ដោយៈ សុផល / ភ្នំពេញៈ ទាក់ទង​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជា​ឱ្យ​មន្ត្រីរាជការ ក្រោម​ឱវាទ ពិនិត្យ​លទ្ធភាព ប្រើប្រាស់​អគារ​ឃ្លាំង ដែល​នៅ​ទំនេរ​រៀបចំ​ធ្វើជា​កន្លែង ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​មន្ត្រី ដែល​ឆ្លង​មេរោគ កូ​វីដ​-១៩ គ្មាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ និង​អ្នក​ចង់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅទីនេះ​។​

​នៅក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ក្រសួង តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដើម្បី​ពិនិត្យ មើល​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម ដំណោះស្រាយ​និង​សំណូមពរ​របស់​អង្គភាព ក្រោម​ឱវាទ​ក្រសួង កាលពី​ថ្ងៃទី​១៤ ខែកក្កដា លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថាៈ ក្រសួង​នឹងមាន​ការរៀបចំ​គ្រែ ចំនួន ៥០ ជាមួយនឹង​កង្ហារ ផ្ដល់​ម្ហូបអាហារ​បី​ពេល ក្នុង​មួយថ្ងៃ និង​មានការ​ខណ្ឌ​ដាច់ឡែក​ពីគ្នា សម្រាប់​មន្ត្រី​ថ្នាក់កណ្ដាល និង​ថ្នាក់​រាជធានី ខេត្ត ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ ឱ្យ​មន្ត្រីរាជការ ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ប្រកាន់ខ្ជាប់ តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង ដ៏​កាច​សាហាវ​នេះ និង​បាន​ជម្រាបជូន​ថាៈ ក្រសួង​បាន បញ្ជា​ទិញ ឧបករណ៍​តេស្ត​រហ័ស រក​មេរោគ​កូ​វីដ​-១៩ ចំនួន ៧.០០០ តេស្ត​ដែលមាន សុ​ក្រិត​ភាព​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់ និង​បែងចែក ទៅតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​-​ខេត្ត និង​បាន​បន្ថែមថាៈ ក្រសួង​បាន​បណ្ដុះបណ្ដាល ជន​បង្គោល​សម្រាប់​យក សំណាក បាន​ចំនួន​ជាង ១០០ នាក់ ដោយ​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ ឧបករណ៍​នេះ​។​

​លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​មន្ត្រី ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ បន្ត​ចូលរួម បំពេញ​កម្រង​សំណួរ ទាក់ទង​នឹង​រោគសញ្ញា មេរោគ​កូ​វីដ​-១៩ ឱ្យបាន​ជាប្រចាំ និង​រៀងរាល់​ពេលព្រឹក​មុន ពេល​ចូល បំពេញការងារ ដើម្បី​តាមដាន​សុខភាព របស់ខ្លួន​ប្រចាំថ្ងៃ និង​ចាត់វិធានការ បាន​ទាន់ពេលវេលា​ក្នុងករណី​មាន​រោគ សញ្ញា​សង្ស័យ​៕/V-PC