ដោយៈ សុផល / ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន ចំនួន​ពីរ នឹង​ជួយ​បាញ់ថ្នាំ សម្លាប់​មេរោគ ដោយ​ឥតគិតថ្លៃ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ បានទទួល​ជួប​ជាមួយ តំណាង​ក្រុមហ៊ុន LIXIN GROUP និង​ក្រុមហ៊ុន ASPORT ELECTRONICS CO.,LTD ដើម្បី​ពិភាក្សា​អំពី កិច្ច​សហ​ការផ្តល់សេវា បាញ់ថ្នាំ​សម្លាប់​មេរោគ ប្រភេទ Germagic ដែលមាន ប្រសិទ្ធភាព​ការពារ និង​កំចាត់​មេរោគ បាន​រហូតដល់ ៣០​ថ្ងៃ នៅតាម​ការិយាល័យ ធ្វើការ និង​ទីធ្លា​បរិវេណ​បន្ទប់​ប្រជុំ​នានា របស់​ក្រសួង​។​

​សូម​ជម្រាបជូន​ថា ក្រុមហ៊ុន​ខាងលើ បាន​ឯកភាព​ផ្តល់​កិច្ចសហការ ជាមួយ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ក្នុង​ការផ្តល់សេវា បាញ់ថ្នាំ​សម្លាប់​មេរោគ ដោយ​ឥត គិតថ្លៃ នៅតាម​ការិយាល័យ​ធ្វើការ និង​ទីធ្លា​បរិវេណ​បន្ទប់​ប្រជុំ​នានា​របស់​ក្រសួង ក្នុង​រយៈពេល​៦​ខែ ដើម្បី​រក្សា​អនាម័យ និង​លើកកម្ពស់ សុខភាព​មន្ត្រីរាជការ និង​ចូលរួម​បង្ការ និង​ទប់ស្កាត់ កុំឱ្យ​មេរោគ​ដ៏​កាច​សាហាវ បន្ត​ឆ្លង​រីក​រាលដាល កាន់តែខ្លាំង​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមហ៊ុន ដែលមាន​បំណង និង​ផ្តល់​កិច្ចសហការ ផ្តល់​សេវា​បាញ់ថ្នាំ សម្លាប់​មេរោគ ដើម្បី​ចូលរួមចំណែក ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​៕/V​-PC