ដោយៈ សុផល / ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង បានទទួល​ជួប​សម្តែង​ការគួរសម និង​ផ្ដល់​អនុសាសន៍ តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ ជូន​បេក្ខជន​ជ័យលាភី អាហារូបករណ៍ ឆ្នាំ​២០២១ ចំនួន ២៤ រូប មុន​ចេញដំណើរ ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ជប៉ុន ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​ជំនួប​នេះ ធ្វើឡើង ដើម្បី​ផ្ដល់​អនុសាសន៍ ចំណេះដឹង បទពិសោធន៍​ល្អៗ ក៏ដូចជា បង្ហាញ​នូវ គោលនយោបាយ និង​ចក្ខុវិស័យ​របស់​ក្រសួង ដែលជា​ទស្សនទាន ដ៏​មានតម្លៃ​បំផុត សម្រាប់​បេក្ខជន ក្នុង​ការយកទៅ ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌ និង​ការអភិវឌ្ឍ​របស់​ជាតិ ក្នុង​គោលបំណង ឱ្យ​ពិភពលោក បានដឹង បាន​យល់ និង​មក​ទស្សនា​កម្ពុជា ដើម្បី​ស្វែងរក​កាលានុវត្តភាព ក្នុងការ​វិនិយោគ​ផងដែរ​។​

​ថ្លែង​ទៅកាន់​បេក្ខជន​ជ័យលាភី អាហារូបករណ៍ នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​នូវ ការកោត សរសើរ និង​អបអរសាទរ ដល់​បេក្ខជន​ជ័យលាភី​ទាំងអស់ ដែល​បានទទួល​អាហារូបករណ៍ ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ជប៉ុន និង​សង្ឃឹម ជឿជាក់ថាៈ បេក្ខជន​ជ័យលាភី​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង រៀនសូត្រ ដើម្បី​ក្រេប យកចំណេះ​ដឹង និង​បទពិសោធន៍​ថ្មីៗ នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ជួយ​អភិវឌ្ឍន៍ ប្រទេសជាតិ មាតុភូមិ​យើង ឱ្យបាន​រុងរឿង​ថែមទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថាៈ ធនធានមនុស្ស ជា​កត្តា​សំខាន់ ដែល​យើង​ត្រូវ តែ​ខិតខំ​ប្រឹងប្រែង បណ្ដុះបណ្ដាល ដើម្បី​ចូលរួម​កសាង​ប្រទេស ស្របតាម អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​តែងតែបាន​ក្រើន រម្លឹកថា ដើម្បី​កសាង​ប្រទេសជាតិ មាតុភូមិ ឱ្យបាន​រុងរឿង យើង​ត្រូវមាន ផ្លូវ ភ្លើង ទឹក និង​ធនធាន មនុស្ស​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង អំពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ ក្រសួង ក្នុងការ​ស្វែងរក​ជំនួយ កសាង​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្ដល់ ការបណ្ដុះបណ្ដាល វិស្វករ​កម្ពុជា ឱ្យមាន​ចំណេះ លើ​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ជា​លទ្ធផល ដំណើរ​ការចាប់​ផ្តើមដំបូង របស់​វិទ្យាស្ថាន​នេះ មាន​និស្សិត ចំនួន ១៩១ រូប សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩​។ ជាងនេះទៀត វិទ្យាស្ថាន កំពុង​ត្រៀម​ចុះ ហត្ថលេខា លើ​អនុស្សរណៈ យោគយល់​ជាមួយ សាកលវិទ្យាល័យ​មួយ របស់​ប្រទេស​ចិន ដែលមាន​ឈ្មោះ​ល្បីល្បាញ​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បណ្ដុះបណ្ដាល និស្សិត​យើង ក្រៅពីនោះ វិទ្យាស្ថាន ត្រៀម​បណ្ដុះបណ្ដាល មន្ត្រី​ក្រសួង ដើម្បីឱ្យ​មានចំណេះដឹង​ចូលរួម​កសាង ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​បេក្ខជន​ជ័យលាភី ឱ្យខិត​ខំប្រឹងប្រែង​រៀនសូត្រ បំពេញ​កាតព្វកិច្ច ជា​កូន​ខ្មែរ រក្សា​អាកប្បកិរិយា​ល្អ ប្ដេជ្ញាចិត្ត​ក្រេបជញ្ជក់ ចំណេះដឹង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន តាមច្បាប់​ទម្លាប់ និង​វិន័យ​របស់​សាលា ត្រូវ​រៀន​ឱ្យ​ចេះ រៀន​ឱ្យ​ចប់ ដើម្បី​យកចំណេះ​ដឹង និង​បទពិសោធន៍ មកជួយ​កសាង ប្រទេសជាតិ មាតុភូមិ មិន​ត្រឹមតែ​សិក្សា នៅលើ​តែ​ក្រដាស និង​សាលារៀន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ស្វែងយល់ បទពិសោធន៍ ក្នុងសង្គម និង​ការរស់នៅ របស់​ប្រទេស​គេ និង​បាន​ផ្តាំផ្ញើ ឱ្យ​បេក្ខជន​ជ័យលាភី​ទាំងអស់ ធ្វើខ្លួន​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ ជួយ​ផ្សព្វផ្សាយ អំពី​ប្រទេស​កម្ពុជា​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​ការងារ​ដែល សម្រេចបាន និង​ការងារ កំពុង​បន្ត ទាក់ទង​នឹង​ការអភិវឌ្ឍ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន គម្រោង​សាងសង់​ពង្រីក និង​លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ គម្រោង​សាង សង់​ផ្លូវ ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ គម្រោង​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ គម្រោង​ផ្លូវដែក និង​បណ្តាញ​ផ្លូវជាតិ សំខាន់ៗ​មួយចំនួនទៀត គម្រោង​អភិវឌ្ឍន៍​កម្មវិធី Port EDI ជាពិសេស ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បី​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ជាទី​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង នូវ​ពាក្យស្លោក​ថាៈ “​សំដី​ឥតប្រយោជន៍ នាំ​គ្រោះ​ដល់ ជាតិ ការងារ​មាន​ប្រសិទ្ធភាព នាំ​ជាតិ​រុងរឿង​” និង​បាន​សង្កត់ធ្ងន់ថាៈ ការ​តិះដៀល​គ្នា ទៅវិញទៅមក មិន​នាំ​ចំណេញ​ដល់​ជាតិ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើការ ឱ្យមាន​ប្រសិទ្ធភាព រៀនសូត្រ ឱ្យមាន​ចំណេះដឹង យក​បទពិសោធន៍ មកជួយ​ជាតិ ទើប​ជា​ពលរដ្ឋ​ល្អ រស់នៅក្នុង​សង្គម​៕/V​-PC