​ដោយៈ​សុផល / ភ្នំពេញ​៖ ក្រុមការងារ​ជំនាញ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​នឹង​កំពុង​ព​ន្លឿ​ន ការរៀបចំ​នីតិវិធី អនុវត្ត​ការដក​ពិន្ទុ លើ​ប័ណ្ណបើកបរ តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ ស្មា​ត​ហ្វូ​ន ដើម្បី​ពង្រឹង​ការអនុវត្ត ច្បាប់​ចរ​រា​ចរណ៍​ផ្លូវគោក​។​

​តាម​ប្រព័ន្ធ​វីដេអូ Zoom នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង នគរបាលជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា ស្តីពី​វឌ្ឍនភាព​ការងារ នៃ​ការរៀបចំ កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណបើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការចូលរួម​ពី​លោក អគ្គនាយករង លោកស្រី ប្រធាន​នាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវគោក លោក​ប្រធាន​នាយកដ្ឋាន ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​មន្ត្រី​ជំនាញ​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង​ផងដែរ​។​

​បច្ចុប្បន្ន ក្រុមការងារ​ជំនាញ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គស្នងការដ្ឋាន នគរបាលជាតិ កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ និង​ត​ភ្ជាប់​ប្រព័ន្ធ ដើម្បីឱ្យ​កម្មវិធី​ដក​ពិន្ទុ​ប័ណ្ណបើកបរ និង​ពិន័យ​បទល្មើស ចរាចរណ៍​ផ្លូវគោក ឱ្យ​រួចរាល់ មុននឹង​រាយការណ៍ ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២១ និង​ទិសដៅ​ប្រើប្រាស់​ផ្លូវការ នៅ​ដើមឆ្នាំ​២០២២​។​

​កម្ម​វិធីដក​ពិន្ទុ​ប័ណ្ណបើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក អាច​ចាប់យក​រូបភាព​យានយន្ត ដែល​បើកបរ​ល្មើ​សនឹង​ច្បាប់ ដោយ​ការ​ស្កេ​ន​លើ​ប័ណ្ណបើកបរ ដើម្បី​កាត់បន្ថយ​ពិន្ទុ ចំពោះ​អ្នកបើកបរ យានយន្ត​ខុសច្បាប់ ទៅតាម​ស្ថាន​នៃ​បទល្មើស ដូចជា មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ផ្ទុក​មនុស្ស​លើស​កំណត់ ឬ​ល្មើស​ភ្លើង​សញ្ញា ជាដើម​។

​គួរកត់សម្គាល់​ដែរ​ថា យោងតាម​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក បានកំណត់​ឱ្យ​គ្រប់​ប័ណ្ណបើកបរ ត្រូវមាន ពិន្ទុសរុប ១២ ពិន្ទុ ហើយ​ចំនួន​ពិន្ទុ​នេះ ត្រូវ​កាត់បន្ថយ ទៅតាម​ស្ថាន​នៃ​ការប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ ចាប់ពី ១ ពិន្ទុ ដល់ ៦ ពិន្ទុ ហើយ​ក្នុងករណី​អស់​ពិន្ទុ គឺ​ប័ណ្ណបើកបរ ត្រូវ​ទុកជា​មោ​ឃៈ បើ​អ្នកបើកបរ​ចង់ បាន​ប័ណ្ណបើកបរ​ថ្មី ត្រូវ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ឡើងវិញ ក្នុង​រយៈពេល​យ៉ាងតិច ៦ ខែ គិត​ចាប់ ពីថ្ងៃ​ដែល​ប័ណ្ណបើកបរ ត្រូវ​ទុកជា​មោ​ឃៈ​៕/V​