ដោយ​: បូកគោ / កំពត​: និស្សិត​ឆ្នើម​ប្រចាំឆ្នាំ​២០២១​ក្នុង​ខេត្តកំពត​ពីររូប​បានទទួល​អាហារូបករណ៍​ទៅ​បន្ត​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​បារាំង​។ ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ជួយ​បំពេញតម្រូវការ​ក្នុងការ​រៀនសូត្រ​ឱ្យ​កាន់តែ​ប្រសើរ មូលនិធិ​សម្រាប់​និស្សិត​ខេត្តកំពត​បាន​ឧបត្ថម្ភ​ថវិការ​មួយចំនួន​ដល់​និស្សិត​ទាំងពីរ​។​

​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ លោក​ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា និង​ជា​ប្រធាន​មូលនិធិ​សម្រាប់​និស្សិត​ខេត្តកំពត បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នើម​ខាងលើ នៅ​សាលសន្និសីទ​ខេត្តកំពត​។​

​មានប្រសាសន៍​ក្នុង​ពិធី​ខាងលើ លោក ប៉ែន ស៊ីម៉ន បាន​ផ្តាំផ្ញើ​ថា​ដើម្បី​មានចំណេះដឹង​មក​បម្រើប្រជាជន និង​ប្រទេសជាតិ ក្មួយ​ទាំងពីរ​ត្រូវខិតខំ​សិក្សា​ឱ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព​ដែលមាន ប្រកបដោយ​ក្តី​អត់ធ្មត់​បំផុត​។ អ្វីដែល​ក្មួយៗ​ត្រូវ​គិត​ជា​ចម្បង​នោះ​គឺ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ព្រោះ​ជា​កត្តាចាំបាច់​ក្នុងការ​ស្រូបយក​ជំនាញ ដើម្បី​ក្លាយជា​សសរទ្រូង​ឈានទៅ​អភិវឌ្ឍន៍​ប្រទេស​នាពេល​អនាគត​។​

​សូមបញ្ជាក់ថា និស្សិត​ឆ្នើម​ដែល​ទទួលបាន​អាហារូបករណ៍​ផ្នែក​វិស្វកម្ម​ទាំង​២​នាក់ រួមមាន ១. និស្សិត​ឈ្មោះ សុខ​ល អាយ​លិ ត្រូវ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ទេ្វ​(Double Master Degree) ផ្នែក Industrial performance and Mechatronics System នៅ​សាលា​ជាតិ​ជាន់ខ្ពស់​រ៉ែ​។ ២. និស្សិត​ឈ្មោះ ឆាយ លី​អាន ត្រូវ​បន្ត​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​វិស្វកម្ម នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក្រុង​បារី​ស​។ មូលនិធិ សម្រាប់​និស្សិត​ខេត្តកំពត​បាន​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត​ទាំងពីរ​ចំនួន​ពីរ​ម៉ឺ​ដុល្លារ​៕​