ដោយ :បូកគោ/កែបៈ អគ្គិភ័យបានឆាបឆេះផ្សារសេះសក្រុងកែបបណ្តាលឱ្យខូចខាតអស់តូបចម្រុះមុខទំនិញជាង១២០កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ទីតាំងផ្សារដែលរងការឆាបឆេះនេះស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។ សមត្ថកិច្ចសន្និដ្ឋានថាជាករណីទុស្សេខ្សែភ្លើង។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកែបបានរៀបរាប់ថាកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ខែកក្កដា ពោលគឺក្រោយពីអាជីវករនាំគ្នាបិទតូបហើយធ្វើដំណើរទៅផ្ទះរៀងខ្លួនស្រាប់តែមានហេតុការណ៍អគ្គិភ័យឆាបឆេះផ្សារសេះសក្រុងកែបយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ កម្លាំងរបស់ស្នងការដ្ឋានខេត្តកែប សហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងរបស់ស្នងការដ្ឋានខេត្តកំពតចុះអន្តរាគមន៍ជាបន្ទាន់។ សមត្ថកិច្ចបានបន្តថាការពន្លត់ភ្លើងឆាបឆេះនេះ កម្លាំងចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងដោយចំណាយទឹកអស់៤០រថយន្តទើបគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយនៅម៉ោង៨យប់។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថាជាការសន្និដ្ឋានករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ដោយឡែកទំហំនៃមហន្តរាយនេះមិនទាន់ដឹងនៅឡើយក្រៅតែពីការមើលឃើញជាក់ស្តែងគឺបានខូចខាតអស់ចំនួន១២១តូប៕សរន