ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ផ្លូវជាតិ​ត​ភ្ជាប់ ពី​ខេត្តបាត់ដំបង ទៅ​ខេត្តសៀមរាប ប្រវែង​ជាង ៧០ គីឡូម៉ែត្រ បាន​ជួបប្រជុំគ្នា តាមរយៈ​ប្រព័ន្ធ វីដេអូ​ពី​ចម្ងាយ ( Zoom Meeting) នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ស្វែងរក​ការគាំទ្រ ពី​អាជ្ញាធរ​ទន្លេសាប ដែលជា​អ្នកគ្រប់គ្រង បឹង​ទន្លេសាប​។​

​មន្ត្រី​ដែល​ត្រូវបាន​គេ​អញ្ជើញ ឱ្យ​ចូលរួម​កិច្ចប្រជុំ ខាងលើ បាន​និយាយ​ឱ្យដឹង នៅ ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​ថាៈ គម្រោង​សាងសង់ ផ្លូវ​កាត់​បឹង​ទន្លេសាប​នេះ ជា​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បានធ្វើ​ការសិក្សា​រួច មួយ​ជំហាន​មកហើយ​។​

​ប្រភព​ខាងលើ បានឱ្យដឹង​ទៀតថាៈ កិច្ចប្រជុំ​ពិភាក្សា ដោយមាន​ការចូលរួម ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប​… ដើម្បី​ពិគ្រោះ​យោបល់ លើ​តំបន់​ខ្សែ​ផ្លូវ​រត់ កាត់​បឹង​ទន្លេសាប ពី​ខេត្តបាត់ដំបង ទៅ​ខេត្តសៀមរាប ប្រវែង​ប្រមាណ​ជា ៧២ គីឡូម៉ែត្រ អាច​បន្ត​នូវ​នីតិវិធី​សិក្សា​វាយ តម្លៃ ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ ដោយ​យោងតាម​ស្មារតី​នៃ កិច្ចប្រជុំ របស់​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​វាយតម្លៃ​ហេតុផល​ប៉ះពាល់ បរិស្ថាន ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។​

​កិច្ចប្រជុំ​ខាងលើ នៅ​ថ្ងៃទី​១៥ ខែកក្កដា​នេះ ត្រូវបាន​គេ​និយាយថា ដើម្បី​ស្វែងរក ការគាំទ្រ ពី​អាជ្ញាធរ​ទន្លេសាប ដែលជា​អង្គភាព​គ្រប់គ្រង បឹង​ទន្លេសាប​មុននឹង​ដាក់ លទ្ធផល គម្រោង​សិក្សា រួច​មួយ​ជំហាន ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង នៅពេល​បន្ទាប់​។​

​គម្រោង​សាងសង់ ខ្សែ​ផ្លូវជាតិ​ពី ខេត្តបាត់ដំបង ទៅ​ខេត្តសៀមរាប ប្រវែង ៧២ គីឡូម៉ែត្រ កាត់​បឹង​ទន្លេសាប បង្ហាញឱ្យឃើញថា មាន​ចម្ងាយ ១៩.៧៥០ ម៉ែត្រ រត់​កាត់​តំបន់​១ ចម្ងាយ​ផ្លូវ ២៧.៩៥០ ម៉ែត្រ រត់​កាត់​តំបន់​២ និង​ចម្ងាយ​ផ្លូវ ២៤.៤៥៤ ម៉ែត្រ រត់​កាត់​តំបន់​៣ ជា​គម្រោង​ខ្សែ​ផ្លូវជាតិ​ថ្មី ទី​២ រត់​កាត់​បឹង​ទន្លេសាប​បន្ទាប់ពី ខ្សែ​ផ្លូវ​ទី​១ ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ​៕/V​-PC