ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​បង្កើត ឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស ជា​សមាជិក​រួមមាន ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​ប្រទេស​វៀតណាម ក៏ដូចជា​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន និង​កិច្ចសហប្រតិបត្តិការ អាស៊ាន​-​ចិន បូករួម​នឹង​ការធ្វើសមាហរណកម្ម និង​បំពេញបន្ថែម ជាមួយ​គំនិត​ផ្តួច ផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ របស់​ប្រទេស​ចិន និង​ជា​យន្តការ អនុតំបន់​មេគង្គ ដើម្បី​កសាង “ សហគមន៍​នៃ​អនាគត​សន្តិភាព និង​វិបុលភាព​រួមគ្នា​” ក្នុងចំណោម​ប្រទេស​ជា សមាជិក​។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង នេសាទ បាន​អះអាងថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​អទិភាព​ចំនួន​៥ ដែល​នៅ​ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ប្រធាន​នៃ​វិស័យ​អាទិភាព​ទី​៥ ស្តីពី កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​។

​លោក​បាន​បន្តថា ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​បា​ន​រៀបចំ​បង្កើត ក្រុមការងារ​បច្ចេកទេស ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើ​វិស័យ កសិកម្ម​។ កិច្ចប្រជុំ​ក្រុមការងារ​បានរៀបចំ​ឡើង​ចំនួន ៣​លើក​រួចមកហើយ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​នៃ​សមាជិក តាម​ប្រទេស​នីមួយៗ​។​

​លោក​បាន​បន្តថា តាមរយៈ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បាន​បង្កើត ជា​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង កម្ពុជា​ទទួលបាន គម្រោង​អនុវត្ត​ចំនួន ៥៥ គម្រោង មាន​ថវិការ​សរុប ២១ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​អនុវត្ត​គម្រោង​ចំនួន ៦ មាន​ថវិកា​អនុវត្ត​សរុប​ចំនួន ២.៦១០.៨៦១,៦៣​ដុល្លារ​អាមេរិក រួមមាន ដូចជា គម្រោង “​ការដោះស្រាយ​បញ្ហា​ការ​អន់ថយ​គុណភាព​ដី និង​ការលើកកម្ពស់​ជីវភាព​រស់នៅ តាម​មូលដ្ឋាន​តាមរយៈ​ការគ្រប់គ្រង​ដី​ប្រកបដោយ​ចីរភាព​” ថវិកា​អនុវត្ត មានតម្លៃ សរុប ៥០០.០០០ ដុល្លារ​អាមេរិក​។ គម្រោង “​ការលើកកម្ពស់​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ តំបន់​សម្រាប់​ការប្រយុទ្ធប្រឆាំង​ការនេសាទ​ខុសច្បាប់​តាម​ទន្លេមេគង្គ​ការមិន រាយការណ៍ និង​ការមិន​ចុះបញ្ជី ដើម្បី​គ្រប់គ្រង​ការនេសាទ​ប្រកបដោយ​ចីរភាព នៅ​តំបន់​មេគង្គ​” ថវិកា​អនុវត្ត ៥០០.០០០​ដុល្លារ​អាមេរិក​។ គម្រោង “​សហ​គ្រប់គ្រង សហគមន៍​នេ​សា​ទៈ ការកសាង​សមត្ថភាព និង​ការចែករំលែក​មេរៀន​និង​បទ ពិសោធន៍​អំពី​សហគមន៍​នេសាទ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​” ថវិកា​អនុវត្ត ១៦៣.៥៤៦,៦៣ ដុល្លារ​អាមេរិក​។ គម្រោង “​ការអភិវឌ្ឍ​សមត្ថភាព​ដើម្បី​ចូលរួម ចំណែក​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​” ថវិកា​អនុវត្ត ៤៩៩.៣១៥,០០ ដុល្លារ​អាមេរិក​។ គម្រោង ស្តីពី “​ការកសាង សមត្ថភាព​របស់​សមា​ជិ​ក​នៃ​ប្រទេស​តាម​ដង​ទន្លេមេគង្គ ដើម្បី​ការពារ​សត្វ​ផ្សោត ទឹកសាប និង​ជីវចម្រុះ​” ថវិកា​អនុវត្ត​៤៤៨.០០០,០០ ដុល្លារ​អាមេរិក​រយៈពេល​អនុវត្ត ២​ឆ្នាំ (២០២១-២០២២)​។​ល​៕​/PC