ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក បាន​អះអាងថា គ្រឿងចក្រ​ធុន​ធ្ងន់​ជប៉ុន​កំពុងតែ​សកម្ម​នៅ​ក្នុងការ​បោសសំអាត​មីន​នៅ​ខេត្ត​៨ ដែល​រួមមាន ដូចជា​នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប និង​ខេត្តស្ទឹងត្រែង​ជាដើម​។​

​លោក​បាន​អះអាងថា រដ្ឋាភិបាល​ជប៉ុន​បាន​គាំទ្រ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍ បច្ចេកទេស​គ្រឿងចក្រ​កំទេច​គ្រាប់មីន​នៅ​កម្ពុជា ហើយ​កម្មវិធី​បានចាប់ផ្តើម នៅ​ឆ្នាំ​១៩៩៨ និង​គាំទ្រ​គ្រឿងចក្រ​កំទេច​គ្រាប់មីន​គ្រា​ដំបូង​នៅ​ឆ្នាំ​២០០១ ។

​លោក​បាន​បន្តថា ក្រុមបច្ចេកទេស​ជប៉ុន​មកពី​មន្ទីរ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន រួមមាន​សាស្ត្រាចារ្យ តាម​សកល​វិទ្យាល័យ នៅ​ជប៉ុន ក្រុមហ៊ុន​គ្រឿងចក្រ​ធំៗ​របស់​ជប៉ុន​មាន កូ​ម៉ា​តស៊ូ ( Komatsu ) ក្រុមហ៊ុន ហ៊ី​តាជី (Hitachi) ក្រុមហ៊ុន កា​វ៉ា​សា​គី (Kawasaki)​ជាដើម​បាន​ចូលរួម​ផលិត​និង​ប្រកួត ប្រជែង​យ៉ាងសកម្ម​។

​គ្រឿងចក្រ​កំទេច​គ្រាប់មីន​ទាំងនេះ បាន​ជួយ​ព​ន្លឿ​ន​ល្បឿន​បោសសំអាត​គ្រាប់មីន នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ គ្រឿងចក្រ​ធន់​ធ្ងន់​កំទេច​គ្រាប់មីន​មាន​ទម្ងន់ ពី​២៥​តោន​ទៅ​៣៨​តោន និង​កំពុង​ប្រតិ​ប​តិ្ត​ការ​នៅ​តំបន់​ចំការមីន​ជាច្រើន​នៅ​កម្ពុជា ។

​ក្រៅពី​កម្ពុជា បច្ចុប្បន្ន​ជប៉ុន​បាន​គាំទ្រ​គ្រឿងចក្រ​កំទេច​គ្រាប់មីន​ប្រភេទ​នេះ​ទៅ ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក មានដូចជា​ប្រទេស​កូ​ឡុំ​ប៊ី អាហ្គានីស្ថាន អ៊ីរ៉ាក់ អង់​ហ្គោ​ឡា ឡាវ វៀតណាម និង​ប្រទេស​មួយចំនួនទៀត​៕​/PC