំងក្លា​នៅឡើយ​។​

​នៅក្នុង​ពិធី​នោះ លោក សម្បត្តិ សុធា បាន​ជម្រាប​អង្គប្រជុំ អំពី​បេសកកម្ម​របស់ CBC ក្នុងការ​បង្កើត វេទិកា​មួយ ដើម្បី​កសាង​ទំនាក់ទំនង រឹងមាំ​ជាមួយ សមាគម​ធុរកិច្ច ផ្សេងៗ និង​ជួយ​គាំទ្រ​សមាជិក សមាជិកា នៃ​សហគមន៍​ធុរកិច្ច ទាំង​នៅក្នុង​ប្រទេស កម្ពុជា និង​ប្រទេស​ថៃ ព្រមទាំង​លើកស្ទួយ អត្ថប្រយោជន៍​របស់​ពួកគេ​ទៅកាន់​អ្នក តាក់តែង គោលនយោបាយ​។​

​លោក បាន​អរគុណ​ដល់​ភាគី​ថៃ ហើយ​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយគ្នា ក្នុង​បេសកកម្ម និង​កិច្ចសហការ ប្រកបដោយ​ផ្លែផ្កា លើ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។​

​លោក​ប្រធាន​សមាគម​ថៃ បានលើកឡើង​ពី​បេសកកម្ម និង​ចក្ខុវិស័យ​របស់ Thai Subcon គឺ​ដើម្បី​កសាង​សមត្ថភាព សមាជិក សមាជិកា ផ្នែក​ផលិតកម្ម និង​ការធ្វើ ទីផ្សារ ពង្រឹង​បណ្ដាញ ធុរកិច្ច​សាកល ដោយ​ត​ភ្ជាប់​អាជីវកម្ម របស់​ពួកគេ​ជាមួយ ស្ថាប័នរដ្ឋ និង​អង្គការ​ជាតិ និង​អន្តរជាតិ​។ តាមរយៈ​កិច្ចសហការ​នេះ លោក​មាន ជំនឿ​មុតមាំ​ថា នឹង​ផ្តល់​អត្ថប្រយោជន៍ ដល់​ស្ថាប័ន​ប្រទេស​ទាំងពីរ ឥត​កំណត់​។ លោក​បាន​បន្ថែមទៀតថា សមាគម សន្យា​នឹង​ប្រឹងប្រែង ធ្វើឱ្យ​អនុស្សរណៈ​នេះ ទទួលបាន​ផលចំណេញ សម្រាប់​សមាគម​ទាំងពីរ និង​ដើម្បី​មិត្តភាព​កម្ពុជា និង​ថៃ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ក្រោយ​ចប់​ពិធី​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៤ កក្កដា ឆ្នាំ​២០២១ កន្លងទៅ បាន​ឲ្យ​ដឹងថាៈ ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បង្កើន កិច្ចសហប្រតិបត្តិការ តាមរយៈ​ការចូលរួម​រៀបចំ និង​អភិវឌ្ឍ​សកម្មភាព ទាក់ទង​នឹង​ធុរកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម ដើម្បី​លើ​កម្ពស់ និង​ពង្រីក​បណ្តាញ អាជីវកម្ម​របស់​សមា​ជិ​ក សមាជិកា នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក៏ដូចជា ផ្លាស់ប្តូរ​ព័ត៌មាន ពាក់ព័ន្ធ​ទៅវិញទៅមក និង​គាំទ្រ​បណ្តាញ​ទីផ្សារ ដើម្បី​ជំរុញ​ដល់ ការតភ្ជាប់​វប្បធម៌ និង​សង្គម​៕/V​-PC