ប្រែសម្រួលៈវាសនា/ឡូស អ៊ែនជើឡេស៖ ខណ្ឌឡូស អ៊ែនជើឡេស ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នឹងតំរូវអោយមនុស្សពាក់ម៉ាស់ការពារកូវីដ១៩ឡើងវិញ ចាប់ពីចុងសប្តាហ៍នេះនៅពេលបុគ្គលិកពេទ្យកំពុងតស៊ូទប់ទល់នឹងកំណើននៃការឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនចម្លងខ្លាំង ប្រភេទដែលតា។
ខណ្ឌដែលមានមនុស្សរស់នៅ១០លាននាក់មួយនេះ និងទីក្រុងឡូស អ៊ែនជើឡេស ដែលជាទីក្រុងធំបំផុតទី២នៅអាម៉េរិក ស្ថិតចំណោមតំបន់ជាច្រើនដែលណែនាំឬតំរូវអោយពាក់ម៉ាស់ និងអនុវត្តវិធានការរឹតត្បិតផ្សេងៗដើម្បីការពារទល់នឹងជំងឺឆ្លងកូវីដ១៩នៅប៉ុន្មានថ្ងៃមកនេះ នៅពេលចំនួនឆ្លងបានកើនឡើងវិញនៅផ្នែកខ្លះរបស់សហរដ្ឋអាម៉េរិក។
នាយកដ្ឋានសុខាភិបាលខណ្ឌឡូស អ៊ែនជើឡេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «យើងតំរូវអោយគ្រប់គ្នាពាក់ម៉ាស់ពេលនៅក្នុងអាគារ ក្នុងបន្ទប់នៃទីតាំងសាធារណៈ កន្លែងធ្វើការ ឬ ស្ថាប័នជំនួញមិនថាអ្នកបានចាក់វ៉ាក់សាំងរួចឬអត់ទេ ដើម្បីយើងអាចបញ្ឈប់ល្បឿនឆ្លងចេះតែកើនឡើងដែលយើងកំពុងឃើញស្រាប់»។
បទបញ្ជាពាក់ម៉ាស់នេះ នឹងចូលជាធរមាននៅយប់ថ្ងៃសៅរ៍ទៅ។
ការប្រកាសអោយពាក់ម៉ាស់ឡើងវិញនេះកើតឡើងក្រោយមានការឆ្លងកូវីដ១៩ជាង១.០០០នាក់ក្នុងមួយថ្ងៃអស់៦ថ្ងៃជាប់គ្នា នៅក្នុងខណ្ឌ ឡូស អ៊ែនជើឡេស ។អ្នកជំងឺកូវីដ១៩ចំនួន៩នាក់ក៏ត្រូវបានប្រកាសថាស្លាប់កាលពីថ្ងៃពុធនៅក្នុងខណ្ឌនេះ។
កាលពីថ្ងៃព្រហស្បតិ៍ មនុស្សជាង១.៥០០នាក់បានឆ្លងថ្មីនៅក្នុងខណ្ឌខណ្ឌឡូស អ៊ែនជើឡេស។ខណ្ឌដទៃទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក៏កំពុងជួបកំណើននៃការឆ្លងកូវីដ១៩ផងដែរ បង្កឡើងដោយវីរុសបំប្លែងខ្លួនដែលតា៕
រូបកាលពីថ្ងៃ១កក្កដា បង្ហាញអ្នកដំណើរពាក់ម៉ាស់ដើរក្នុងសង្កាត់លក់ដូរមួយនៅក្រុងឡូស អ៊ែនជើឡេស