ដោយៈWWFកម្ពុជា/ភ្នំពេញៈបច្ចុប្បន្នមន្ត្រីល្បាតកំពុងស្ថិតនៅជួរមុខរួមចំណែកគ្រប់គ្រងភាពអាសន្ននៃវិបត្តកូវីដ១៩ ហើយពួកគេដើរតួនាទីស្នូលក្នុងការការពារវប្បធម៌ និងការរស់នៅរបស់ប្រជាជនដែលពឹងអាស្រ័យ និងមិនអាចកាត់ផ្តាច់ចេញបានពីធម្មជាតិ។មន្ត្រីល្បាតគឺជាឆ្អឹងខ្នងនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាទាំងនៅតំបន់ដីគោកនិងតំបន់ទឹក។
រាជរដ្ឋាភិបាលកម្ពុជានិងអង្គការWWFបាននិងកំពុងសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត និងតំបន់ព្រៃលិចទឹកមេគង្គ ដោយក្នុងនោះមានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីឆ្មាំទន្លេសរុប ចំនួន ២០០ នាក់កំពុងធ្វើការជាប់លាប់ទាំងថ្ងៃទាំងយប់ដើម្បីថែរក្សានិងការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធសេវាអេកូឡូស៊ីដែលផ្គត់ផ្គង់ដល់ការរស់នៅរបស់មនុស្ស និងសត្វ ក្នុងនោះមានអាហារ ទឹក ខ្យល់បរិសុទ្ធ ប្រភពថាមពលក៏ដូចជាឱកាសការងារដែលអាចផ្តល់ប្រាក់ចំណូលគ្រួសារសម្រាប់សហគមន៍មូលដ្ឋាន។ បន្ថែមពីលើការអនុវត្តភារកិច្ចដោយមន្ត្រីល្បាត សមាជិកសហគមន៍សរុបចំនួន ៦៦០ នាក់ផ្សេងទៀតក៏បាន និងកំពុងចូលរួមក្នុងសកម្មភាពល្បាតជាប្រចាំនៅក្នុងតំបន់ការពារព្រៃសហគមន៍។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីល្បាតត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗរួមមានដូចជាទឹកជំនន់ អគ្គីភ័យ សត្វដែលអាចបង្កគ្រោះថ្នាក់ ជំងឺដូចជំងឺគ្រុនចាញ់ គ្រុនឈាម កូវីដ១៩ ក៏ដូចជាត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសខណៈពួកគេចុះអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ និងនេសាទខុសច្បាប់។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា «ខណៈពេលប្រជាជនយើងជាច្រើនបន្តធ្វើការពីផ្ទះក្នុងកំឡុងពេលនៃការរីករាលដាលនៃកូវីដ១៩ មន្ត្រីល្បាតទាំងអស់កំពុងអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួននៅជួរមុខនៃការអភិរក្សធនធានធម្មជាតិ។»
រាប់ចាប់ពីការដោះអន្ទាក់ចេញពីទីជម្រកសត្វព្រៃ ការទប់ស្កាត់ការបរបាញ់សត្វព្រៃខុសច្បាប់ និងការបំផ្លាញជម្រកព្រៃឈើដូចជាការកាប់ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ជាដើម រហូតដល់ការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ មន្ត្រីល្បាតបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ក្នុងការពង្រឹងការអនុវត្តច្បាប់កម្ពុជា ជាធរមាន និងបញ្ឈប់ការប៉ះពាល់ផ្ទាល់រវាងមនុស្សនិងការជួញដូរសត្វព្រៃដែលអាចបង្កគ្រោះថ្នាក់ខ្ពស់។
លោក កែវ សុភគ៌ បានបន្ថែមទៀតថា៖ «កាតព្វកិច្ចរបស់មន្ត្រីល្បាតមិនត្រឹមតែទប់ស្កាត់បទល្មើសសត្វព្រៃ ការពារទីជម្រកព្រៃធម្មជាតិប៉ុណ្ណោះទេ មន្ត្រីយើងក៏អនុវត្តការងារដើម្បីបង្ការហានិភ័យនៃការចម្លងមេរោគផ្សេងទៀតកុំឲ្យឆ្លងពីសត្វទៅមនុស្សផងដែរ។»
ជាលទ្ធផលក្នុងឆមាសទីមួយឆ្នាំ២០២១នេះ ការបង្ក្រាបសកម្មភាពជួញដូរសត្វព្រៃខុសច្បាប់រឹបអូសបានសាច់សត្វព្រៃខុសច្បាប់សរុបចំនួន៦០គីឡូក្រាម ដែលមន្ត្រីល្បាតបានដុតបំផ្លាញចោល។ សម្រាប់រយៈពេលប្រាំឆ្នាំចុងក្រោយនេះ សាច់សត្វព្រៃខុសច្បាប់សរុបចំនួន៣.៣១៩គីឡូក្រាម ក្នុងរួមមានសាច់សត្វឈ្លូស អណ្តើកព្រេច ជ្រូកព្រៃ ត្រកួត កាំប្រមា ទន្សោង ខ្ទីង និងក្ងោកបៃតង ព្រមទាំងសត្វព្រៃស្លាប់ចំនួន១៧៦ក្បាលផ្សេងទៀត ត្រូវក្រុមមន្ត្រីល្បាតរឹបអូសបាន មុនពេលគេយកទៅប្រើប្រាស់ជាអាហារ និងឱសថ។
