ឪ​ក្មេក​ចាក់​សម្លាប់​កូនប្រសា​នឹង​កាំបិត​ចុង​ស្រួច​ស្លាប់​

987
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់​បាន​ស្លាប់​នៅលើផ្ទះ ក្រោយពី​ឪពុកក្មេក​ចាក់​មួយ​កាំបិត​ចុង​ស្រួច​ចំ​ក្រោម​គាល់​ដោះ​។ ហេតុការណ៍​នោះ បានកើត​ឡើង​នៅ​ភូមិ​វាល​ពោធិ៍ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ាត់ វណ្ណា អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ចំណែក​ជនដៃដល់ គឺជា​ឪពុកក្មេក​ឈ្មោះ​កូប​អែល​។​

​លោក ដួង ស៊ី​វុត្ថា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្ត​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែឧសភា​នេះ​ថា ជនដៃដល់​បាន​រត់គេចខ្លួន ក្រោយពី​ចាក់​សម្លាប់​កូនប្រសា​។​

​រឿងហេតុ​ខាងលើនេះ ពីដំបូង​កើតឡើង​មកពី​ការ​ទាស់សម្តី​គ្នា​រវាង​ប្តី​ប្រពន្ធ តែ​ឪពុកក្មេក​កាន់ជើង​កូនស្រី ហើយ​ទាស់សម្តី​ជាមួយ​កូនប្រសា បង្ក​ជា​រឿង​ធំ​រហូត​ចាក់​សម្លាប់​កូនប្រសា​៕