​ដោយៈ​សុផល​/​ភ្នំពេញ​៖ម្ចាស់​រថយន្ត​ធុន​ធ្ងន់​និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ថ្មីៗ​នេះ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅ​ទីតាំង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ព្រំប្រទល់​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល ហើយ​បានទាមទារ​៣​ចំណុច ប៉ុន្តែ​ក្រសួង​បានធ្វើ​ការបដិសេធ​សំណើ​ទាំងនោះ​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានចេញ​សេចក្តីប្រកាស​ពត៌មាន​មួយនា​ថ្ងៃទី​២១​ខែកក្កដា ដោយ​បញ្ជាក់ថា​៖​សំណើសុំ​ទាំង​៣​ចំណុច​ខាងលើនេះ មិនអាច​ដោះស្រាយ​តាម​សំណូមពរ​បាន ឡើយ ដោយហេតុថា ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​ដូច​មានចែង​ក្នុង មាត្រា​២៦ និង មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ប្រភព​ដដែល​នេះ បានឱ្យដឹង​ទៀតថា​៖ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ​អ្នកបើកបរ​រថយន្ត ធុន​ធ្ងន់ គួរតែ​ចូលរួម​សហការ​អនុវត្ត​វិធានការ​ច្បាប់​ទាំងអស់គ្នា ដើម្បី​ធានា​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្បកា​រ្យផ្លូវ ឱ្យ​ស្ថិតស្ថេរ គង់វង្ស និង​ជាប់​រឹងមាំ​តាម​អាយុកាល​បច្ចេកទេស​កំណ​ត់ ស្របតាម​កម្រិត ស្តង់ដា​នៃ​ការសាងសង់ ហើយក៏​អាច​ចូលរួមចំណែក​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ​លើ​ការជួសជុល​ថែទាំ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ខូចខាត​ដោយសារ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ។ កន្លងមក គណៈកម្មាធិការ​ដឹកនាំ ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បានធ្វើការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ច្បាប់ លិខិតបទដ្ឋាន​
​គតិយុត្ត និង​ទុក​ពេលវេលា​សមស្រប មុននឹង​ដាក់ចេញ​នូវ​វិធានការ​តឹងរឹង​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ ជា​ធរមាន​ផងដែរ ។

​ក្នុង​សេចក្តីប្រកាស​ពត៌មាន​នេះ បានលើកឡើង​ទៀតថា​៖​យោង​អនុសាសន៍ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ការប្រកបមុខរបរ​ទទួលទាន​ក៏ដូចជា​ការបំពេញ​ការងា​រ​តាម​វិជ្ជាជីវៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ការទទួលខុសត្រូវ គឺជា ការ​តបស្នង​ដ៏​សំខាន់​ដល់​សង្គមជាតិ ដែល​កំពុងមាន​សន្តិភាព និង ការរីកចំរើន ។​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សង្ឃឹម​ជឿជាក់ថា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ​អ្នកបើកបរ និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ តម្លាភាព សុ​ច្ចរិតភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ទាំងអស់គ្នា ។​

​ដោយឡែក​នៅក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ជាការ មណ្ឌល​ផ្តល់​សេវាសាធារណៈ​ទី​៥ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ផ្សារ​ទំនើប​ហេ​រី​ថេ​ក វ៉ក ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សំណូមពរ​ដល់​ក្រុម​រថយន្ត​ដឹកជញ្ជូន​ត្រូវ គោរព​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក និង​ច្បាប់ ស្ដីពី ផ្លូវថ្នល់ ហើយ​ក្រសួង​នឹង​បន្ត​អនុវត្ត​ច្បាប់​២៤ ម៉ោង លើ ២៤ ក្នុង មួយថ្ងៃ​។ ម្យ៉ាងទៀត​ប្រសិនបើ មិន​ចង់​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផាកពិន័យ និង​ឃាត់ទុក​១​ឆ្នាំ​ទេនោះ សូម​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន កុំ​ដឹក​ឲ្យ​លើសពី​២០​ភាគរយ នៃ​ច្បាប់​កំណត់​ឲ្យ​សោះ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​ឡាន​១​គ្រឿង ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​៤០ តោន តែ​បើកឡាន​នោះ​ដឹក​៥០​តោន ដែល​លើស​១០ ហើយ​យក​១០​តោន គុណ​នឹង​១០​តោន ស្មើ​១០០​តោន យក​១០០​តោន គុណ​នឹង​១០​តោន ស្មើ​១០០០​តោន យក​១០០០​តោន គុណ​នឹង​១០ ស្មើនឹង​១០០០០​តោន​។ ដូច្នេះ​ប្រសិនបើ​ឡាន​១​គ្រឿង ដឹក​លើស​ទម្ងន់​កំណត់​១០​តោន គឺ​ស្មើនឹង​ឡាន​១០០០០​គ្រឿង ធ្វើដំណើរ​តាមផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូចខាត​។​

