ដោយៈសុផល/ភ្នំពេញ:ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជានិងក្រសួងដឹកជញ្ជូនជប៉ុនបានពិភាក្សាគ្នាតាមអនឡាញពីគម្រោងសិក្សា សាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យ នៃផែនការមេទីក្រុងវៃឆ្លាត ក្នុងទីក្រុងសៀមរាប។
លោក កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ពិភាក្សាលើគម្រោងសិក្សាសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យ នៃផែនការមេ ទីក្រុងវៃឆ្លាត (Smart City) ក្នុងទីក្រុងសៀមរាបប៉ែកខាងកើតជាមួយក្រសួងដឹកជញ្ជូនជប៉ុនដែលមានការចូលរួមពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងភាគីពាក់ព័ន្ធផងដែរ។
អង្គប្រជុំបានពិភាក្សាអំពីវិធីសាស្ត្រ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ដែលមានភាពចាំបាច់ក្នុងតម្រូវការបច្ចុប្បន្នដោយស្របទៅតាមគោលការណ៍អភិវឌ្ឍន៍ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា និងភាពរីកចម្រើនសព្វថ្ងៃ ហើយត្រូវសិក្សាធ្វើយ៉ាងណាឱ្យមានភាពប្រសើរឡើងថែមទៀតក្នុងការគ្រប់គ្រង អភិវឌ្ឍ សាងសង់ សម្រាប់តំបន់ដែលកំពុងអភិវឌ្ឍន៍ខ្លាំង ក៏ដូចជានៅទូទាំងប្រទេសនាពេលអនាគត។
ជាមួយនោះដែរ អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការរីករាយសហការ ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះរួមទាំងខាងក្រសួងដឹកជញ្ជូនជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
ដែលតែងជួយធ្វើឱ្យប្រសើរឡើង លើកកម្ពស់ការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងផ្តល់កិច្ចសហការគ្នាបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕សរន