ដោយ: ទូច វ​ណ្ណេ​ត បុគ្គលិគ​ស្ម័​ត្រ​ចិត្ត ការិយាល័យ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ​ស៊ន់ សឿន កើត​នៅ​ឆ្នាំ​១៩៦០ នៅ​ភូមិ​មហាសៀក​ក្រោម ឃុំ​មហាខ្ញូង​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំ​គឺជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​៣​នាក់​។ ក្នុង​វ័យ​កុមារ ខ្ញុំ​ចូលរៀន​រហូតដល់​ថ្នាក់​ទី​៣​ចាស់​នៅ​សាលាបឋមសិក្សា​មហាសៀក​ក្រោម​។ ដោយសារតែ​ជីវភាព​ក្រីក្រ ខ្ញុំ ឈប់រៀន និង​មកជួយ​ការងារ​ផ្ទះ​ឪពុកម្ដាយ​វិញ​។ ក្រៅពី​កិច្ចការងារ​នៅផ្ទះ ខ្ញុំ​ទៅ​ជួយ​ឪពុក​របស់ខ្ញុំ​ធ្វើ​ចម្ការ រួមមាន ចេក ពោត និង​បន្លែ​ផ្សេងៗ​។ ខ្ញុំ​មាន​ជីវភាព​រស់នៅ​សមរម្យ ប៉ុន្តែ​ស្ថានការណ៍​បាន​ផ្លាស់ប្ដូរ បន្ទាប់ពី​រដ្ឋប្រហារ លន់ នល់ កើតឡើង​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។ នៅពេលនោះ ខ្ញុំ​ឃើញ​បាតុកម្ម​ដង្ហែរ​តាម​ដងផ្លូវ​នៅមុខ​ផ្ទះ នៅក្នុង​ភូមិ​មហាសៀក​ក្រោម​។ ខ្ញុំ​ឮ​អំពី​ការស្រែក​អំពាវនាវ​ឲ្យ​អ្នកភូមិ​នាំគ្នា​ចូល​ព្រៃម៉ាគី​ដើម្បី​តស៊ូ​។

ស៊ន់ សឿន អតីតពេទ្យព្យាបាលក្នុងរបបខ្មែរក្រហមរស់នៅភូមិចម្ការសាមសិប ឃុំគគរ ស្រុកកំពង់សៀម។(ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅ​ដើមឆ្នាំ​១៩៧១ កងទ័ព​រំដោះ​ខ្មែរក្រហម ចូលមក​ដល់​ភូមិ​របស់ខ្ញុំ និង​ស្នាក់​នៅក្នុង​បរិវេណ​ផ្ទះ​អ្នកភូមិ​។ កងទ័ព​ខ្មែរក្រហម​ដាក់​កម្លាំង​ឈរជើង​នៅតាម​បណ្ដោយ​មាត់ទន្លេ​។ ខ្ញុំ​មិនដឹងថា​តើ​កងទ័ព​រំដោះ​ខ្មែរក្រហម​មក​ដើម្បី​ធ្វើ​អ្វី​នោះទេ​។ មិនយូរប៉ុន្មាន នាវា​ទាហាន​ម៉ា​រី​ន លន់ នល់ ដឹក​ទាហាន​ថ្មើរជើង​ជាច្រើន​ដើម្បី​បើក​ការវាយប្រហារ​ជា​បន្តបន្ទាប់ រហូត​ទាល់តែ​កងទ័ព​រំដោះ​ខ្មែរក្រហម​ដកចេញ​ពី​ភូមិ​ទើប​ទាហាន​ថ្មើរជើង លន់ នល់ ដក​ទៅ​ឈរជើង​នៅ​បន្ទាយ​ទាហាន​ស្ថិតនៅ​ត្រើយម្ខាង​នៃ​ស្រុក​កំពង់សៀម​វិញ​។ បើទោះបីជា​កងទ័ព​រំដោះ​ខ្មែរក្រហម​ដក​បណ្ដេញចេញ​ពី​ភូមិ​ក៏ដោយ កងទ័ព​រំដោះ​ខ្មែរក្រហម​តែងតែ​បើក​ការវាយប្រហារ​ទៅលើ​នាវា​ទាហាន​ម៉ា​រី​ន លន់ នល់ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​តំបន់​រំដោះ​ខ្មែរក្រហម នៅតាម​បណ្ដោយ​ទន្លេមេគង្គ គឺ​ចាប់ពី​ភូមិសាស្ត្រ​ព្រែ​កតា​ម៉ាក់ រហូត​ដល់ទី​រួម​ខេត្តកំពង់ចាម​។