​លោក​ស្នើ​ឲ្យ​ក្រុម​រថយន្ត​ដឹកជញ្ជូន ត្រូវគោរព​ច្បាប់​ដែលមាន​ជា​ធរមាន ហើយ​លោក​ថា «​ច្បាប់ គឺ​ច្បាប់ ដែលមាន ជា ធរមាន យើងខ្ញុំ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏មាន​គណៈកម្មការ​ត្រួត​ពិនិត្យ យានយន្ត​កែច្នៃ​ខុស លក្ខណៈ​បច្ចេកទេស ក៏មាន​ក្រុមការងារ​ជញ្ជីង​ត្រួតពិនិត្យ ឡាន​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ដោយ​ច្បាប់ ដោយ មាន ការចូលរួម​ពី​អាជ្ញាធរ ខាង​នគរបាល ខាង​កងរាជអាវុធហត្ថ​-​ល​- ដើម្បី​ជួយ​ទប់ស្កាត់​ក្នុងការ​ដឹកទំនិញ លើស ទម្ងន់​កំណត់ដោយ​ច្បាប់​»​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​បន្ថែមថា «​យើងខ្ញុំ​អនុវត្ត​ច្បាប់ ច្បាប់​បានចែង​ក្នុង​មាត្រា​៦០ នៃ​ច្បា ប់ ស្ដីពី ផ្លូវថ្នល់ បើកឡាន​ណា​ដឹកទំនិញ​លើស​២០​ភាគរយ ឧទាហរណ៍​ឡាន​ហ្នឹង​ដឹក​បាន​២០​តោន ចឹ​ង​២០​ភាគ រយ​បានតែ​២៤​តោន​ទេ តែ​២៤​លើស​បន្តិច ឡាន​ហ្នឹង​លើស​២០​ភាគរយ​ហើយ បើ​លើស​២០​ភាគរយ ត្រូវ​ផាក ពិន័យ​ហើយ ត្រូវ​ឃាត់​ឡាន​ទុក​១​ឆ្នាំ មិនមែន​ខ្ញុំ ស៊ុន ចាន់ថុល មិនមែន​ក្រុមការងារ​អ្នកត្រួតពិនិត្យ​យាន​ជំនះ ដឹក ទំនិញ លើ ស​ទម្ងន់​កំណត់​នៃ​ច្បាប់ ចង់​ចាប់​ឡាន​ទុក​១​ឆ្នាំ​ទេ ប៉ុន្តែ​ច្បាប់​ចែងថា បើ​ដឹកទំនិញ​លើស​២០​ភាគរយ ផាកពិន័យ​ហើយ ឃាត់​ឡាន​នោះ​ទុក​១​ឆ្នាំ​»​។ លោក​ថា អ្នកប្រើប្រាស់​ផ្លូវ​មាន​តួនាទី មាន​ភារកិច្ច មាន​កាតព្វកិច្ច ចូលរួម​ជាមួយ​រាជ រដ្ឋា ភិ​បាល ក្នុងការ​ថែរក្សា​ទ្រព្យសម្បត្តិ​ជាតិ​យើង ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​រក​ថវិកា គ្រប់បែប យ៉ាង​ទាំងអស់ ដើម្បី​យកមក​កសាង​ផ្លូវថ្នល់ ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់គ្នា​បានធ្វើ​ដំណើរ​ដោយ​ស្រួល​៕​