ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង បានសម្រេច​បិទ​ផ្សារ​ចំនួន ពីរ លើក សរុប​ចំនួន ៤៩ ផ្សារ ចាប់ពី​ថ្ងៃទី ០១ ខែសីហា តទៅ ដើម្បី​ទប់ស្កាត់​ការ​រាល ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រោយ​តំបន់​ប្រជុំជន​ខាងលើ ប្រឈម​ខ្លាំង នូវ​ការ​រាល​ឆ្លង នូវ​ជំងឺ​កូ​វីដ​-១៩​។​

​នៅ​ថ្ងៃទី ៣១ ខែកក្កដា និង​ថ្ងៃទី ០១​ខែសីហា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​លិខិតផ្លូវការ​មួយ សម្រេច​អនុវត្ត​វិធានការ​រដ្ឋបាល ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​។

សេចក្តីសម្រេច ក្នុង​គ្រាអាសន្ន​នេះ ត្រូវបាន​បិទ​ខ្ទប់ ជា​បណ្តោះអាសន្ន នូវ​ទីតាំង ផ្សារ​មួយចំនួន ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង រយ​:​ពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ ក្នុង​គោលបំណង ទប់ស្កាត់​ការឆ្លង​រាលដាល ក្នុង​សហគមន៍ នូវ​មេរោគ​កូ​វីដ​-១៩ ពិសេស​ប្រភេទ​បំប្លែង​ថ្មី ( ដែល​តា ) ព្រោះ​ចុង ក្រោយនេះ បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី មានការ​កើនឡើង គួរ​ឲ្យ​ព្រួយបារម្ភ​។​

​ប្រភព​ដដែល បានបង្ហាញ​បន្តថា​÷ ទីតាំង​ផ្សារ​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ រួមមាន​ផ្សារ នៅក្នុង​ទីប្រជុំជន​ក្រុង ចំនួន ២០ និង​ទីផ្សារ នៅតាម​បណ្តា​ស្រុក​នានា ចំនួន ២៩ ផ្សេងទៀត​។ ចំពោះ​ទីតាំង​ផ្សារ ដែលមាន​ទីតាំង​នៅក្នុង​ក្រុង មានដូចជា​: ផ្សារ​ធំ​បាត់ដំបង ហៅ​ផ្សារណាត់​, ផ្សា​របឹង​ឈូក​, ផ្សារ​អប្សរា​ផ្សារលើ​, ផ្សារ ១៣​មករា​, ផ្សារ​រោងល្ខោន​, ផ្សារ​ភូ​ពុ​យ​, ផ្សារ​វត្ត​លៀប​, និង​ផ្សារ​ពោធិ​វង្ស ជាដើម ។ ចំណែក ឯ​ផ្សារ​នៅតាម​ទីប្រជុំជន​ស្រុក ចំនួន ១៩ ទៀត មាននៅ​ក្នុងស្រុក​ថ្មគោល ចំនួន ២​ផ្សារ​, ស្រុក​សង្កែ​ចំនួន ៦​ផ្សារ​, ស្រុក​មោងឫស្សី ចំនួន ៩​ផ្សារ ស្រុក​ឯក​ភ្នំ​ចំនួន ៧​ផ្សារ និង​ផ្សារ​នៅក្នុង​ស្រុក​កំរៀង ចំនួន ២​ផ្សារ​។​

​ក្នុងអំឡុងពេល​បិទ​ខ្ទប់ បណ្តោះអាសន្ន​នេះ រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ហ៊ុមព័ទ្ធ និង​ផ្អាក​ការចេញចូល​នានា ហើយ​ត្រូវ​កំណត់​ទីតាំង លក់ដូរ​ថ្មី ជា​បណ្តោះអាសន្ន សម្រាប់​ការលក់ដូរ​គ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ ឬ​សម្ភារ​:​ប្រើប្រាស់ ប្រចាំថ្ងៃ​ចាំបាច់​ផ្សេងៗ ដោយ​ត្រូវ​រក្សា​គម្លាត ទីកន្លែង​លក់ដូរ ពី ២ ទៅ ២,៥ ម៉ែត្រ ក្នុងករណី​អនុវត្ត​មិនបាន ត្រូវ​បញ្ឈប់​ការលក់ដូរ ហើយ​កំណត់​ទាំង​អ្នកលក់ និង​អ្នកទិញ ត្រូវ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល មាន​ជែ​ល​លាង​សម្អាត​ដៃ ជាប់​ជាប្រចាំ ។ លើសពីនេះ ត្រូវអនុវត្ត​ផាកពិន័យ អន្តរការណ៍ ចំពោះ​ជន​ដែល មិន​គោរព វិធានការ​រដ្ឋបាល សុខាភិបាល រដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តបាត់ដំបង ជាដាច់ខាត​៕/V​-PC