ប្រែសម្រួលៈវាសនា/បាងកក៖ថៃកំពុងពិចារណាដាក់កំហិតលើការនាំចេញវ៉ាក់សាំងកូវីដ១៩ផលិតក្នុងស្រុករបស់ក្រុមហ៊ុនAstraZenecaដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិផ្ទាល់របស់ខ្លួន។វាជាចំណាត់ការមួយដែលអាចប៉ះពាល់ប្រទេសជិតខាង និងនាំអោយមានការបារម្ភអំពីជាតិនិយមវ៉ាក់សាំង។
ចំណាត់ការរបស់ថៃអាចពន្យឺតការបញ្ជូនវ៉ាក់សាំងកូវីដ១៩ពីថៃទៅកាន់ម៉ាឡេស៊ី វៀតណាមនិងឥណ្ឌូនេស៊ី ដែលសុទ្ធតែកំពុងតស៊ូប្រយុទ្ធនឹងកំណើននៃការឆ្លងកូវីដ១៩និងបានជួបបញ្ហានៃការផ្អាកការផ្គត់ផ្គង់វ៉ាក់សាំងមកពីឥណ្ឌាកាលពីមុន។វាកើតឡើងចំពេលមានការអំពាវនាវអោយរដ្ឋាភិបាលថៃរកវ៉ាក់សាំងAstraZenecaផលិតដោយក្រុមហ៊ុនថៃអោយបានច្រើនសំរាប់ចាក់អោយប្រជាជនថៃ ខណៈប្រទេសកំពុងជួបវិបត្តិកូវីដ១៩ដ៏ធំធេង។
ក្នុងចំណោមប្រជាជនថៃ៦៦លាននាក់ មានតែប្រមាណ៥ភាគរយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ពេញលេញជាហេតុនាំអោយមានការអំពាវនាវអោយទុកវ៉ាក់សាំងផលិតដោយខ្លួនឯងអោយបានច្រើនសំរាប់ចាក់អោយប្រជាជនថៃ និងដាក់កូតានាំចេញ
ថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍អ្នកស្លាប់ដោយកូវីដ១៩ដល់ទៅ៩៨នាក់ ដែលជាចំនួនស្លាប់ខ្ពស់បំផុតមិនដែលមាន និង៩.១៨៦នាក់បានឆ្លងថ្មីនៅ២៤ម៉ោងកន្លងទៅ។កាលពីថ្ងៃពុធ អាជ្ញាធរបានប្រកាសអ្នកស្លាប់៨៧នាក់ និងឆ្លងថ្មី ៩.៣១៧នាក់។
សរុបចាប់តាំងពីកូវីដ១៩មានវត្តមាននៅថៃកាលពីដើមឆ្នាំមុនមក មនុស្ស៣៧២.២១៥នាក់បានឆ្លង និង៣.០៣២នាក់បានស្លាប់ដោយជំងឺឆ្លងសកលនេះ។
គិតត្រឹមថ្ងៃពុធ មនុស្ស១០៣.០៥៦នាក់កំពុងសម្រាកព្យាបាលកូវីដ១៩នៅតាមមន្ទីរពេទ្យ ទាំងពេទ្យធម្មតានិងពេទ្យបណ្តោះអាសន្នកណ្តាលវាល ហើយ៣.២៧៦នាក់ឈឺធ្ងន់និង៨៣៩នាក់កំពុងប្រើឧបករណ៍ជំនួយការដកដង្ហើម។
នៅទូទាំងពិភពលោក កូវីដ១៩បានបន្ថែមអ្នកជំងឺ៥៥៤.៥១០នាក់ទៀតនៅ២៤ម៉ោងកន្លងទៅ រហូតដល់ចំនួនសរុប១៨៩,១៦លាននាក់។ចំនួនស្លាប់ដោយជំងឺនេះនៅទូទាំងពិភពលោកកើន៨.៧១៥នាក់រហូតដល់ចំនួន ៤,០៧លាននាក់៕
អ្នកក្រុងបាងកកនាំគ្នាមកធ្វើតេស្តិ៍រកកូវីដ១៩នៅសង្កាត់ដនមឿង កាលពីថ្ងៃពុធ