ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ កីឡាការិនីរត់ប្រណាំងបេឡារូសម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យទី១ សីហាថានាងកំពុងស្ថិតនៅក្រោមការការពាររបស់ប៉ូលិសជប៉ុនបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកប្រចាំប្រទេសរបស់នាងបានព្យាយាមនិងបរាជ័យក្នុងការនិរទេសនាងដោយបង្ខំបន្ទាប់ពីនាងរិះគន់គ្រូបង្វឹករបស់នាងចំពោះការចុះឈ្មោះនាងក្នុងព្រឹត្តិការណ៍ខុស។
អ្នករត់ប្រណាំងឈ្មោះ គ្រីស្ទីណា ធីម៉ាណូវស្កាយ៉ា បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យនៅលើបណ្តាញសង្គម Instagram ថានាងបានស្វែងរកការការពារនៅប្រទេសជប៉ុនព្រោះនាងបារម្ភពីសុវត្ថិភាពរបស់នាងនៅបេឡារូស ទីដែលបុរសខ្លាំង អាឡិចសាន់ឌ័រ លូកាសិនកូ បានកាន់អំណាចអស់រយៈពេល ២៧ ឆ្នាំហើយបានព្យាយាមបំបិទសំឡេងប្រឆាំង។
នាងធីម៉ានូវស្កាយ៉ាបានប្រាប់វេបសាយព័ត៌មានឯករាជ្យបេឡារូស Zerkalo.ioថា “ខ្ញុំបារម្ភថា នៅបេឡារូស ពួកគេអាចនឹងចាប់ខ្ញុំដាក់គុក”។
នាងបាននិយាយថា “ខ្ញុំមិនខ្លាចត្រូវគេបណ្តេញចេញឬទាត់ចោលពីក្រុមជម្រើសជាតិទេ ខ្ញុំព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំ ហើយខ្ញុំគិតថានៅពេលនេះវាមិនមានសុវត្ថិភាពសម្រាប់ខ្ញុំនៅបេឡារូសទេ”។
គណៈកម្មាធិការអូឡាំពិកជាតិបេឡារូសដែលគ្រប់គ្រងដោយកូនប្រុសច្បងរបស់លោកលូកាសិនកូគឺលោក វីកទ័រ លូកាសិនកូ បាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានដកនាងធីម៉ានូវស្កាយ៉ាចេញពីការប្រកួត ដោយសារតែ “ស្ថានភាពអារម្មណ៍និងផ្លូវចិត្តរបស់នាង” បន្ទាប់ពីពិគ្រោះជាមួយវេជ្ជបណ្ឌិត។
នាងធីម៉ានូវស្កាយ៉ាបានបដិសេធថាមិនត្រូវបានពិនិត្យដោយគ្រូពេទ្យទេហើយនិយាយថានាងមានសុខភាពរាងកាយនិងផ្លូវចិត្តល្អណាស់។ នាងនិយាយថានាងត្រូវបានបណ្តេញចេញពីក្រុមជម្រើសជាតិដោយបង្ខំ ព្រោះ “ខ្ញុំបាននិយាយនៅលើ Instagram របស់ខ្ញុំអំពីការធ្វេសប្រហែសរបស់គ្រូបង្វឹកយើង”។
នៅក្នុងវីដេអូដែលថតនៅអាកាសយានដ្ឋានហាណេដានៃទីក្រុងតូក្យូ នាងបានសុំជំនួយពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ IOCបាននិយាយថាខ្លួនបានទាក់ទងផ្ទាល់ជាមួយនាងធីម៉ានូវស្កាយ៉ា។ IOC បាននិយាយថានាងបានស្ថិតនៅឯអាកាសយានដ្ឋានហាណេដាហើយត្រូវបានអមដំណើរដោយសមាជិកម្នាក់នៃអូឡាំពិកក្រុងតូក្យូ ២០២០ ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា “នាងបានប្រាប់យើងថានាងមានអារម្មណ៍សុវត្ថិភាពហើយ”។
អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា នាងធីម៉ានូវស្កាយ៉ាមានសុវត្ថិភាពហើយ។
នាយកខុទ្ទកាល័យលោកកាតស៊ូណូប៊ូ កាតូក៏បានប្រាប់សន្និសីទសារព័ត៌មានដែរថា អាជ្ញាធររួមទាំង IOC កំពុងធ្វើការដើម្បីបញ្ជាក់ពីចេតនារបស់នាងហើយជប៉ុននឹងចាត់វិធានការសមស្របក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សេងទៀត៕
នាង គ្រីស្ទីណា ធីម៉ាណូវស្កាយ៉ា ឥឡូវមានសុវត្ថិភាពក្នុងប្រទេសជប៉ុន