រសៀល​នេះ​សម្តេច​តេ​ជោ នឹង​អញ្ជើញ​បិទ​សន្និបាតជាតិ​វិស័យសកម្មភាព​មីន

1006
ចែករម្លែក

 

ដោយ : តារារិទ្ធិ/ ​ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ ២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នឹងអញ្ជើញ​បិទ​ស​ន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន និង ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ ២០១៨-២០២៥ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​សន្និបាត​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥» ក្នុង​គោលបំណង​បង្ហាញ​ពី​សមិទ្ធផល​រយៈពេល​២៥​ឆ្នាំ នៃ​វិស័យ​សកម្មភាព​មីន​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​ក្នុងការ​ដោះស្រាយ​ការគំរាមកំហែង​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ សន្និបាត​នេះ​ក៏មាន​គោលបំណង​ស្វែងរក​ឱកាស​និង​មធ្យោបាយ​នានា​ដើម្បី​កៀរគរ​ធន ធាន​សម្រាប់​វិស័យ​សកម្មភាព​មីន​ផងដែរ​។​

​សូមបញ្ជាក់ថា​កម្ពុជា​ជា​ប្រទេសមួយ​នៅ​តំបន់​អាស៊ី​ដែល​ប្រឈម​បញ្ហា​មីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាច្រើន ដែលជា​លទ្ធផល​នៃ​សង្គ្រាមរ៉ាំរ៉ៃ​អូសបន្លាយ​យ៉ាងយូរ​ក្នុងប្រទេស និងក្នុង​តំបន់​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០ រហូតដល់​ចុងឆ្នាំ​១៩៩៨​។

​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹងថា ស្ថានភាព​ទូទៅ​នៃ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​លក្ខណៈ​ស្មុគស្មាញ​យ៉ាងខ្លាំង​។ បញ្ហា​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​របួស ចំនួន​ប្រមាណ ៦៤,៦៨៨ នាក់ គិត​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ ២០១៧ ព្រមទាំង​បង្ក​នូវ​សោកនាដកម្ម​ដ៏​ឈឺចាប់​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​ផងដែរ​។​

​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ទៀតថា អស់​រយៈពេល២៥​ឆ្នាំ​កន្លងមកនេះ​ ប្រទេស​កម្ពុជា​បានសម្រេច​ជោគជ័យ​ដ៏​ធំធេង​ ក្នុង​ការរំដោះ​ផ្ទៃដី​ដែលមាន​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​និង​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​ដោយសារ​មីន និង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ។

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ ផ្ទៃដី​ទំហំ ១,៧០០​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​សម្រាប់​យកទៅ​ប្រើប្រាស់ និង​បង្កបង្កើនផល ។ ក្នុងនោះ​មីន​ប្រមាណ ១.២៥ លាន​គ្រាប់ និង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ ២.៧​លាន​គ្រាប់ ត្រូវបាន​រកឃើញ និង​បំផ្លាញចោល​។ បើទោះបី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា បានទទួល​ស្គា​ល់ពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្តី ប៉ុន្តែ​ផ្ទៃដី​ប្រមាណ​ជា ២,០០០ គីឡូម៉ែត្រ​ក្រឡា​នៅមាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅឡើយ​។

​អាជ្ញាធរ​មីន រំពឹងថា កម្ពុ​ជាមាន​សមត្ថភាព​នឹង អាច​រំដោះ​តំបន់​ទាំងអស់​ដែល​ដឹងថា​មាន​មីន​ប្រឆាំង​មនុស្ស​នៅត្រឹម​ឆ្នាំ​២០២៥​ ៕B