ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​សង្គម​ខ្មែរ មាន​ពាក្យ​សុភាសិត​មួយ​និយាយថា​៖ «​ទីណា​មានទឹក ទីនោះ​មាន​ត្រី​»​។ នេះ​សបញ្ជាក់​ឱ្យឃើញថា ធនធាន​ជលផល​នៅក្នុង ប្រទេស​កម្ពុជា ពិតជា​សម្បូរបែប​។ ជា​ការណ៍​ពិត ក្នុង​ទស​វ​ត្យ​រ៍​ទី​៨០-៩០ ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​-​កូន​សំខាន់​របស់​មច្ឆជាតិ មិនទាន់​បាត់បង់ ឯ​ការនេសាទ​ប្រើប្រាស់ ឧបករណ៍​នេសាទ​ទំនើបៗ និង​ខុសច្បាប់​ក៏​មិនសូវមាន ដូច្នេះ នៅតាម​អូរ ស្ទឹង បឹង បួរ ទន្លេ សម្បូរ​ទៅដោយ​ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើឱ្យ​តម្លៃ​ត្រី​ថោក​ជាង​សាច់​បសុសត្វ (​សត្វ​ចិញ្ចឹម​ដូចជា ជ្រូក មាន់ ទា គោ ក្របី សេះ​) ប៉ុន្តែ​ពេលនេះ​ខុសគ្នា ។ ទាំងនេះ គឺជា​ទស្សនៈ​របស់ ឈុត ឈា​ណា ដែល​បាន សរសេរ និង​ចុះផ្សាយ​នៅលើ បណ្តាញ​សង្គម​នៃ​អង្គការ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។

​ឈុត ឈា​ណា បាន​បន្តថា កាលណោះ អ្នករស់នៅ​តាម​ជនបទ និង​អ្នកមាន​ធនធាន ខ្សត់ខ្សោយ និយម​បរិភោគ​ត្រី​ច្រើនជាង​សាច់​បសុសត្វ​។ ចំណែក​អ្នកមាន​ធន​ធន គេ​និយម​បរិភោគ​សាច់​បសុសត្វ​ច្រើនជាង​ត្រី​។ ការណ៍​នេះ ស្ទើរតែ​ក្លាយទៅជា លក្ខណៈ​សម្គាល់​នៃ​វណ្ណៈ​នៅក្នុង​សង្គម​ទៅហើយ​។ អ្នកក្រ​ហូប​ត្រី អ្នកមាន​ហូប សាច់​។ ប៉ុន្តែ បច្ចុប្បន្ននេះ ដោយសារ​ការនេសាទ​ហួស​កម្រិត ការបាត់បង់​ទីជម្រក ការប្រើប្រាស់​ឧបករណ៍​នេសាទ​ទំនើបៗ និង​ខុសច្បាប់​ច្រើន បាន​បណ្តាលឱ្យ​ធន ធាន​ជលផល​ក្នុងប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ឯ​តម្លៃ​ត្រី ទាំង​ប្រភេទ​ត្រី តូច​-​ធំ​ក៏​ហក់​ឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។ ការណ៍​នេះ បាន​បណ្តាលឱ្យ​អ្នករស់នៅ តាម​ជនបទ និង​អ្នកមាន​ធនធាន​ខ្សត់ខ្សោយ ងាក​ទៅ​បរិភោគ​សាច់​បសុសត្វ ជំនួស​ត្រី​វិញ​។ ពួកគេ​អាច​ទិញ​សាច់​បសុសត្វ ក្នុង​ចំនួន​តិចតួច ២-៣​ខាំ ឬ​កន្លះ គីឡូក្រាម តម្រូវ​តាម​ទឹកប្រាក់​របស់​ពួកគេ​បាន​។ ចំណែកឯ​អ្នកមាន​ធនធាន បែ​ជា​និយម​បរិភោគ​ត្រី ដែលមាន​តម្លៃ​ខ្ពស់ ជំនួស​ឱ្យ​សាច់​បសុសត្វ​ដែលមាន តម្លៃថោក​វិញ ព្រោះ​គេ​យល់ថា ត្រី​ពី​ធម្មជាតិ គ្មាន​សារធាតុ​គីមី ល្អ​សម្រាប់​សុខភាព​។​

​ឈុត ឈា​ណា បាន​បន្តថា គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សូម​លើកទឹកចិត្ត ប្រជា​នេសាទ​ទាំងអស់ ឱ្យប្រើ​ប្រាស់​តែ​ឧបករណ៍​នេសាទ​តាមច្បាប់​ជលផល​កំណត់ និង​អ្នករស់នៅ​ក្បែរ ស្ទឹង បឹង និង​ទន្លេ​នានា មេត្តាជួយ​ការពារ​ព្រៃ​លិច​ទឹក ដែល​ជាទី ជម្រករ​បស់ពង​-​កូន​របស់​ត្រី ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​ធនធាន​ជលផល​ថែមទៀត ដើម្បី​ទាំងអស់គ្នា និង​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​។ សូម​ចែករំលែក​អត្ថបទ​នេះ និង​តាមដាន​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ធនធាន​ជលផល​នៅ​កម្ពុជា​៕/PC