ដោយៈ សុផល / ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​និយាយថាៈ ” រដ្ឋាភិបាល នឹងមិន​ថយក្រោយ​ទេ ក្នុងការ​ចាត់វិធានកា​រ ចំពោះ​រថយន្ត​ល្មើស ដឹកទំនិញ​លើស​ច្បាប់​កំណត់ដោយ​បន្ត អនុវត្ត​វិធានការ​នេះ ដូច ភ្លៀងរលឹម ” ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម ដំណោះស្រាយ និង​សំណូមពរ របស់​អង្គភាព ក្រោម​ឱវាទ​ក្រសួង ដែល​បាន​ជួបប្រទះ ក្នុងការ​បំពេញការងា​រ​របស់ខ្លួន នាពេល​កន្លងមក កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​។

​លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យជួយ​សហការ​ជាមួយ ក្រុមការងារ​ជញ្ជីង របស់​ក្រសួង ជាពិសេស ក្រុមការងារ​ជញ្ជីង​ចល័ត ក្នុងការ ចូលរួម​ទប់ស្កាត់ ការដឹកជញ្ជូន​លើស​ទម្ងន់ កម្រិត​កំណត់ដោយ​ច្បាប់ និង​បាន សំណូមពរ​ឱ្យ​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន រាជធានី​-​ខេត្ត ជួយ​ថែរក្សា​យានយន្ត ដែល​ត្រូវបាន​ចាប់​ឃាត់ទុក រយៈពេល មួយឆ្នាំ ឱ្យបាន​ត្រឹមត្រូវ មិនត្រូវ​ដោះលែង ទៅវិញ ជាដាច់ខាត និង​បាន​ថ្លែង​ការកោតសរសើរ ដល់​ក្រុមការងារ លេខាធិការដ្ឋាន ដឹកនាំ​ត្រួតពិនិត្យ យានយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់​ដែល​បាន​ខិតខំ ប្រឹងប្រែង បំពេញការងារ ទាំង​ថ្ងៃ ទាំងយប់ និង​បាន​សំណូមពរ ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន ចូលរួម​ជាមួយ រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត កំណត់​។​

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថាៈ រដ្ឋាភិបាល​នឹង​អនុវត្ត វិធានការ​នេះ ឱ្យ​ដូច ភ្លៀងរលឹម មិន​ថយក្រោយ​ទេ និង​បាន​សំណូមពរ​ឱ្យ​នាយក ដ្ឋា​ន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ សហការ​ជាមួយ អ្នកសារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​មាត្រា ៦០ ដែល​ចែងថា ឡាន​ដឹក​លើស ២០% ត្រូវ​ឃាត់ទុក​មួយឆ្នាំ ដើម្បីឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន បាន​យល់ច្បាស់ អំពី​មាត្រា​ច្បាប់ និង​ការដាក់ទោសទណ្ឌ ឱ្យបាន​ទូលំទូលាយ ដើម្បី​ចូលរួម​ថែរក្សា​ផ្លូវថ្នល់ ឱ្យបាន​រឹងមាំ ជៀសវាង​មតិ​រិះគន់ថា​៖ ធ្វើ​ផ្លូវ​ជាប់​រហូត​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​រម្លឹក​ឡើងវិញ​នូវ​រូបមន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត កំណត់ថាៈ បើ​បើកឡាន​មួយគ្រឿង ដឹក​លើស​ដប់​តោន​យក​១០ គុណ​១០ ស្មើ​១០០ យក​១០០​គុណ​១០ ស្មើ ១.០០០ យក​១.០០០​គុណ​១០ ស្មើ​១០០.០០០ ដូច្នេះ​ឡាន​មួយគ្រឿង​ដឹក​លើស​ទម្ងន់ ១០ តោន ស្នើ​នឹង​ឡាន មួយ​ម៉ឺន​គ្រឿង រត់​លើផ្លូវ​នោះ ធ្វើឱ្យ​ផ្លូវ​សឹក​រិច​រិល មុន​អាយុកាល​។ ប៉ុន្តែ​បើ​ឡាន​ខ្លះ ដឹក​លើស​ទម្ងន់ ៣០ តោន យក ៣០​គុណ​៣០ ស្មើនឹង ៩០០ យក ៩០០ គុណ ៣០ ស្មើនឹង ២៧.០០០ យក ២៧.០០០ គុណ ៣០ ស្មើនឹង ៨១.០០០ គ្រឿង ដូច្នេះ​ឡាន មួយគ្រឿង ដឹក​លើស ៣០ តោន ស្មើនឹង​ឡាន​ជិត ១ លាន​គ្រឿង រត់​នៅលើ​ផ្លូវ​យើង​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សហការ​ជាមួយ នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់ និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​សម្រេចបាន ជោគជ័យ នូវ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង ការដឹកជញ្ជូន​លើស ទម្ងន់​កម្រិត​កំណត់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា កាមេរ៉ា​ឆ្លាត​វៃ និង​ជញ្ជីង​ស្វ័យប្រវត្តិ (AI Camera and Weigh in Motion Sensor)៕/V​-PC