ដោយៈសុផល/ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូន ចំពោះ លោក វឿង ឌិញហ្វេ( Vương Đình Huệ) ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលសម័យប្រជុំ លើកទី១ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
នៅក្នុងលិខិតចុះថ្ងៃទី៣ខែសីហាឆ្នាំ២០២១នេះ សម្តេចចក្រី ហេង សំរិន បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូន ចំពោះលោកប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី១៥នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ក្នុងអំឡុងពេលសម័យប្រជុំលើកទី១ កាលពីថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
ក្នុងលិខិតដដែលនេះ សម្តេចចក្រីប្រធានរដ្ឋសភានៃកម្ពុជា មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោក ស្ថាប័ននីតិប្បញ្ញត្តិ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសយើងទាំងពីរ នឹងកាន់តែរីកលូតលាស់បន្ថែមទៀតក្នុងពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរជាបងប្អូន។
ឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ម៉ាសមុខចំនួនរាប់ម៉ឺនម៉ាស ដល់កម្ពុជា ដើម្បីប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានរាតត្បាតប្រទេសជាច្រើន នៅទូទាំងពិភពលោក។
សម្តេចចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតនេះ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជំនួយផ្នែកវេជ្ជសាស្ត្រ៕សរន