ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា បានចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវ និងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹង ឲ្យចូលរួមអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងសកម្មភាពចុះអនុវត្តសេចក្ដីនេះគេសង្កេតឃើញថា មានប្រជាពលរដ្ឋភាគច្រើនអនុវត្តតាមបានយ៉ាងល្អនិងមួយចំនួនតូចមិនទាន់អនុវត្តការណែនាំរបស់អាជ្ញាធរ នៅឡើយ ។
គួរបញ្ជាក់ថា ការអនុវត្តវិធានការបម្រាមគោចរក្នុងរាជធានីភ្នំពេញ នៅយប់នេះត្រូវអនុវត្តពីម៉ោង២៣:៥៩ ដល់ម៉ោង៣ទៀបភ្លឺ ហើយចាប់អនុវត្តពីយប់ថ្ងៃទី៣០ខែកក្កដានេះទៅ ៕សរន-PC