ដោយ ៖ ភ្នំសន្ទុក -ភ្នំស្វាយ / កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំចាប់ផ្តើមអោយអនុវត្តន៍ការផាកពិន័យតឹងរឹងចំពោះភោជនីយដ្ឋានដែលមិនព្រមអនុវត្តន៍ តាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចលេខ ៤៤៨០/២១ ស្តីពីការអនុវត្តន៍វិធានការដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។
លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ថ្ងៃទី២ខែសីហាបានដឹកនាំសហការីក្រុង ស្រុក ចុះពិនិត្យ ផ្សព្វផ្សាយ សេចក្តីសម្រេចដល់ម្ចាស់អាជីវកម្មទីតាំងលក់ដូរគ្រឿងឧបភោគបរិភោពគ្រប់ប្រភេទឲ្យបញ្ឈប់សកម្មភាពជួបជុំ ប៉ុន្តែអនុញ្ញាត្តិឲ្យលក់ដូរវេចខ្ចប់ជាធម្មតា ។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តកំពង់ធំលើកឡើងថា វិធានការបន្ទាន់នេះ គឺអនុវត្តន៍ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំទាំងមូល ធ្វើឲ្យបានជាដាច់ខាតតាមសារាចរលេខ ០៤ ស.រ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងអនុវត្តន៍ឲ្យតឹងរឹងបំផុតតាមសេចក្តីសម្រេចលេខ ៤៤៨០/២១ ស្តីពីការអនុវត្តន៍វិធានការដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត ខណៈដែលការឆ្លងជំងឺកូវីដ១៩កំពុងកើនឡើងសរុបចំនួន១.៨៣០នាក់ ព្យាបាលជាសះស្បើយចំនួន១.១៣៦នាក់ និងមានចំនួនអ្នកស្លាប់សរុប៤៤នាក់ ។
លោកបន្តថា ការអនុវត្តន៍ចំពោះមុខ រដ្ឋបាលក្រុង ស្រុក ទាំងប្រាំបួន ក្នុងខេត្តកំពង់ធំ ត្រូវអនុវត្តន៍ការផាកពិន័យចំពោះ សកម្មភាពមុខរបរអាជីវកម្ម អាជីវកម្មខ្លឹបកម្សាន្ត គ្រប់ប្រភេទ មានខារ៉ាអូខេ រង្គសាល បៀហ្គាឌិន អាជីកម្មម៉ាស្សា ហាងលក់ដូរ សេពគ្រឿងស្រវឹងគ្រប់ប្រភេទ មិនអនុវត្តន៍ការវេចខ្ចប់ មានចេតនាបង្កើតសកម្ម ដែលមិនអនុវត្តន៍តាមសេចក្តីសម្រេចលេខ ៤៤៨០/២១ ជាធរមាន។
ជាក់ស្តែងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៧២នាក់ ជាសះស្បើយចំនួន ១៥នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១.៩៦០នាក់ ស្រី ១.១០០នាក់ ក្នុងនោះបានជាសះស្បើយចំនួន១.១៨៤នាក់ ស្រី ៦៧២នាក់ ស្លាប់ចំនួន ៤៧នាក់ /ស្រី ២៤នាក់ និងកំពុងសម្រាក ព្យាបាលចំនួន ៧២៩នាក់ /ស្រី ៤០៤នាក់៕