ដោយៈ សុផល​/​ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​ក្រុង​ថៃ​ចូ​វ ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែកក្កដា បានផ្តល់​អំណោយ ជា​សម្ភារៈ​បរិក្ខារ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​

​សម្ភារៈ​ទាំងនោះ រួមមាន ម៉ាស់​ចំនួន ២០ កេស ស្មើនឹង ៥០.០០០ ម៉ាស់ អាល់កុល ជែ​ល​លាងដៃ ចំនួន ១០ កេស ស្មើនឹង ៩៦០ ដប ស្រោមដៃ​ការពារ ចំនួន ៥ កេស និង​ក្រដាស​សើម ចំនួន ២០ កេស​។​

​លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជួប ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម ក្រុង​ថៃ​ចូ​វ ប្រចាំ​កម្ពុជា ដឹកនាំ​ដោយ​លោក ហៃ ឡុង ចាង (Hai Long Zhang) និង​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​ប្រគល់​-​ទទួល សម្ភារៈ​បរិក្ខារ ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​-១៩​នេះ​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សភាពាណិជ្ជកម្ម ក្រុង​ថៃ​ចូ​វ ដែល​បានផ្ដល់​អំណោយ ជា​សម្ភារៈ​បរិក្ខា​មួយចំនួន​ដល់​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល និង​បាន​ជូនពរ​ឱ្យ​ក្រុមហ៊ុន ទទួលបាន​ជោគជ័យ នៅក្នុង​បេសកកម្ម​របស់ខ្លួន នៅ​កម្ពុជា​។​

​លោក ហៃ ឡុង​ចាង បាន​មានប្រសាសន៍ ឱ្យដឹងថាៈ ក្រៅពី​ការផ្តល់​សម្ភារៈ​ប្រយុទ្ធ នឹង​កូ​វីដ​១៩ សភា ពាណិជ្ជកម្ម​ក្រុង​ថៃ​ចូ​វ មាន​ចំណាប់អារម្មណ៍ លើ​កិច្ច​សហ ប្រតិបត្តិការ ជាមួយ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្វែងយល់ ពីគ្នា​ទៅវិញទៅមក ថា​តើ​សភាពាណិជ្ជកម្ម ក្រុង​ថៃ​ចូ​វ​អាច​ផ្តល់ ការគាំទ្រ និង​ជួយ​អ្វីខ្លះ ដល់​វិទ្យាស្ថាន ហើយ​វិទ្យាស្ថាន អាចជួយ​អ្វីខ្លះ​លើ​កិច្ច​សហ ប្រតិបត្តិ ការ​នេះ​។​

​ជាការ​ឆ្លើយតប លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន បាន​ជម្រាបជូន​ថាៈ វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹក ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​បង្កើតឡើង ក្រោម​គំនិត ផ្ដួចផ្ដើម របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយនឹង​ផែនការ យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុង​ការកសាង​ធនធានមនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ ការ នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​ដើម្បី​ចូលរួម​ប្រែក្លាយ​កម្ពុជា​ឱ្យក្លាយ​ទៅជា ប្រទេស មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​អភិវឌ្ឍន៍ នៅ​ឆ្នាំ​២០៥០​។​

​លោកនាយក​វិទ្យាស្ថាន បាន​គូសបញ្ជាក់​ផងដែរ អំពី​ភាពចាំបាច់​នៃ ការអភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​របស់​ក​ម្ពុ​ជា ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន និង​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​បាន​សង្កត់ធ្ងន់ថាៈ កម្ពុជា​នៅមាន​ការខ្វះខាត អ្នកបច្ចេកទេស​ច្រើន ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​របស់ខ្លួន នាពេល​បច្ចុប្បន្ន និង​អនាគត ដើម្បី​រួមចំណែក ដល់​ការលើក កម្ពស់​សេដ្ឋកិច្ច ឱ្យមាន​ការរីកចម្រើន ថែមទៀត​។​

​បន្ថែម​ពីលើ​នេះ លោកនាយក​វិទ្យាស្ថាន បានចង្អុលបង្ហាញ គោលដៅ​របស់​វិទ្យាស្ថាន ក្នុងការ​បណ្ដុះ បណ្ដាល​កូន​ខ្មែរ ឱ្យមាន​សមត្ថភាព មាន​ជំនាញ​ច្បាស់លាស់ លើ​វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន សំណង់​កំពង់ផែ ផ្លូវដែក និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្សេងៗ​ទៀត ឱ្យ​កូន​ខ្មែរ មាន​ទាំង​ចំណេះដឹង ទូលំទូលាយ មាន​អត្ត​ច​រិ​ក​ល្អ សីលធម៌ និង​ចរិយា​សម្បត្តិ​ថ្លៃថ្នូរ ដើម្បីឱ្យ​កូន​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ ក្លាយជា​អ្នក​បន្តវេន ប្រកបដោយ​សក្កា​នុព​ល និង​ការទទួលខុសត្រូវ​ខ្ពស់​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ គណៈប្រតិភូ​សភាពាណិជ្ជកម្ម ក្រុង​ថៃ​ចូ​វ ប្រចាំ​កម្ពុជា បាន​គោរព​អញ្ជើញ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​, លោក​រដ្ឋលេខាធិការ និង​គណៈប្រតិភូ​វិ ទ្យា​ស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន​ទៅធ្វើ ទស្សនកិច្ច ទីក្រុង​ថៃ​ចូ​វ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ពេលវេលា​សមស្រប ណាមួយ ដែល​អាចធ្វើ​ទៅបាន​៕/V​-PC