ដោយៈសរិទ្ធ/ភ្នំពេញៈ សមត្ថកិច្ចមន្ទីរបង្ក្រាបបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៤គីឡូក្រាមមកតុលាការ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យរូបនេះ ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ៣១ឆ្នាំ បានត្រូវឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤ និង ៤០នាទីរសៀលដោយ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានចុះស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គឺគោលដៅទី១នៅចំណុចផ្ញើអីវ៉ាន់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង និង គោលដៅទី២នៅលំនៅឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងរួមមាន៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប៤១១៤ក្រាម
-សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប១២.៣០ក្រាម
-សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប២១.១០ក្រាម
ដែលមានសារធាតុញៀនសរុប ៤,១៤៧.៤០ក្រាម។
-ម៉ូតូ ២គ្រឿង និងទូរស័ព្ទដៃចំនួន ២ គ្រឿង ៕