ដោយៈសុផល/ភ្នំពេញ:នៅថ្ងៃ ទី ២ ខែសីហា ឆ្នាំ២០២១នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមប្រព័ន្ធ Zoom ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាអនុប្រធាន គណៈទីប្រឹក្សា និងក្រុមប្រតិបត្តិនៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសរុបចំនួន ១៨នាក់។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួនប្រាំគឺ ៖១. របាយការណ៍វឌ្ឍនភាពសង្ខេបនៃការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ឆមាសទី១ ឆ្នាំ២០២១។២. បទឧទ្ទេសនាម ស្តីពី កិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍។៣.បទឧទ្ទេសនាមស្តីពីបច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍និងជំងឺអេដស៍នៅប្រទេសកម្ពុជាឆ្នាំ២០២១។៤. បទឧទ្ទេសនាម ស្តីពីបច្ចុប្បន្នភាពនៃការព្យាបាលអ្នកជំងឺអេដស៍និងរយៈពេលនៃការទទួលបានឱសថប្រឆាំងមេរោគអេដស៍ (MMD) ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩និងរបៀបវារៈទី៥. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃសុខភាពមាតា ទារក និងកុមារ។
លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាទុនបន្ថែមសម្រាប់អនុវត្តការងារបន្តទៅមុខ ទៀតហើយសង្ឃឹមជឿជាក់ថាការប្តេជ្ញាចិត្តរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនឹងបន្តដំណើរការដោយរលូនទៅតាមទិសដៅដែលបានកំណត់ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ៕សរន