ដោយ:បាយ័ន/សៀមរាបៈ ជនអនាថា និង អ្នកសុំទាននៅក្នុងក្រុងសៀមរាប នឹងត្រូវប្រមូលយកមកឲ្យរស់នៅក្នុងតំបន់ភ្នំចង្រ្កានរយ ស្រុកវ៉ារិន នេះបើតាមការញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។


លោកអភិបាលរងខេត្តបាននិយាយថាដំណោះស្រាយសម្រាប់ជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប នឹងប្រមូលពួកគាត់ឲ្យមករស់លើទីតាំងមួយកន្លែងដែលបានត្រៀមទុក នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយនេះ ដែលខាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ នឹងសង់កន្លែងស្នាក់នៅឲ្យពួកគាត់ រៀបចំប្រព័ន្ធទឹក ដែលអាចឲ្យពួកគាត់ដាំដំណាំលក់យកកម្រៃចិញ្ចឹមជីវិតបាន ប៉ុន្តែមិនមែនចែកដីឲ្យពួកគាត់ទេ តែឲ្យគាត់ស្នាក់នៅ ហើយសហការជាមួយសហគមន៍ ឲ្យគាត់ដាំបន្លែ ចិញ្ចឹមសត្វបាន ហើយគាត់រស់នៅបានសុខសាន្តទៀតផង។
លោកនិយាយទៀតថា ការបង្កើតមុខរបរសម្រាប់ជនអនាថា អ្នកសុំទាន យើងរំពឹងថា ពួកគាត់ នឹងទទួលបានផលច្រើនពីទីតាំងថ្មីនេះ ព្រោះនៅពេលបញ្ចប់វិបត្តិកូវីដ-១៩ តំបន់សហគមន៍ព្រៃឈើចង្ក្រានរយ នឹងមានអ្នកទេសចរមកកម្សាន្តច្រើន ខណៈពេលនេះអាជ្ញាធរក៏កំពុងរៀបចំជាប្រព័ន្ធផ្លូវសម្រាប់សម្រួលចរាចរណ៍ដល់អ្នកមកកម្សាន្តទៀតផង។
អេកូទេសចរណ៍ចង្ក្រាន្តរយ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានផ្ទៃដីទំហំ៩.១០៤ហិកតា បានបង្កើតឡើងកាលពីឆ្នាំ២០១០ និងបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅឆ្នាំ២០១៧៕សរន