​ ​ចាប់ពី​ឆ្នាំ​១៩៧២​ដល់​ឆ្នាំ​១៩៧៣ សង្គ្រាម​រវាង​ទាហាន​ម៉ា​រី​ន លន់ នល់ និង កងទ័ព​រំដោះ​ខ្មែរក្រហម​ផ្ទុះឡើង​កាន់តែខ្លាំង​ឡើង គឺ​ទាំង​ផ្លូវទឹក និង​ផ្លូវគោក​។ កងទ័ព​រំដោះ​ខ្មែរក្រហម​ជាច្រើន​ចូលមក​ឈរជើង​នៅតាម​បណ្តោយ​មាត់ទន្លេ​ក្នុងភូមិ​មហាសៀក​ក្រោម​។ កងទ័ព​រំដោះ​ខ្មែរក្រហម​ស្នាក់នៅ​ក្រោយ​ផ្ទះ​របស់​អ្នកភូមិ និង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​វាយឆ្មក់​នាវា​ទាហាន​ម៉ា​រី​ន លន់ នល់ ដឹកជញ្ជូន​សម្ភារ​យុទ្ធភណ្ឌ និង​ស្បៀង​ដែល​បាន​ឆ្លងកាត់ និង​ទទួលរង​ការវាយប្រហារ​ពី​ទាហាន​ម៉ា​រី​ន លន់ នល់ ដែល​បើក​ល្បាត​ចុះឡើង​។

​ ​នៅ​ដើមឆ្នាំ​១៩៧៣ កងទ័ព​រំដោះ​ខ្មែរក្រហម​វាយឆ្មក់​ទៅលើ​នាវា​ម៉ា​រី​ន​ទាហាន លន់ នល់ ដែល​ដឹក​អង្ករ​ចូលទៅ​កាន់​ទី​រួម​ខេត្តកំពង់ចាម និង​ទទួលជោគជ័យ​។ កងទ័ព​រំដោះ​ខ្មែរក្រហម​បញ្ជូន​កម្លាំង​ដោយ​ជិះទូក​ទៅ​នាំយក​នាវា​ម៉ា​រី​ន​ទាហាន នល់ នល់ ដឹក​អង្ករ​ដើម្បី​អូស​ចូលមក​អែប​នៅ​មាត់ទន្លេ​ខាង​តំបន់​រំដោះ​។ នៅពេលនោះ កងទ័ព​រំដោះ​ខ្មែរក្រហម​ឲ្យ​អ្នកភូមិ​ចូល​យក​អង្ករ​មក​ដាំបាយហូប​។ ខ្ញុំ​ឡើងទៅ​នាវា​ម៉ា​រី​ន​នោះ និង​យក​អង្ករ​មក​ផ្ទះ​វិញ​។ នៅពេលដែល​ចូលទៅ​យក​អង្ករ​នៅលើ​នាវា​ម៉ា​រី​ន​ទាហាន លន់ នល់ ខ្ញុំ​ឃើញ​ដាន​ឈាម​នៅ​ពេញ​នាវា​ម៉ា​រី​ន​។ ក្រោម​មកទៀត អ្នកភូមិ​ម្នាក់​ប្រាប់​ខ្ញុំ​ឲ្យ​ដឹងថា ដាន​ឈាម​គឺជា​របស់​ជនជាតិ​ហ្វីលីពីន​ដែល​កងទ័ព​រំដោះ​ខ្មែរក្រហម​សម្លាប់​។ នៅ​ឆ្នាំ​១៩៧៤ ភូមិ​របស់ខ្ញុំ​ត្រូវបាន​រំដោះ​ទាំងស្រុង​ដោយ​កងទ័ព​រំដោះ​ខ្មែរក្រហម ប៉ុន្តែ​ពេលនោះ​គឺ​មិនទាន់​មានការ​ហូបបាយ​រួម​នៅឡើយ​ទេ​។

