ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្ត កំពង់ឆ្នាំង បានប្រារព្ធធ្វើពិធី អបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគម អតីតយុទ្ធជនខេត្ត។
បើយោងតាមរបាយការណ៍ របស់លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានបញ្ជាក់ថាៈ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ សមាជិកសមាគមអតីតយុទ្ធជន កម្ពុជា សរុបមានចំនួន ២.៩៧៩ នាក់ ក្នុងនោះ ជនពិការ មានចំនួន ៩៩៨នាក់ និវត្តន៍ជន មានចំនួន ៨១៥ នាក់ ជនបាត់បង់សមត្ថភាព មានចំនួន ៥២នាក់ ជនពលី មានចំនួន ៩៤៩ នាក់ និងជនមរណភាព មានចំនួន ១៦៦នាក់ ។
ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថាៈ ការប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជន កម្ពុជា នាពេលនេះ គឺដើម្បីរំលឹកគុណបងប្អូន អតីតយុទ្ធជន ដែលបានប្រឹងប្រែង តស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដី ជូនជាតិ មាតុភូមិ ទទូលបានសុខសន្តិភាព រហូតបច្ចុប្បន្ននេះ។
លោក អម សុភា បានមានប្រសាសន៍បន្តថា បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើអោយអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើ បច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាសុវត្ថិភាព ក្នុងការបើករបបសន្តិសុខសង្គម ប្រចាំខែ ដែលបានអនុវត្ត ជាមួយធនាគារដៃគូ នៅទូទាំង ២៥ រាជធានី ខេត្ត រាជរដ្ឋាភិបាល បានផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តន៍ជន និងជនបាត់បង់ សមត្ថភាពការងារ និងប័ណ្ណ មូលនិធិសមធម៌ សុខាភិបាល ជូនអ្នកកាន់សៀវភៅ របស់គ្រួសារពលី និងគ្រួសារ ជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបាច់បង់ប្រាក់ ។
លោក អម សុភា ក៏បានអំពាវនាវដល់បងប្អូន អតីតយុទ្ធជនកម្ពុជា ត្រូវចូមរួមអនុវត្តនូវ វិធានការការពារ អោយបានមុឺងម៉ាត់ របស់វិធានការ ក្រសួងសុខាភិបាល និងអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ៣ ការពារ និង ៣ កុំ អោយបានជាប់ ជាប្រចាំ ដើម្បីជៀសផុត ពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ។
ក្នុងពេលនោះ លោកក៏បាននាំយកអំណោយ តាមរយៈមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង ឧបត្ថម្ភដល់ អតីតយុទ្ធជន ចំនួន ៥០ នាក់ ដោយក្នុងម្នាក់ៗ ទទូលអង្ករ ចំនួន ២៥ គ.ក្រ គុយទាវ ២ ប្រអប់ ទឹកត្រី១យួរ ត្រីខ ១០កំប៉ុង ប៊ីចេង១កញ្ចប់ និងថវិកា ២ ម៉ឺនរៀល ៕/V-PC