ដោយ​: ម៉េង​ឆៃ /​ភ្នំពេញ​: រាជរដ្ឋាភិបាល បានសម្រេច​ខ្ទប់​ខេត្ត​ចំនួន​ប្រាំបី​ជាប់​ព្រំដែន​ថៃ រួមមាន​៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តសៀមរាប​។ វិធាន​ការបិទ​ខ្ទប់​ខេត្ត​ទាំងនេះ រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣ និង​៥៩​នាទី នា​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ក្នុង​សហគមន៍ ដែល​បណ្តាលមកពី​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta)​។

​ជាមួយគ្នា​នោះ កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ចេញ​នូវ​សារាចរ ១១​ចំណុច ដើម្បី​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រលក​ទី​៣​។ ក្នុង​សារាចរ​ថ្មី​នេះ ក៏បាន​កំណត់​ឲ្យ​រាជធានី​ខេត្ត​ទូទាំងប្រទេស រឹតបន្តឹង​នូវ​វិធានការ​រដ្ឋបាល ដែល​រួមមាន ការហាមឃាត់​មុខរបរ ការងារ និង​អាជីវកម្ម​មួយចំនួន រួមទាំង​ការដាក់ចេញ​នូវ​បម្រាម​គោចរ ពី​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង ៣​ទៀបភ្លឺ សម្រាប់​ភូមិសាស្ត្រ​ទាំងមូល ឬ​ផ្នែក​ណាមួយ ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ជាពិសេស សម្រាប់​រាជធានី​ភ្នំពេញ ទី​រួម​ខេត្ត និង​ទីប្រជុំជន​នានា ជាដើម​។​

​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ថៃ ក៏បាន​សរសេរ​លិខិត ជូនដំណឹង​ទៅកាន់​អាជ្ញាធរខេត្ត​ប្រទេស​ថៃ ពី​ការសម្រេច​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន សម្រាប់​អ្នកដំណើរ​ចេញ​-​ចូល ចាប់ពី​ម៉ោង ១១ និង​៥៩​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ក្នុង​រយៈពេល ១៤​ថ្ងៃ​។ វិធានការ​នេះ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ ដែល​តា ( Delta ) ក្នុង​ខេត្ត ដែល​ត្រូវបាន​បិទ​ខ្ទប់ នៅជាប់​ព្រំដែន​ថៃ និយាយ​ដោយឡែក និង​និយាយ​ជារួម ទប់ស្កាត់​កូ​វីដ ក្នុងប្រទេស​កម្ពុជា​។​

​យ៉ាងណាក៏ដោយ ការបិទ​ព្រំដែន​កម្ពុជា​-​ថៃ​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ២៣ និង ៥៩​នាទី ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា​សម្រាប់​អ្នកដំណើរ​ចេញ​-​ចូល រួមមាន ពលករ អាជីវករ និង​ពាណិជ្ជករ គឺ​ត្រូវបាន​លើកលែងតែ​ការដឹកជញ្ជូន​ទំនិញ និង​ករណី​ពិសេស ដែលមាន​ការអនុញ្ញាត​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច ជាអាទិ៍ ករណី​អ្នកជំងឺ​សង្គ្រោះបន្ទាន់​។​

​វិធាន​ការបិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន ការបិទ​ព្រំដែន​កម្ពុជា​-​ថៃ​ជា​បណ្តោះអាសន្ន រួមទាំង​សារាចរ​ណែនាំ ដើម្បី​ទប់ស្កាត់​កូ​វីដ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​តា ដ៏​កាច​សាហាវ​នេះ បានធ្វើ​ឡើង ក្នុង​គោលដៅ កុំ​ឲ្យ​នាំចូល​ជំងឺឆ្លង​នេះ មក​កម្ពុជា​តទៅទៀត​។ មូលហេតុ កន្លងមក ពលករ​ខ្មែរ​យើង ដែល​បាន​ឆ្លងដែន​មកពី​ថៃ ច្រើន​រយ​នាក់ ក្នុង ១​ថ្ងៃៗ រកឃើញ​ឆ្លង​កូ​វីដ ហើយ​ក្នុងនោះ ក៏មាន​ប្រភេទ​មេរោគ​បំប្លែង​ថ្មី ដែល​តា ផងដែរ​។ ដូច្នេះ​បិទ​ព្រំដែន​ថៃ ពេលនេះ គឺ​ទប់​កុំ​ឲ្យ​កូ​វីដ ឆ្លង​ចូល​ថែមទៀត​។​

