ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ពោលគឺ​ពីថ្ងៃ​ទី ២៤ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​សរុប ៦៩.៥៤៩ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៦៨.២៥១ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១.២៩៨ នាក់​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ រួមមាន រាជធានី​ភ្នំពេញ​មាន ១៨.៥៣១ នាក់​, ខេត្តកំពត​៖ ១២.១៧៣ នាក់​, ខេត្ត​ព្រះសីហនុ​៖ ៧,៩៤១ នាក់​, ខេត្តកណ្តាល ៖ ៤.៧៩៣ នាក់​, ខេត្តកំពង់ស្ពឺ​៖ ៤.៧៨៨ នាក់​, ខេត្ត​កែប​៖ ៤.២៤០ នាក់​។

​លោក​បាន​បន្តថា ចំនួន​នេះ​មានការ​កើនឡើង ៩,៥៤% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​លោក ថោង ខុន បាន​ពោលថា ការគ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ នៅតាម​បណ្តា រាជធានី​-​ខេត្ត​មួយចំនួន ជា​កត្តា​សំខាន់​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​សប្តាហ៍ កន្លងមក ប៉ុន្តែ​ទោះយ៉ាងណា គណៈ​បញ្ជ​ការឯកភាព​រាជធានី​-​ខេត្ត នៅតែ​បន្ត​ចាត់ វិធាន​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​ភាព​ប្រុង ប្រយ័ត្ន​ចំពោះ​ចរន្ត​ភ្ញៀវទេសចរ​នៅតាម​គោលដៅ​ទេសចរណ៍​នានា​៕​/PC