ដោយៈសោម ប៊ុនថន អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត/ភ្នំពេញៈបទចម្រៀងបានជួយធ្វើឲ្យមនុស្សមានអារម្មណ៍ផ្លាស់ប្តូរ ការគិតពិចារណា និងជួយធ្វើឲ្យមានការផ្សះផ្សាផ្លូវចិត្ត។ រហូតមកដល់ពេលនេះមានរយៈពេល៤២ឆ្នាំមកហើយ បទចម្រៀង «ឱ! ភ្នំពេញអើយ» នៅតែដក់ជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលបានឆ្លងកាត់របបខ្មែរក្រហមប្រមាណ ជាង៥លាន់នាក់ ដែលកំពុងនៅរស់រានមានជីវិត។
បទចម្រៀង «ឱ! ភ្នំពេញអើយ» និពន្ធដោយលោក កែវ ចិន្តា នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ គឺជាបទចម្រៀងទីមួយដែលត្រូវបានចាក់ផ្សាយបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ បទចម្រៀង «ឱ! ភ្នំពេញអើយ» ត្រូវបានច្រៀងឡើងវិញដោយអ្នកនាង ពេជ្រ ចរិយា នៅពេលនេះ បានរំឭកអំពីការចងចាំ ប្រវត្តិសាស្ត្រ និងរឿងរ៉ាវរន្ធត់ ដែលប្រជាជនកម្ពុជាបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ប្រជាជនកម្ពុជានឹងបានស្តាប់បទចម្រៀង «ឱ! ភ្នំពេញអើយ» គឺជាទម្រង់បទចម្រៀងថ្មីដែលនឹងជួយឲ្យមានការគិតពិចារណាឡើងវិញអំពីអំពើឃោរឃៅដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ជួយឲ្យបានធូរស្បើយអារម្មណ៍ និងជួយឲ្យយកឈ្នះលើអតីតកាលដ៏ឈឺចាប់។
សេន វាសនា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង ដែលបានស្តាប់បទចម្រៀង «ឱ!ភ្នំពេញអើយ» ច្រៀងដោយអ្នកនាង ពេជ្រ ចរិយា សរសេរថា «បន្ទាប់ពីខ្ញុំបានស្ដាប់បទនេះអមដោយរូបភាព ខ្ញុំមានអារម្មណ៍ថា អាណិតឈឺចាប់ខ្លោចផ្សា ហើយបទនេះបានបង្ហាញអំពីទុក្ខលំបាករបស់បងប្អូនប្រជាជនដែលរងគ្រោះពីរបបខ្មែរក្រហម»។
សុខ ចន្ទ្រា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង សរសេរថា «បទនេះពិរោះរណ្ដំលាយឡំជាមួយភាពកម្សត់ និងចាក់ចូលជ្រៅទៅក្នុងចិត្ត ធ្វើឲ្យអ្នកស្តាប់នឹកឃើញដល់អតីតកាលឈឺចាប់ នឹកដល់ដួងព្រលឹងជាតិ ហើយក៏ធ្វើឲ្យធូរស្បើយក្រោយការវិលមកសន្តិភាពវិញ»។
ទេព ម៉ាលីណា អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តស្វាយរៀង សរសេរថា «បទនេះពិរោះ ហើយកម្សត់។ ពេលខ្ញុំស្តាប់បទនេះចប់ ខ្ញុំមានអារម្មណ៍ក្តុកក្តួល ព្រោះឃើញរូបភាព និងអត្ថន័យបទចម្រៀងប្រៀបដូចឃើញហេតុការណ៍ជាក់ស្តែងផ្ទាល់ភ្នែកពីការឈឺចាប់ លំបាកវេទនារបស់ប្រជាជនខ្មែរនៅក្នុងរបបខ្មែរក្រហម»។
បច្ចុប្បន្នអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រមាណ៥០០នាក់ នៅតាមទីជនបទដាច់ស្រយាលទូទាំងប្រទេសកម្ពុជា កំពុងធ្វើការងារជួយលើផ្នែកសុខភាព និងស្តាប់នូវរឿងរ៉ាវរបស់ឪពុកម្តាយ យាយតា អ៊ំ ពូ មីង ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម៕សន
(ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សូមទស្សនាវីដេអូនៅតំណភ្ជាប់ខាងក្រោម៖