អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​: ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​គឺជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​

1054
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ទេសរដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជំរាបជូន​អនុរដ្ឋមន្ត្រី​ការបរទេស​អចិន្ត្រៃយ៍​អង់គ្លេស អំពី​ការត្រៀម​រៀបចំ​សម្រាប់​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយមាន​ការតាំង​ចិត្ត​ខ្ពស់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ដោយ​តម្លាភាព​។ ប៉ុន្តែ​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​បានបញ្ជាក់​ថា ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​កម្ពុជា គឺជា​កត្តា​មួយ​សំខាន់​សម្រាប់​កម្ពុជា​។

​ការ​ថ្លែង​បញ្ជាក់​របស់​ភាគី​ទាំងពីរ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​គ្នា​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ​លោក សាម៉ុន ម៉ាក​ដូ​ណា​ល់ (Sir Simon Mc Donald) អនុរដ្ឋមន្ត្រី​ការបរទេស​អចិន្ត្រៃយ៍​អង់គ្លេស កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស​។

​លោក សាម៉ុន ម៉ាក​ដូ​ណា​ល់ អនុរដ្ឋមន្ត្រី​ការបរទេស​អចិន្ត្រៃយ៍​អង់គ្លេស​បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា គឺជា​កត្តា​មួយ​សំខាន់​សម្រាប់​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​ជុំ សុន្ទរី បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ពិភាក្សា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​អនុរដ្ឋមន្ត្រី​ការបរទេស​អចិន្ត្រៃយ៍​អង់គ្លេស បាន​ស្រប​យោបល់​គ្នា​ថា ថ្វីត្បិតតែ​វា​មាន​ចំណុច​មិនទាន់​ឯកភាពគ្នា​មួយចំនួន​នៅលើ​ដំណើរការ​វិវត្តន៍​ផ្នែក​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ប៉ុន្តែ​អនុរដ្ឋមន្ត្រី​ការបរទេស​អចិន្ត្រៃយ៍​អង់គ្លេស​បានបញ្ជាក់​ថា ជា​បំណង​របស់​អង់គ្លេស គឺ​ចាំបាច់​ត្រូវ​ស្វែងរក​ចំណុចរួម​សម្រាប់​ការបន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដូចដែល​ប្រទេស​ទាំងពីរ​ធ្លាប់​បានធ្វើ​កន្លងមក​។ ហើយ​រដ្ឋាភិបាល​អង់គ្លេស​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុ​ជាត​ទៅមុខទៀត​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