​ ​ ​បន្ទាប់ពី​កងទ័ព​រំដោះ​ខ្មែរក្រហម​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​១៩៧៥ មាន​ប្រជាជន​ថ្មី​ជម្លៀស​មកពី​ទីក្រុង​ភ្នំពេញ​មកដល់​ភូមិ​មហាសៀក​ក្រោម និង​ស្នាក់អាស្រ័យ​នៅ​ក្រោមផ្ទះ​របស់ខ្ញុំ​។ នៅពេលនោះ ខ្ញុំ​បានទទួល​ប្រជាជន​ថ្មី​ចំនួន​មួយ​គ្រួសារ ដែល​ស្នាក់​នៅផ្ទះ​របស់ខ្ញុំ​រយៈពេល​ជិត​១​ខែ​។
​ ​ ​នៅ​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​១៩៧៥ បងប្រុស​របស់ខ្ញុំ និង​គ្រួសារ​មកដល់​ភូមិកំណើត​វិញ​។ បន្ទាប់ពី​បានមក​ដល់​មួយរយៈ​ពេល​ខ្លី គាត់ និង​គ្រួសារ ត្រូវបាន​ជម្លៀស​បន្តទៅ​កាន់​ភូមិ​ផ្សេង និង​បាត់​ដំណឹង​រហូតដល់​បច្ចុប្បន្ន​នេះ​។

ទូច វណ្ណេត, សាន ស្រីអូន និង គឹម សុភី បុគ្គលិកស្ម័គ្រចិត្តការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម។(ឡុង អូន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅ​ចុងឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅ​កងចល័ត​នារី​ដើម្បី​ដក​ស្ទូង និង​ដាំ​ដុះ​ដំណាំ រួមមាន​ពោត និង​ថ្នាំជក់​ជាដើម​នៅតាម​បណ្ដោយ​មាត់ទន្លេ រហូតដល់​ឆ្នាំ​១៩៧៧ ទើប​ខ្ញុំ​ចូលធ្វើការ​នៅក្នុង​មន្ទីរពេទ្យ​ឃុំ ស្ថិតនៅក្នុង​វត្ត​មហាខ្ញូង​។ ខ្ញុំ​ទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​ព្យាបាល​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ និង​ចាប់ផ្ដើម​អនុវត្ត​ផ្ទាល់​តែម្ដង​។ មន្ទីរពេទ្យ​ឃុំ​បែងចែក​ទៅជា​២​កង គឺ កង​ព្យាបាល​ដែលមាន​សម​មិត្ត អេង គឺជា​ប្រធាន និង​កង​ផលិត​ឱសថ​(​ថ្នាំ​)​ដែលមាន​សម​មិត្ត ទួន គឺជា​ប្រធាន​។ កង​ផលិត​ឱសថ​មាន​ក្បួន​ផលិត​ថ្នាំ​ដោយ​ដើរ​ស្វែងរក​ប្រភេទ​រុក្ខជាតិ​ថ្នាំ​នៅក្នុង​ព្រៃ ដើម្បី​យកមក​ដាំ​រម្ងាស់ និង​ចាក់​ក្នុង​ពុម្ព​ថ្នាំ​។ គ្រាប់​ថ្នាំ​ដែល​ផលិត​បាន​ត្រូវ​យកទៅ​រក្សាទុក​នៅក្នុង​បន្ទប់​ព្យាបាល ដែលមាន ដូចជា ទី​១) ថ្នាំ​ឈឺក្បាល​គឺមាន​ពណ៌​ផ្កាឈូក គ្រាប់​តូចៗ​។ ទី​២) ថ្នាំ​រាក​អាចម៍ អក្សរ​កាត់​ថា «​រ​.​អ​» គឺមាន​ព​ណ៌​កាហ្វេ ដែលមាន​ទំហំ​ប៉ុន​មេដៃ​។ ទី​៣) ថ្នាំ​ត្រជាក់ គឺមាន​ពណ៌​ប្រផេះ​។ ទី​៤) ថ្នាំ​សរ​សៃ​គឺធ្វើឡើង​ពី​គ្រាប់​និង​ស្លឹក​ស្លែង និង​មាន​ពណ៌​បៃតង​។ ទី​៥) ថ្នាំ​អស់កម្លាំង​គឺធ្វើឡើង​ពី​កន្ទក់ (​ចុងអង្ករ​) លាយ​ជាមួយ​ស្ករត្នោត និង​មាន​ពណ៌​លឿងទុំ​។ ដោយឡែក​សម្រាប់​ថ្នាំ​ចាក់ កង​ព្យាបាល​ត្រូវ​ទៅយក​នៅ​មន្ទីរពេទ្យ​ស្រុក​ដើម្បី​ប្រើប្រាស់​ព្យាបាល​អ្នកជំងឺ​ទូទៅ​ក្នុងភូមិ​។ ខ្ញុំ​មិនដឹងថា តើ​ថ្នាំ​ចាក់​ទាំងនោះ​យកមក​ពី​ប្រភព​ណា​ទេ គឺ​គ្រាន់តែ​ទៅយក​ដើម្បី​ប្រើប្រាស់​ក្នុង​ព្យាបាល​តែប៉ុណ្ណោះ​។ កង​ព្យាបាល​មាន​សម​មិត្ត​ប្រហែល​៥-៦ និង​ត្រូវធ្វើ​ការងារ​ជ្រា​ប្រចាំ​ដោយ​ផ្លាស់ប្ដូរ​វេន​គ្នា​ប្រចាំការ​។ នៅពេល​ដែលមាន​អ្នកជំងឺ​បាន​ចូលមក​សម្រាក​ព្យាបាល សម​មិត្ត អេង មក​ពិនិត្យមើល​ស្ថានភាព​របស់​អ្នកជំងឺ​។ អ្នកជំងឺ​ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវ​ដឹក​តាម​រទេះសេះ ដើម្បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​។ ចំណែកឯ​អ្នកជំងឺ​ស្រាលៗ ដូចជា ហត់​អស់កម្លាំង ហើមជើង ឬ​គ្រុនក្ដៅ​កម្រិត​ស្រាល សម​មិត្ត អេង សរសេរ​កំណត់ហេតុ​អំពី​អាការ​ជំងឺ និង​ការប្រើប្រាស់​ប្រភេទ​ថ្នាំ​គ្រាប់​ដើម្បី​ព្យាបាល​អ្នកជំងឺ​រយៈពេល​២-៣​ថ្ងៃ​។ ខ្ញុំ​សុំ​ប្រធាន​កង​មកលេង​ផ្ទះ​យូរៗ​ម្ដង​។

