​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ភាគី​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ បាន​ជួប​ពិភាក្សាគ្នា​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​លើ​កា រ​រៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។

​សូមជម្រាបថា​៖ ផែនការមេ​បច្ចេកវិទ្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នេះ រួមមាន​បួន​ផ្នែក​សំខាន់​គឺ​៖ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការផ្ដល់​សេវាសាធារណៈ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​វិស័យ​សាធារណៈ ការគាំទ្រ​រដ្ឋបាល​ផ្ទៃក្នុង និង​ការតភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ​ទាំង​ក្នុង ក្រៅ​ស្ថាប័ន​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឱ្យ​យល់​ពី​គោលបំណង និង​គោលដៅ​នៃ​ការបង្កើត​ផែនការមេ​បច្ចេកវិទ្យា ក៏ដូចជា​ប្រមូល​ធាតុ​ចូល និង​មតិយោបល់​បន្ថែម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ អាច​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​បំពេញការងារ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​គម្រោង​នេះ​ក៏ដូចជា​ដើម្បី​ប្រកាស​សមាសភាព​គណៈកម្មកា​រ​រៀបចំ​ផែនការមេ​បច្ចេកវិទ្យា និង​ក្រុមការងារ​បច្ចេកទេស​ផងដែរ​។​

​លោក ឈួន វិ​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន (MPWT ICT MASTER PLAN) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ របស់​គណៈកម្មការ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ទទួលបន្ទុក សមាជិក សមាជិកា ក្រុមការងារ​បច្ចេកទេស ដើម្បី​គាំទ្រ​ការរៀបចំ​ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​VIETTEL ដែល​ដឹកនាំ​ដោយ លោក Phung Van Cuong អគ្គនាយក​ក្រុមហ៊ុន VIETTEL (CAMBODIA) PTE., LTD​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការងារ បច្ចេកវិទ្យា ពោលគឺ​មិន​ថា​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ទេ បច្ចុប្បន្ននេះ​សុទ្ធតែ​បាន​យកចិត្ត ទុកដាក់​លើ​ការងារ​បច្ចេកវិទ្យា​ទាំងអស់ ពីព្រោះ​ការងារ​នេះ​មានការ​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​ពី​ដំណាក់កាល មួយ​ទៅ​ដំណាក់កាល​មួយ ដែល​តម្រូវឱ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​ថ្មីៗ​នេះ​បានអនុម័ត​ក្របខ័ណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥ និង​កំពុង​រៀបចំ​បញ្ចប់​ក្រប ខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ឆ្នាំ​២០២១-២០៣០ ផងដែរ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែមថា​៖ ដើម្បី​អនុវត្ត​គោលនយោបាយ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ចាំបាច់​ត្រូវមាន​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ​ចូលរួម ជាពិសេស រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​ការចូល រួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ បន្ថែម​ពីលើ​នេះ លោក​បានកត់សម្គាល់​ផងដែរ​ថា​៖ កម្ពុជា​នឹង​ក្លាយទៅជា​រាជរដ្ឋាភិបាល​ឌីជីថល នៅពេល​សម្រេចបាន​នូវ​ការរៀបចំ​គោលនយោបាយ​បន្ទាន់​មួយទៀត គឺ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ក្នុង​គោលដៅ​ជំ​រុញឱ្យ​ក្រសួង​-​ស្ថាប័ន ដែល​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវអនុវត្ត​ការផ្តល់​ការ​សេវា​របស់ខ្លួន​តាមរយៈ​បច្ចេកវិទ្យា​អន​ឡាញ​។

​ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋលេខាធិការ បាន​សង្កត់​ធ្ងន់ធ្ងរ​ថា​៖ ផែនការមេ​បច្ចេកវិទ្យា​សម្រាប់​វិស័យ សាធារណការ និង​ដឹកជញ្ជូន​នេះ គឺជា​ផែនការមេ​រួម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​មិន​សំដៅ ទៅលើ​ផែនការមេ​បច្ចេកវិទ្យា​របស់​អគ្គនាយក​ដ្ឋា​ន ឬ​អង្គភាព​ណាមួយ​ក្រោម​ឱវាទ​ក្រសួង​នោះទេ និង​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​៖ ផែនការមេ​បច្ចេកវិទ្យា​នេះ នឹង​ដំណើរការ​ទៅដោយ​រលូន ស្របតាម​ទស្សនៈវិស័យ​របស់លោក​ទេសរដ្ឋមន្ត្រី ដែលមាន​គោលបំណង​ជំរុញ​ឱ្យ​គ្រប់​អគ្គនាយកដ្ឋាន និង​អង្គភាព ចំណុះឱ្យ​ក្រសួង​ទាំងអស់​អាច​ផ្ដល់​សេវា​តាម​ប្រព័ន្ធ​អន​ឡាញ​នាពេលខាងមុខ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក ឈួន វិ​ន បាន​ពន្យល់​ត្រួសៗ​អំពី​ពាក្យ​គន្លឹះ​មួយចំនួន​ទាក់ទង​នឹង​បច្ចេកវិទ្យា ក្នុងនោះ​មានដូចជា​៖ ប្រជាពលរដ្ឋ​ឌីជីថល សំដៅ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ប្រើ​បច្ចេកវិទ្យា​ក្នុង​ការងារ​ទូទៅ​ប្រចាំថ្ងៃ​របស់ខ្លួន សង្គម​ឌីជីថល សំដៅ​ទៅលើ​ការទំនាក់ទំនង​គ្នា​ក្នុងសង្គម ដែល​ប្រើ​បច្ចេកវិទ្យា ឧស្សាហកម្ម​៤.០​សំដៅ​ទៅលើ​វិស័យ​ឧស្សាហ​កម្មណា ដែល​ពង្រឹង​ការងារ​ផលិតកម្ម សេវាកម្ម និង​ការងារ​ដឹកជញ្ជូន​រប​ស់​ខ្លួន​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល និង​ស្មា​ត​ស៊ី​ធី (Smart City) សំដៅ​ទៅលើ​ការងារ​អភិវឌ្ឍន៍​នគររូបនីយកម្ម និង​សំណង់ បូក​ជាមួយនឹង​ការងារ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ដឹកជញ្ជូន​ឆ្លាត​វៃ​(ITS) ដែល​ក្រសួង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​គំនិត​ផ្តួចផ្តើម​នេះ​។​

​ទាក់ទង​នឹង​ការវិវត្តន៍​ចុងក្រោយ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា លោក​រដ្ឋលេខាធិការ បាន​សង្កេតឃើញថា​៖ នៅ​កម្ពុ​ជាមាន​រីកចម្រើន​ច្រើន​ទាក់ទង​នឹង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ពិសេស​តាម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម រវាង​អ្នកប្រើប្រាស់​និង​អាជីវករ នៅក្នុង​បរិបទ​ប្រទេសជាតិ​កំពុង​ឆ្លងកាត់​គ្រា​លំបាក​ពី​ជំងឺ​កូ​វីដ​-១៩​នេះ​ដែល​ស្ថាន​ការ​នេះ​បាន​បង្ខំ​ឱ្យ​ពួកគាត់​ចាំបាច់​ត្រូវ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ការទំនាក់ទំនង​សង្គម បើ​មិន​ដូច្នោះ​ទេ ពួកគាត់​មិនអាច​ទិញ​ទំនិញ​បានឡើយ​។​

​លោក​រដ្ឋលេខាធិការ បាន​ក៏​លើកឡើង​ផងដែរ អំពី​សមិទ្ធផល​សម្រេច​បាន និង​កំពុង​បន្ត​របស់​ក្រសួង ក្រោម​ការដឹកនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ទាក់ទង​នឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដោយ​ក្នុងនោះ រួមមាន​៖ ប្រព័ន្ធ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ ការប្រឡង​យក​បណ្ណ​បើកបរ​តាម​ប្រព័ន្ធ​អន​ឡាញ ជាដើម ដែលមាន​ទីតាំង​នៅតាម​ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ ផ្សារ​ទំនើប​ហេ​រី​ថេ​ក​វ៉ក ខេត្ត សៀមរាប និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត ក្នុង​គោលដៅ​ដើម្បី​បង្ខិត​សេវា​ទៅ កៀក​នឹង​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​អភិវឌ្ឍ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ការប្រឡង ទ្រឹស្ដី​បើកបរ​តាម​អន​ឡាញ កម្មវិធី​កាត់​ពិន្ទុ​បណ្ណ​បើកបរ និង​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​។​

​ជាងនេះទៅទៀត ក្រសួង​សម្រេចបាន​នូវ​ត​ភ្ជាប់​ប្រព័ន្ធ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ពន្ធគយ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​របស់​រដ្ឋ​អាច​ផ្ដល់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​។

​សូម​ជម្រាបជូន​ថា​៖ ផែនការមេ​បច្ចេកវិទ្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នេះ រួមមាន​បួន​ផ្នែក​សំខាន់​គឺ​៖ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការផ្ដល់​សេវាសាធារណៈ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​វិស័យ​សាធារណៈ ការគាំទ្រ​រដ្ឋបាល​ផ្ទៃក្នុង និង​ការតភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ​ទាំង​ក្នុង ក្រៅ​ស្ថាប័ន​៕​