​ប៉ុន្តែ​មុនពេល​បិទ​នេះ គឺ​កូ​វីដ ត្រូវបាន​នាំចូល​តាម​ពលករ​ខ្មែរ​យើង​រាប់រយ​នាក់ ក្នុង​មួយថ្ងៃៗ ហើយ​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល គឺ​ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​មេរោគ​បំប្លែង​ថ្មី ដែល​តា ទាំង​ជាង ១០០​នាក់ គិត​ត្រឹម​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក៏មាន​ឆ្លង​លើ​មន្ត្រី​សុខាភិបាល នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​យ៉ាងហោចណាស់ ៥​នាក់ និង​ឆ្លង​សហគមន៍ ១៤​នាក់​ផ្សេងទៀត​។​

​ទន្ទឹមនឹង​ការបិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ការបិទ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​យប់​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា គឺ​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងទៀត នៅ​ខាងក្នុងៗ ក៏បាន​ចេញ​វិធានការ​រដ្ឋបាល ប្រកាស​សម្រេច​រឹតបន្តឹង​បន្ថែម​លើ​វិធានការ ដែល​បាន​ដាក់ចេញ​កន្លងមក ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​។​

​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​យ៉ាងហោចណាស់ មាន​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម បាន​ដាក់ចេញ​សម្រេច​អនុវត្តន៍​វិធានការ​រដ្ឋបាល រយៈពេល ២​សប្តាហ៍ ចាប់ពី​វេលា​ម៉ោង ១១ និង​៥៩ នាទី​យប់ ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា​។ ក្នុងនោះ ក៏មាន​ដាក់​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម នៅ​ចន្លោះ​ម៉ោង ៩​យប់​ដល់​ម៉ោង ៣​ទៀបភ្លឺ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​នៅក្នុង​អំឡុងពេល​អនុ​វត្ត​វិធានការ​រដ្ឋបាល​នេះ រាជធានី​ភ្នំពេញ បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រួមមាន​សាលារៀន រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន ប៉ុន្តែ​អាចធ្វើ​ការបណ្ដុះបណ្ដាល​តា​ម​ប្រព័ន្ធ​អន​ឡាញ អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចឹ​ម​គ្រប់​ប្រភេទ ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រោងភាពយន្ត រោង​សម្ដែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។

​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែលមាន​មនុស្ស​ចូលរួម​លើសពី ១០​នាក់ នៅតាម​ទីសាធារណៈ ក៏​ត្រូវបាន​ហាមឃាត់​។ ភោជនីយដ្ឋាន ហាង​កាហ្វេ ជាដើម ក៏​អនុញ្ញាត​ឲ្យ​លក់ដូរ បានត្រឹមតែ​ការ​វេច​ខ្ចប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ ចូល​អង្គុយ​ហូបចុក​ទៀត​នោះទេ​។​

​វិធាន​ការបិទ​ព្រំដែន បិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន រួមទាំង​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដោយមាន​ទាំង​ការដាក់ចេញ​នូវ​បម្រាម​គោចរ នៅពេល​យប់​ផង នាពេលនេះ បានធ្វើ​ឡើង ខណៈដែល​ស្ថានភាព​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ នៅ​ទូទាំងប្រទេស​ប៉ុន្មាន​ថ្ងៃនេះ ហាក់ដូចជា​ថយចុះ មក​នៅត្រឹមតែ​ជាង ៧០០​នាក់ ក្នុង ១​ថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់ ក៏​ថយ​មក​ត្រឹម​ជាង ១០​នាក់​ប៉ុណ្ណោះ ក្នុង ១​ថ្ងៃៗ​។ ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​កូ​វីដ ដែលជា​ករណី​នាំចូល មាន​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២៨ ខែកក្កដា នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​ថ្មី ៧៦៥​នាក់ ជាសះស្បើយ ៦៩៤​នាក់ និង​ស្លាប់​ថ្មី ១១​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី ទាំង ៧៦៥​នាក់ កាលពី​ថ្ងៃទី​២៨ ខែកក្កដា គឺមាន ៣២៨​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ដែល​សំដៅលើ​អ្នកដំណើរ តាម​យន្តហោះ និង​ដោយ​ច្រើន គឺជា​ពលករ​ខ្មែរ ឆ្លងដែន​មកពី​ប្រទេស​ថៃ​។ គិត​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​សរុប ៧៥៩១៧​នាក់ ករណី​ជាសះស្បើយ​សរុប ៦៨៣៨៦​នាក់ និង​ករណី​ស្លាប់​សរុប ចំនួន ១៣៥០​នាក់​។​

