ឥណទាន​អេស៊ីលីដា​ស្ថិតក្នុង​សភាព​ទ្រឹង​ក្នុង​ដំណាច់​ឆមាស​ទី​១

1444
ចែករម្លែក

(​ភ្នំពេញ​)៖​បញ្ហា​ខូចខាត​ដំណាំ​កសិផល និង​វិបត្តិ​តម្លៃ​កសិផល​បានធ្វើ​ឲ្យ​ការផ្តល់​ឥណទាន​របស់​អេស៊ីលីដា​នៅ​ដំណាច់​ឆមាស​ទី​១​ឆ្នាំនេះ ស្ថិតក្នុង​សភាព​ទ្រឹង​។​
​ ​
​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី​លោក​អ៊ិន ចាន់នី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នេះ​ថា ការផ្តល់​ឥណទាន​រប​ស់​អេស៊ីលីដា​ឆ្នាំនេះ មាន​កំនើន​ទាប​ជាង​១​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​ទំហំ​ទឹកប្រាក់​បាន​​កើន​ពី​២.៧៧១​ដល់​២.៧៩៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​ស្មើនឹង​កំនើន​០,៧៩​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​​លោក​បន្តថា ទោះជា​យ៉ាងណា​ការទទួលប្រាក់​បញ្ញើរ​មាន​កំនើន​ល្អប្រសើរ ដោយ​ទំហំ​ប្រាក់​បញ្ញើរ​បាន​កើន​ពី​៣.០៥១​លាន​ដុល្លារ​ដល់​៣.២៥៣​លាន​ដុល្លារ​អាមេរិក កើនឡើង​២០២​លាន​ដុល្លារ ស្មើនឹង​កំនើន​៦,៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​ ​
​លោក​បន្តថា “​ការផ្តល់​ឥណទាន​មិនសូវមាន​ភាព​លូតលាស់ ដោយសារ​បញ្ហា​កសិផល​របស់​ប្រជាកសិករ​មាន​បញ្ហា​នៅ​ឆ្នាំនេះ​ទើប​ពួក​​គេ​មិន​សម្រេចចិត្ត​ខ្ចីប្រាក់ ហើយ​អ្នកមាន​ប្រាក់​នៅសល់​បាន​យកប្រាក់​មក​ទុក​នៅ​ធនាគារ​ដោយសារ​ការវិនិយោគ​មិនមាន​ផល​​ចំណេញ​”​។​លោក​បន្តថា “​ទោះជា​យ៉ាងណា​វិស័យ​ដទៃទៀត​ក្រៅពី​កសិកម្ម មិនមាន​បញ្ហា​អ្វី​នោះទេ នៅតែ​ដំណើរ​ការល្អ​ជាធម្មតា​”​។​
​ ​
​លោក​អ៊ិន ចាន់នី​បាន​បន្តថា ចំណែក​ឥណទាន​ចំណាយ​ទូទៅ​(​ដូចជា​ឥណទាន​ទិញ​របស់របរ​ប្រើប្រាស់​) ក៏មាន​សភាព​ទ្រឹង​ផងដែរ​ដោយ​​រយៈពេល​៦​ខែ​ឆ្នាំនេះ ការផ្តល់​ឥណទាន​លើ​ផ្នែក​នេះ មាន​ទំហំ​ទឹកប្រាក់​៥៨​លាន​ដុល្លារ ខណៈ​ដំណាច់​ឆ្នាំមុន​ទំហំ​ឥណទាន​ផ្នែក​នេះ​មាន​​ទំហំ​ទឹកប្រាក់​៦៣​លាន​ដុល្លារ​អាមេរិក​។​លោក​បន្តថា លោក​រំពឹងថា ឥណទាន​ទូទៅ​ឆ្នាំនេះ​មាន​ប្រហាក់ប្រហែល​ឆ្នាំមុន​បើ​គិត​រហូតដល់​​ដំណាច់ឆ្នាំ​។​
​ ​
​លោក​បន្តថា “​ការផ្តល់​ឥណទាន​បែបនេះ មាន​បញ្ហា​ល្អ និង​មិនសូវ​ល្អ​សំរាប់​អតិថិជន​ប្រសិនជា​ពួកគេ​ទិញ​អ្វីមួយ​ដើម្បី​បង្កើន​ចំណូល​​ជាការ​ល្អ ប៉ុន្តែ​ប្រសិន ជា​ខ្ចី​យកទៅ​ទិញ​របស់​ប្រើប្រាស់​ធម្មតា មិន​បង្កើន​ចំណូល​នោះទេ​”​។​
​ ​
​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ឥណទាន​ប្រៀប​បី​ដូចជា​ខ្លាញ់​ក្នុង​ខ្លួន​មនុស្ស​កាល​​ណា​មនុ​ស្សមាន​ខ្លាញ់​ច្រើនពេក ក៏មាន​បញ្ហា​ដែរ ហេតុនេះ​ទើប​ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​បទបញ្ញត្តិ​មួយចំនួន​ដើម្បី​​ទប់​កំនើន​ឥណទាន​កុំ​ឲ្យ​កើន​ខ្ពស់​ពេក ព្រោះ​បើ​កើន​ខ្ពស់​ពេក​អាចមាន​ផលវិបាក​ដល់​សង្គម​។​

​លោក​បន្តថា “​ទោះជា​យ៉ាងណា​សេដ្ឋកិច្ច​ត្រូវការ​សាច់ប្រាក់ ដើម្បី​ឲ្យ​មាន​សកម្មភាព​និង​ការផលិត ហេតុនេះ​ការបញ្ចេញ​ឥណទាន និង​ឥណទាន​ដែល​ផ្តល់​កំលាំង​នៃ​សេដ្ឋកិច្ច គួរ​មានការ​ថ្លឹងថ្លែង​ឲ្យ​បាន​ម៉ត់ចត់​ផងដែរ​”៕

សោយ៖ច្រាយចំណាន

ធនាគារ​អេស៊ីលីដា​និង​លោក​អ៊ិន ចាន់នី​(​រូបថត​ឯកសារ​)​

 

ទីតាំងផ្សាយពាណិជ្ជកម្ម