ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា គឺជំងឺពុកស្បែក ឫដុំពកស្បែក កំពុងតែរីករាលដាលនៅកម្ពុជា ។
ប្រភពដដែលបានអះអាងថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) កំពុងតែរីករាលដាលនៅខេត្តចំនួន ១៩ ដោយខេត្តដែលច្រើនជាងគេ គឺ នៅបាត់ដំបង ដែលមាន ជិត ២០០០ ក្បាល កំពង់ស្ពឺ ជាង ៨០០ ក្បាល សៀមរាប ជាង ៦០០ ក្បាល ។
ប្រភពដដែលបានអះអាងថា រហូតមកដល់ពេលថ្ងៃទី ២៩ ខែកក្កដានេះមានករណី គោឈឺចំនួន ៦.៨០៤ករណី ក្នុងនោះសត្វបានជាសះស្បើយចំនួន៦៥% និងកំពុង ឈឺនៅឡើយមាន៣៥% សត្វបានងាប់ចំនួន១% ដោយភាគច្រើនលើកូនគោ។
ជំងឺនេះផ្ទុះជាលើកដំបូងនៅឆ្នាំ១៩២៩ នៅប្រទេសស៊ាំប៊ី ហើយបានឆ្លងរាលដាល នៅទ្វីបអាហ្វ្រិកទាំងមូល បន្ទាប់មក មានមជ្ឈឹមបូព៌ា អឺរ៉ុបបែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្ករការខូចខាតដ៏ធ្ងន់ធ្ងរដល់គ្រួសារកសិករ ចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
ប្រទេសវៀតណាមវិញ ជំងឺដុំពកលើស្បែកនេះផ្ទុះចាប់ពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមេសាឆ្នាំ២០២១ មានចំនួន៤១កន្លែង ។ ប្រទេសឡាវមានករណី ជំងឺចាប់ផ្តើមតាំងពីខែចុងខែឧសភា រហូតមកដល់ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៩កន្លែង។
ចំណែកឯនៅប្រទេសថៃមានករណីជំងឺនេះផ្ទុះជំងឺនេះផងដែរ ចាប់ពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ខែកក្កដា ឆ្នាំ២០២១ ថ្មីៗ នេះ មានផ្ទុះនៅចំនួន១៨៤កន្លែង ជាពិសេសនៅតំបន់ដែលមានព្រំប្រទល់ជាប់កម្ពុជាមានដូចជា ខេត្តសុរិន្ទ ខេត្តបុរីរាំ ខេត្តអ៊ូប៊ុន រ៉ាតឆាថានី និងខេត្តស៊ីសាកេតជាដើម។
ចំណែកនៅប្រទេសកម្ពុជាបានចាប់ផ្តើមផ្ទុះករណីនៃជំងឺនេះ នៅដើមខែមិថុនា ឆ្នាំ២០២១ ជាដំបូងនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ ព្រំដែនថៃមួយចំនួនទៀត៕/PC