​ដូច្នេះ​នៅពេលនេះ ខេត្ត​ជាប់​ព្រំដែន​ថៃ បាន​បិទ​ខ្ទប់ ក្នុង​បំណង​កាត់ផ្តាច់​ការឆ្លង​រាលដាល​កូ​វីដ ពិសេស​មេរោគ​បំប្លែង​ថ្មី ដែល​នាំចូល​ពី​ប្រទេស​ថៃ​។ ប៉ុន្តែ​នៅ​ខេត្ត​ជួរ​ក្រោយ ផ្ទៃក្នុង​ប្រទេស រួមទាំង​ខេត្ត​នៅ​ព្រំដែន​ឡាវ និង​ព្រំដែន​វៀតណាម ពិសេស​នៅ​ភ្នំពេញ ក៏​មិនត្រូវ​ធ្វេសប្រហែស​នោះទេ​។ យើង​ម្នាក់ៗ ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ តាមរយៈ​វិធានការ​សាមញ្ញៗ គឺ​៣​ការពារ ៣​កុំ ហើយ​បើ​មិនចាំបាច់ សូម​បន្ត​នៅតែ​ផ្ទះ​។ តែបើ​ចេញ​ក្រៅ ត្រូវតែ​ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន ដោយ​ត្រូវ​ពាក់​ម៉ាស​ជាប់​ជានិច្ច លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​

​ក្រៅពី ៨​ខេត្ត​ជាប់​ព្រំដែន​នេះ នៅ​ខេត្ត​ផ្សេងៗ​ទៀត ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​វិធាន​សុខាភិបាល និង​ថែរក្សា​ខ្លួន កុំ​ឲ្យ​ឆ្លង​កូ​វីដ បើ​មិន​ចង់​បិទ​ខ្ទប់​ទេ​។ ម្នាក់ៗ នៅ​ទូទាំងប្រទេស បាន​ស្គាល់​រួចហើយ​នូវ​រស់ជាតិ​នៃ​ការបិទ​ខ្ទប់ និង​វិធានការ​រដ្ឋបាល រួមទាំង​បម្រាម​គោចរ នៅពេល​យប់​។ ពេលនេះ នៅ​ភ្នំពេញ ចាប់ផ្តើម​អនុវត្ត​ឡើងវិញ​នូវ​បម្រាម​គោចរ​ជាថ្មីទៀត ក្រោយ​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​កាលពី​អំឡុង​ខែមេសា និង​ដើមខែ​ឧសភា​។​

​ក៏ប៉ុន្តែ​ចូរ​កុំភ្លេចថា បើសិនជា​ម្នាក់ៗ​នៅ​ខេត្ត​ជួរ​ក្រោយ រាប់ទាំង​នៅ​រាជធានី​ភ្នំពេញ​ផង មិន​ចូលរួម​ទប់ស្កាត់​កូ​វីដ ហើយ​ធ្វេសប្រហែស​ឲ្យ​ឆ្លង​រាលដាល​កាន់តែច្រើន នោះ​វិធាន​ការបិទ​ខ្ទប់​ដូច​ខេត្ត​ជាប់​ព្រំដែន​ថៃ នឹងត្រូវ​ពង្រីក​នៅ​ខេត្ត​រាជធានី​ផ្សេងទៀត​។ ស្ថានភាព​បិទ​ខ្ទប់ ដែលមាន​របាំង​រាំងផ្លូវ ខ្សែ​ចង​កាត់​មុខផ្ទះ កាត់​ផ្លូវ មិនអាច​ធ្វើដំណើរ​ទៅណា​មក​ណា​បាន សូម្បីតែ​ចេញ​ក្រៅ​ផ្ទះ គឺ​ស្ថានការណ៍​បែបនេះ នឹង​វិល​មកវិញ ប្រសិនបើ​ចំនួន​អ្នក​ឆ្លង​កូ​វីដ តាម​បណ្តា​ខេត្ត​រាជធានី មិន​ថមថយ ក្នុង​រយៈពេល ១៤​ថ្ងៃនេះ​ទេនោះ​៕​