​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កំណើន​សេដ្ឋកិច្ច​របស់​ចិន​រីកចំរើន​យឺត​នៅ​ត្រីមាស​ទី​២ ដោយ​អ្នកប្រើប្រាស់​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការចំណាយ និង​បណ្តា​ក្រុម​​ហ៊ុន​កំពុង​ប្រឈម​នឹង​ការ​ឡើងថ្លៃ​វត្ថុធាតុដើម​។​

​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​នេះ​បាន​ងើប​ចេញ​យ៉ាង​លឿន​ពី​ការធ្លាក់ចុះ​បង្កឡើង​ដោយកូវី​ដ​១៩​កាលពី​ឆ្នាំមុន តែ​ល្បឿន​របស់​វា​បាន​ថយចុះ​នៅ​ត្រីមាស​ទី​២ ដោយ​សកម្មភាព​ផលិតកម្ម​តាម​រោងចក្រ​​យឺត​ទៅ​និង​សេចក្តីត្រូវការ​របស់​អ្នក​ប្រើប្រាស់​ក៏​ស្ទុះ​ឡើង​យឺត​ជាង​ការរំពឹង​ទុក​។​

​ការិយាល័យ​ស្ថិត​ជាតិ​បាន​និយាយថា កំណើន​របស់​ចិន​ខាង​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​មាន​ចំនួន​៧,៩​ភាគរយ​ក្នុង​អំឡុង​ពេល​ពី​ខែ​មេសា​ដល់​មិថុនា ដោយ​ទាប​ជាង​កំណើន​កាល​ពី​បី​ខែ​ដើមឆ្នាំ​​ដែល​មាន​ចំនួន ១៨,៣​ភាគរយ​។​ទោះជា​យ៉ាងណា ការិយាល័យ​នេះ​បាន​បន្ថែមថា សេដ្ឋកិច្ច​ចិន​បាន​បន្ត​«​រើប​រើ​ថេរ​»​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២១ តែ​បាន​និយាយ​បែប​ប្រយ័ត្នប្រយែង​ថា «​មាន​ភាព​មិន​​ប្រាកដប្រជា​មក​ពី​ខាងក្រៅ​ជាច្រើន ព្រម​ទាំង​ការ​រើប​រើ​សេដ្ឋកិច្ច​ក្នុងស្រុក​មិន​ថេរ​ផងដែរ​»​។​

​វា​បាន​បន្ថែមថា​«​នៅ​ត្រូវការ​កិច្ចខិតខំ​ច្រើន​ទៀត​ដើម្បី​ពង្រឹង​គ្រឹះ​សំ​រាប់ការ​រើប​រើ​និង​ការអភិវឌ្ឍ​មាន​លំនឹង​»៕

​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​តែមួយគត់​ដែលមាន​សេដ្ឋកិច្ច​រីកចំរើន​នៅ​ឆ្នាំ​២០២០​ចំ​ពេល​កូវី​ដ​១៩​វាយប្រហារ​ខ្លាំង​