ឱកាសទិវាមន្ត្រីល្បាតពិភពលោកឆ្នាំនេះ អង្គការWWF សូមអរគុណដោយក្តីគោរពចំពោះការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីល្បាតទាំងអស់ក្នុងការថែរក្សានិងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងទន្លេនៅក្នុងប្រទេសកម្ពុជា។
លោក សេង ទៀក នាយកអង្គការWWF-កម្ពុជា បានមានប្រសាសន៍ថា៖ «អង្គការWWF សូមកោតសរសើរដល់មន្ត្រីល្បាតទាំងអស់ដែលមានការលះបង់ខ្ពស់ក្នុងការបំពេញភារកិច្ចនៅជួរមុខជាប្រចាំថ្ងៃដើម្បីបុព្វហេតុការពារទ្រព្យសម្បត្តិធម្មជាតិរបស់កម្ពុជាយើង ជាពិសេសក្នុងកំឡុងពេលនៃវិបត្តិជំងឺឆ្លងកូវីដ១៩។»
ការសិក្សាថ្មីមួយដោយអង្គការWWF បានបង្ហាញថាសត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅនៃការបរបាញ់ខុសច្បាប់ និងការចាប់ដោយការដាក់អន្ទាក់ រួមមានសត្វជ្រូកព្រៃ សំពោច និងពង្រូលជាដើម សុទ្ធសឹងជាប្រភេទសត្វមានលទ្ធភាពខ្ពស់ក្នុងការចម្លងមេរោគទៅមនុស្សប្រសិនបើមានការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វទាំងនេះ។
លោក សេង ទៀក បានបន្ថែមទៀតថា៖ «ខណៈអង្គការWWF កំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាគ្រប់អាជ្ញាធរនៅថ្នាក់ខេត្ត ក្នុងការគ្រប់គ្រងតំបន់ការពារព្រៃធម្មជាតិ និងតំបន់អភិរក្សធនធានជលផលនៅក្នុងតំបន់ទេសភាពទាំងពីរ ក្នុងនោះមានការផ្តល់ការគាំទ្រចាំបាច់នានាសម្រាប់ការពង្រឹងការអនុវត្តច្បាប់ដែរ ខ្ញុំសូមអំពាវនាវឲ្យមានការដាក់ចេញនូវវិធានការសមស្របដើម្បីបញ្ឈប់ការជួញដូរសត្វព្រៃ ជាពិសេសប្រភេទថនិកសត្វ សត្វស្លាប និងឧរុង្គសត្វដែលមានលទ្ធភាពខ្ពស់ក្នុងការចម្លងមេរោគទៅមនុស្ស។»
ដើម្បីធានាសុវត្ថិភាព និងសុខភាពល្អជូនប្រជាជនកម្ពុជា ហើយការពារឲ្យបានកុំឱ្យមានការផ្ទុះឡើងនូវការចម្លងមេរោគផ្សេងទៀតពីសត្វទៅមនុស្ស អង្គការWWF កំពុងបន្តអំពាវនាវជាសកលឱ្យមានការទទួលស្គាល់និងអនុវត្តគោលការណ៍សុខភាពតែមួយ ‘One Health’ ដែលផ្សារភ្ជាប់គ្នារវាងសុខភាពរបស់មនុស្ស សត្វ និងបរិស្ថានរួមរបស់យើង ហើយទទូចសុំឱ្យមានការដាក់បញ្ចូលគោលការណ៍នេះទៅក្នុងការធ្វើសេចក្តីសម្រេចស្តីពីគ្រប់គ្រងធនធានសត្វព្រៃ ការប្រើប្រាស់ដីធ្លី និងសេចក្តីសម្រេចលើផែនការអភិវឌ្ឍ។
ការអនុវត្តច្បាប់គឺជាសមាសធាតុសំខាន់មួយសម្រាប់ការគ្រប់គ្រងតំបន់ការពារនៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនិងតំបន់ព្រៃលិចទឹកមេគង្គ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ អង្គការWWF ក្នុងរយៈពេលជាង ២ទសវត្សកន្លងទៅនេះ បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់ការអនុវត្ត និងការពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារ ព្រៃឈើ និងច្បាប់ស្តីពីជលផល ក៏ដូចជាកំពុងអនុវត្តនូវកម្មវិធីផ្សេងៗទៀតដើម្បីគាំទ្រដល់ជីវភាពនិងការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ ព្រមទាំងកម្មវិធីតាមដាននិងស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ទេសភាពទាំងនេះ ដោយសូមថ្លែងអំណរគុណដល់ការគាំទ្រនិងឧបត្ថម្ភពី USAID, THE EUROPEAN UNION, DGD, SDC, BMZ, Sida, GEF/UNEP/MOE, WWF-BELGIUM, WWF-US, WWF-SWEDEN, WWF-SWITZERLAND, WWF-NETHERLANDS, WWF-SINGAPORE, WWF-GERMANY, WWF-INTERNATIONAL, THE KING BAUDOUIN FOUNDATION, ZOO NUREMBERG, TELOS IMPACT.៕សរន
រូបជាវីដេអូសូមចុចលីង