អ្នក​ប្រដាល់​ជើង​ថ្មី ភិន សុទី ណាត់​ខ្លា​ចាស់ ហ៊ឹម សារ៉ាន សាក​កណ្ដាប់ដៃ​

1267
ចែករម្លែក

អ្នក​ប្រដាល់​ជើង​ថ្មី ភិន សុទី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ណាត់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ហ៊ឹម សារ៉ាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ លើស​ង្វៀន​ប៉ុស្តិ៍​លេខ​៥ នា​យប់​ថ្ងៃទី​២២​កក្កដា​នេះ​។​

​នេះ​ជាការ​ប្រកួត​មួយ​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​រូប ដែល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie បាន​សម្រាក​មួយ​សប្ដាហ៍ ដើម្បី​ត្រៀមខ្លួន​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

ភិន សុទី និង ហ៊ឹម សារ៉ាន់ (​រូប​៖ រ៉ូ​ហ្សា​)

​សុទី​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយរូប ដែល​កំពុងតែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​ចលនា​វ៉ៃ​របស់គេ​រហ័សរហួន មាន​ផ្លែ​វ៉ៃ​ចេញ​ល្អ និង​មាន​ប្លង់​វ៉ៃ​ច្បាស់​ល្អ មិនតែប៉ុណ្ណោះ​កម្លាំង​របស់គេ​អាច​វាយលុក​បាន​៥ ទឹក ដោយ​គ្មាន​បញ្ហា​ទៀតផង​។​

​សារ៉ាន​ជា​អ្នក​ប្រដាល់​ចិត្តធំ​មួយរូប ដែល​ហើយ​គេ​ក៏​ធ្លាប់ជា​អ្នក​ប្រដាល់​ល្បីល្បាញ​គ្រាន់បើ​ដែរ កាលពី​៣-៤​ឆ្នាំមុន​នោះ តែ​ពេលនេះ​គេ​មាន​អាយុ​ច្រើន​ដែរ​ហើយ គួបផ្សំ​នឹង​ការហ្វឹកហាត់​មិនបាន​ដិតដល់​ផង​នោះ បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​រូបនេះ មិន​ត្រឹមតែ​ស្រុត​បច្ចេកទេស​ប៉ុណ្ណោះ​ទេ គឺ​ស្រុត​ទាំង​កម្លាំង​។ គេ​នៅសល់តែ​បទពិសោធន៍​តែប៉ុណ្ណោះ​។​

​ជំនួប​មួយ​នេះ មិនទាន់​ប្រាកដថា សារ៉ាន ជា​អ្នកឈ្នះ​នោះទេ ហើយក៏​មិនទាន់​ប្រាកដថា ភិន សុទី អាច​ផ្ដួល​អ្នក​ប្រដាល់​ជើងចាស់​រូបនេះ​បានដែរ​។ នរណា​ជា​អ្នកឈ្នះ​?

​អ្នក​ប្រដាល់​ជើងចាស់ ជឹម សារ៉ាត់ ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី ផាត់ សូ​ដា ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។​

ជឹម សារ៉ាត់ និង ផាត់ សូ​ដា (​រូប​៖ រ៉ូ​ហ្សា​)

​ជាង​១០​ឆ្នាំមុន សារ៉ាត់ ជា​អ្នក​ប្រដាល់​ដែល​លំបាក​រក​គូប្រកួត​ណាស់ តែ​អ្នក​ជំនាន់​គេ​លែងមាន​អ្នក​បន្ត​អាជីព​ប្រដាល់​ទៀតហើយ​។ សារ៉ាត់ ដែល​បាត់​មុខ​រាប់​ឆ្នាំ​មកហើយ​នោះ បាន​វិល​មកវិញហើយ ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជំនះ​។ ប្រសិនបើ​គេ​ចាញ់​ក៏​គេ​ធ្វើ​ឲ្យ​គូប្រកួត​វេទនា​មិនតិច​ដែរ​ទេ​។​

​ចំពោះ សូ​ដា គេ​ជា​អ្នក​ប្រដាល់​មួយរូប ដែល​វ៉ៃ​មិន​អន់​ឡើយ តែ​គេ​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នោះឡើយ គ្រាន់តែ​គេ​វ៉ៃ​មិន​អន់ រហ័ស កែង​និង​ជង្គង់​វ៉ៃ​ចេញ​ធ្ងន់ និង​លឿន​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា នរណា​ជួប​សំណាងល្អ​ឡើយ​។​

​ថា​ន រ៉ា​ឌី ក្លិប​កុលបុត្រ​កូន​ខ្មែរ ដែលជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​ដែរនោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា គឺ សេង កំសត់ ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ វុ​ធ ចាវ​ណ្ណ ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ សាំង សីហា ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។ នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេង សាយ ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម