ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃចន្ទទី២សីហាថា របបយោធាមីយ៉ាន់ម៉ាកំពុងលេងល្បែងពន្យារពេលជាមួយនឹងការកំណត់ពេលបោះឆ្នោត២ឆ្នាំទៀតនៅពេលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកអ៊ែនថូនី ប្លីងកិន ត្រៀមលើកទឹកចិត្តអាស៊ានអោយតែងតាំងតំណាងម្នាក់ប្រចាំមីយ៉ាន់ម៉ា។
លោកប្លីងកិន នឹងចូលរួមកិច្ចពិភាក្សានៅសប្តាហ៍នេះជាមួយរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ានដែលជាការប៉ុនប៉ងចុងក្រោយមួយរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃដិនដើម្បីចូលរួមពាក់ព័ន្ធជាមួយតំបន់មួយចំពេលអាម៉េរិកប្រជែងជាមួយចិនសំរាប់ឥទ្ធិពលក្នុងតំបន់នេះ។
នៅមុនជំនួបជាមួយអាស៊ាន ប្រមុខយោធាមីយ៉ាន់ម៉ាបានសន្យារៀបចំការបោះឆ្នោតនិងលុបចោលស្ថានភាពគ្រាអាសន្នមួយនៅយ៉ាងយូរត្រឹមខែសីហាឆ្នាំ២០២៣ ដោយពន្យារពេលដែលខ្លួនបានសន្យាកាលពីដំបូងក្រោយយោធាធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុង សាន ស៊ូជីចេញពីតំណែងនៅថ្ងៃ០១ កុម្ភៈ។
មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បាននិយាយថា«ការប្រកាសនេះជាការក្រើនរំលឹកអោយអាស៊ានបង្កើនកិច្ចខិតខំរបស់ខ្លួន ពីព្រោះវាច្បាស់ណាស់ថា របបយោធាភូមាកំពុងពន្យារពេលនិងចង់បានកាលបរច្ឆេទយូរមួយដើម្បីប្រៀបឈ្នះរបស់ខ្លួន។វាកាន់តែជាហេតុផលសំរាប់អាស៊ានត្រូវចូលរួមពាក់ព័ន្ធខ្លាំងឡើង និងរក្សាលក្ខខណ្ឌនៃការមូលមតិ៥ចំណុចដែលមីយ៉ាន់ម៉ាបានចុះហត្ថលេខាផងដែរ»។
សូមបញ្ជាក់ថា ប្រមុខយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុងហ្លាំង បានចូលរួមកិច្ចប្រជុំអាស៊ានមួយស្តីពីវិបត្តិនេះកាលពីខែមេសាដែលនាំដល់ការសំរេចការមូលមតិគ្នាមួយដែលអំពាវនាវអោយបញ្ចប់អំពើហិង្សាជាបន្ទាន់និងតែងតាំងតំណាងអាស៊ានម្នាក់សំរាប់ចរចាជាមួយអាជ្ញាធរមីយ៉ាន់ម៉ា។តែលោកមីន អ៊ុងហ្លាំងក្រោយវិលទោដល់ស្រុក បានដកខ្លួនចេញពីសេចក្តីថ្លែងការណ៍មូលមតិគ្នា៥ចំណុចខាងលើនិងក៏មិនទាន់មានការតែងតាំងតំណាងណាម្នាក់នៅឡើយដែរ៕
ប្លីងកិន ត្រូវជួបពិភាក្សាជាមួយអាស៊ាន៥ថ្ងៃនៅសប្តាហ៍នេះ