សាលាធម៌ អតីតមន្ទីរពេទ្យឃុំក្នុងរបបខ្មែរក្រហម សិ្ថតនៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។(ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ក្រោយមកទៀត ខ្ញុំ​ផ្លាស់​ទៅ​ព្យាបាល​អ្នកជំងឺ​នៅតាម​កងចល័ត​។ នៅពេលនោះ អ្នកជំងឺ​ភាគច្រើន​គឺ​ហេវ​ហត់ និង​ហើមជើង​។ ខ្ញុំ​ចែក​ឲ្យ​អ្នកជំងឺ​នូវ​ថ្នាំ​កម្លាំង​ធ្វើ​ផ្សំ​ឡើង​ពី​កន្ទក់​លាយ​ជាមួយ​ស្ករត្នោត​ចំនួន​២-៣​គ្រាប់​ដើម្បី​លេប ពីព្រោះ​អ្នកជំងឺ​មិនមាន​ជាតិ​ស្ករ​គ្រប់គ្រាន់​ទើប​បណ្ដាល​ឲ្យ​ជើង​របស់គាត់​ហើម​។ នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​សើរើ​ប្រវត្តិ​ឡើងវិញ​ដោយ​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ដែល​មក​គ្រប់គ្រង​នៅក្នុង​ភូមិ​។ ខ្ញុំ​ដឹងថា ប្រធាន​កង​ព្យាបាល សម​មិត្ត អេង ត្រូវបាន​ចាប់​យកទៅ​សម្លាប់ចោល​នៅក្បែរ​មាត់ទន្លេ​។ ខ្ញុំ​មិនបាន​រត់​ភៀសខ្លួន​ទៅណា​នោះទេ និង​បាន​រួច​ផុតពី​ការសម្លាប់​ពី​កម្មាភិបាល​ខ្មែរក្រហម​ភូមិ​ភាគី​និរតី នៅពេលដែល​កងទ័ព​វៀតណាម​វាយ​ចូល​មកដល់​នៅ​ដើមឆ្នាំ​១៩៧៩​។ ខ្ញុំ​បន្ត​រស់នៅ​និង​ប្រកបរ​បរជាកសិករ​នៅ​ភូមិ​មហាសៀក​ក្រោម ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន រហូតមកដល់​សព្វថ្ងៃ​នេះ​៕សរន

ទិដ្ឋភាពវាលនារដូវវស្សានៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។(ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ចម្ការពោត នៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)