ដោយៈ បាយ័ន / សៀមរាបៈ មណ្ឌលផ្តល់សេវាសាធារណៈ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបានសម្ពោធ ដាក់ឲ្យដំណើរការ ជាផ្លូវការ កាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើទីតាំង ផ្សារទំនើប ហេរីថេក វ៉ក សៀមរាប ជាន់ទី២ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោមអធិបតីភាពលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការបង្កើតឲ្យមានមណ្ឌល ផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅលើទឹកដី សៀមរាប អង្គរនេះ ក្នុងគោលបំណង បង្ខិតសេវាសាធារណៈ ឲ្យកាន់តែនៅជិត បងប្អូនប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ យន្តការបច្ចេកទេស ព័ត៌មានវិទ្យា ដែលធ្វើឲ្យការផ្តល់សេវា បានលឿនរហ័ស ចំណាយតិចចំណេញ ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ។ ម្យ៉ាងទៀត ការផ្តល់សេវានេះ ដើម្បីបំពេញតម្រូវការ ប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប និងជួយសម្រាលភាពលំបាក បានច្រើនទៀតផង ។
លោក ទៀ សីហា បានលើកឡើងថាៈ នេះគឺជាសមិទ្ធផលថ្មី មួយទៀតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ខិតយកសេវារបស់ខ្លួន មកដាក់បម្រើជូន ប្រជាពលរដ្ឋ ដល់តាមបណ្ដាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែង បង្កើត និងកែប្រែប្រភេទសេវា មួយចំនួនទៅជាការ ស្នើសុំ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ដែលនេះជាការបង្កលក្ខណៈ កាន់តែងាយស្រួល ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ ធ្វើដំណើរទៅស្នើសុំសេវា នៅរាជធានីភ្នំពេញ។
អភិបាលខេត្ត ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវា ដោយផ្ទាល់ នៅផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) និងអង្គភាព ច្រកចេញចូលតែមួយ រដ្ឋបាលខេត្ត កុំចាំបាច់ ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឱ្យខាតបង់ថវិកាច្រើន និងសូមឱ្យមន្ត្រីបម្រើសេវា ធ្វើជាមន្ត្រីបម្រើរាស្ត្រ ដោយស្មោះត្រង់ ផ្តល់សេវា ជូនប្រជាពលរដ្ឋ បានកាន់តែលឿន និងឆាប់រហ័ស ហើយលុបបំបាត់ នូវភាពអសកម្មទាំងឡាយ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិយាយថាៈ មណ្ឌលផ្តល់សេវាសាធារណៈ ថ្មីនេះ ជាមណ្ឌលទី៥ បង្កើតឡើង ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការផ្តល់ សេវាសាធារណៈ កាត់បន្ថយពេលវេលា ទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាច គ្រប់គ្រង តាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវា ឱ្យកាន់តែ មានភាព ប្រសើរឡើង ។ បងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាប្តូរបណ្ណបើកបរ យានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមរយៈមណ្ឌល ផ្តល់សេវាសាធារណៈថ្មីនេះ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៨ យប់ ស្ថិតនៅជាន់ទី២នៃផ្សារ ទំនើបហេរីថេក វ៉ក (The Heritage Walk) មានអាសយដ្ឋាន ស្ថិតនៅអគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត សៀមរាប អាចមកទទួល សេវា ប្តូរប័ណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្តផ្ទេរកម្មសិទ្ធិ រថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឲ្យដំណើរការនេះតទៅ ហើយបងប្អូនប្រជាពលរដ្ឋ នឹងកាន់តែមាន ភាពងាយស្រួល និងអាចមកទទួល សេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល៕/V-PC